ជាតិ
ស្ថានទូត​បារាំងបើកទ្វារ​ឲ្យសាធារណជន​ចូល​ទស្សនា​ក្នុងទិវាបេតិកភណ្ឌ
15, Sep 2022 , 7:59 am        
រូបភាព
ទិដ្ឋភាពក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា
ទិដ្ឋភាពក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាស​នៃ​ទិវា «​បេតិកភណ្ឌ​»ឆ្នាំនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជនឲ្យចូលទស្សនាដោយសេរី នៅថ្ងៃទី១៧ ខែកញ្ញា ក្រោយខកខានប្រារព្ធកាលពីឆ្នាំមុន ដោយសារកូវីដ-១៩។ ទិវាបេតិកភណ្ឌ ក្នុងឆ្នាំនេះ ប្រារព្ធក្រោម​ប្រធានបទ «បេតិកភណ្ឌប្រកបដោយចីរភាព»។

 
ក្នុង​ទិវាបេតិកភណ្ឌ នឹងអនុញ្ញាតឱ្យសាធារណជន សិស្ស និស្សិត មានឱកាស​​ស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ ឧទ្យានស្ថានទូតបារាំង ដែលមានទំហំ៤,៧ហិចតា ជាលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ សម្បូរដោយជីវៈចម្រុះដ៏មានតម្លៃជាច្រើន ដូចជាដើមឈើ២០០ដើម ស្ថិតក្នុង៥០ប្រភេទផ្សេងគ្នា រួមទាំងសត្វមួយចំនួនដែលស្ថានទូតកំពុងចុះបញ្ជី។ ជាមួយគ្នានេះ ស្ថានទូតបារាំង ក៏​បានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃដែលស្ថិតនៅក្នុងឧទ្យានស្ថានទូតផងដែរ។


 
ការចូលទស្សនានេះ នឹងមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ដោយ​អ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយក៏បាន​។ បើតាម​សេចក្ដីជូនដំណឹងរបស់​ស្ថានទូតបារាំង អ្នកទស្សនាក៏នឹងអាចស្វែងយល់អំពីស្នាដៃសិល្បៈមួយចំនួនក្នុងឧទ្យាន រួមទាំងអតីតខ្លោងទ្វារស្ថានទូត។ លើស​ពីនេះ ក៏​មាន​​ការបង្ហាញរូបថតស្ត្រី និងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេលអនាគត។​
 
ស្ថានទូតបារាំង នឹងបើកទ្វារជូនសាធារណជនទស្សនាដោយសេរីពីម៉ោង៨​ព្រឹក ដល់ម៉ោង៤រសៀល ដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ អ្នកទស្សនាត្រូវពាក់ម៉ាស និងគោរពវិធានការសុខាភិបាល។​
 
សូម​បញ្ជាក់ថា ទិវាបេតិកភណ្ឌនៅកម្ពុជា ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលផ្តួចផ្តើមគំនិតដោយប្រទេសបារាំង បច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារបេតិកភណ្ឌល្អឯកផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការ​យូណេស្កូនៅភ្នំពេញ៕






 
  
 
 
 

Tag:
 ស្ថានទូតបារាំង
  ទិវាបេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com