កីឡាអន្តរជាតិ
អន្តរជាតិ
Frankfurt ថ្កោលទោសអ្នកគាំទ្រដែលធ្វើសញ្ញា ណាស៊ី ក្នុងជ័យជម្នះលើកដំបូងនៅ UCL
14, Sep 2022 , 2:59 pm        
រូបភាព
​Eintracht Frankfurt ថ្កោលទោសអ្នកគាំទ្រចំពោះការធ្វើសញ្ញាណាស៊ី ក្នុងការប្រកួត Champions League ដែលរកបានជ័យជម្នះលើក្រុមបារាំង Olympique Marseille ក្នុងលទ្ធផល ១-០ នៅថ្ងៃទី១៣ ខែកញ្ញា។ នេះជាជ័យជម្នះលើកដំបូងរបស់ Frankfurt នៅក្របខណ្ឌអឺរ៉ុបវគ្គសន្សំពិន្ទុពូល D ខណៈការប្រកួតគ្របដណ្តប់ដោយបញ្ហាពីអ្នកទស្សនា។



គ្រាប់បាល់នាំមុខ ១គ្រាប់នៅវគ្គទីមួយ បានជួយពាំនាំក្រុមម្ចាស់ជើងឯក Europa League មួយនេះអាចស្វែងរកបាននូវជ័យជម្នះខ្លួនលើកដំបូងបង្អស់នៅ Champions League និងធ្វើឱ្យ Frankfurt បន្តភាពមិនដែលចាញ់របស់ខ្លួនក្រៅទឹកដី ក្នុងពានរង្វាន់លំដាប់អឺរ៉ុបទាំង ៧ប្រកួតដែលបានប្រកួត។

តែទោះជាយ៉ាងនេះក្តី ជ័យជម្នះរបស់ក្រុមដែលដឹកនាំដោយលោក Oliver Glasner ត្រូវបានរំខានដោយហ្វូងមនុស្សដែលបានចូលទស្សនាការប្រកួតនោះ។ បើតាមរយៈវីដេអូឃ្លីបដែលត្រូវបានបង្ហោះលើបណ្តាញសង្គម អ្នកគាំទ្រ ក្រុមទាំងសងខាងបានព្យាយាមគុបកាំជ្រួចភ្លើងសំដៅដាក់គ្នាទៅវិញទៅមក។ ចំណែកវីដេអូផ្សេងទៀតបានបង្ហាញអ្នកគាំទ្រមួយចំនួនស្ថិតក្នុងចំណោមអ្នកគាំទ្រ​​ Frankfurt បានលើកដៃទៅមុខ ដែលជាសញ្ញាសម្គាល់មួយក្នុងរបបណាស៊ី។ ការលើកដៃបែបនេះ ត្រូវបានស្គាល់ថាជាសញ្ញានៃការគោរពរបស់មេដឹកនាំបង្កសង្រ្គាមលោកលើកទី២ អាឌុល ហ៊ីត្លែរ ហើយសញ្ញានេះក៏ត្រូវបានគេហាមឃាត់ ក្រោយសង្គ្រាមបានបញ្ចប់ទៅ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុម ​Frankfurt បានថ្កោលទោសចំពោះទង្វើមិនគួរគប្បីទាំងនោះ។ 

«ក្លិបបានផ្តាច់ខ្លួនចេញទាំងស្រុងចំពោះឧប្បត្តិហេតុដែលកើតឡើងក្នុងជំនួបវគ្គសន្សំពិន្ទុ UEFA Champions League រវាងក្រុម Olympique de Marseille និង Eintracht Frankfurt ដែលកាយវិការស្រដៀងទៅនឹងកាយវិការណាស៊ីបានកើតមានឡើង។ ចំពោះបញ្ហាទាំងនេះ Eintracht Frankfurt នឹងស៊ើបអង្កេតលម្អិតអំពីព្រឹត្តិការណ៍និងអាកប្បកិរិយារបស់អ្នកពាក់ព័ន្ធ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Eintracht Frankfurt។

Frankfurt កាលពីរដូវកាលមុនពួកគេបានឈានជើងលេងក្នុងពានរង្វាន់អឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Europa League ហើយពួកគេក្លាយជាក្រុមជើងឯក Europa League ដោយយកឈ្នះលើកក្រុម Rangers របស់ស្កុតឡែនដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្រោយពួកគេមានគ្រាប់ស៊ុតស្មើគ្នា ១-១។

Eintracht Frankfurt រកបាន ៣ពិន្ទុនៅការប្រកួតជុំទី២ វគ្គសន្សំពិន្ទុ UCL នេះដោយកាលប្រកួតដំបូងពួកគេចាញ់ក្រុម Tottenham Hotspur ​លទ្ធផល ២-០។ ក្រោយបញ្ចប់ការប្រកួត Frankfurt ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ឈរពីក្រោម Spurs ដែលមានបីពិន្ទុដែរ និង Sporting ដែលមាន ៦ពិន្ទុនៅកំពូលតារាង៕
 

Tag:
 Champions League
  Eintracht Frankfurt
© រក្សាសិទ្ធិដោយ thmeythmey.com