អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រីតួកគី៖ លោក អ៊ែរដូហ្កាន់ និងលោក ពូទីន នឹងពិភាក្សាពីជម្លោះអាមេនី និងអាសែបៃហ្សង់
15, Sep 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធីបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងពិភាក្សា​អំពី​ជម្លោះ​រវាង​កងកម្លាំងអាមេនី និងអាសែបៃហ្សង់នៅពេលដែលមេដឹកនាំ​ទាំងពីរ​ជួប​គ្នា​នៅទីក្រុង Samarkand ទឹកដីអ៊ូបេគីស្ថាន។

 
ការប៉ះទង្កិចគ្នាយ៉ាងខ្លាំងបានកើតឡើងរវាងអាសែបៃហ្សង់ និងអាមេនីតាំងពីថ្ងៃទី១២ ខែកញ្ញា ដែល​បានបណ្ដាលឱ្យទាហានទាំងសងខាងទាំងអស់ជិត ១០០ នាក់បានស្លាប់។ នេះលើកទី​មួយ​តាំងពី​ការ​វាយប្រហារគ្នាកាលពីសង្គ្រាមឆ្នាំ២០២០ ដែលបានស្ងប់ទៅវិញដោយសារតែ​រុស្ស៊ីបានជួយជំរុញឱ្យ​មានកិច្ចព្រមព្រៀងសន្តិភាព។
 
ខណៈរុស្ស៊ីមានតួនាទីសំខាន់ចំពោះការដោះស្រាយវិបត្តិមួយនេះ ឯតួកគីមានទំនាក់ទំនងល្អជាមួយអាស៊ែបៃហ្សង់ មន្ត្រីតួកគីម្នាក់បានអះអាងថា មេដឹកនាំរុស្ស៊ី និងតួកគីនឹងជួបគ្នា​ដើម្បីពិភាក្សា​រក​មធ្យោបាយដើម្បីដោះស្រាយវិបត្តិ។
 
«បញ្ហាមួយនេះនឹងត្រូវបានពិភាក្សាជាមួយលោកពូទីន ពីព្រោះតួនាទីរបស់រុស្ស៊ី និងតួកគីក្នុងការ​បញ្ចប់សង្គ្រាម និងការងាររួមគ្នាជាបន្តបន្ទាប់គឺពិតជាសំខាន់ណាស់»។​ នេះបើតាមការបញ្ជាក់របស់មន្រ្តីតួកគី។ តួកគីបានចាប់ផ្ដើមទាក់ទងជាមួយភាគីផ្សេងៗដើម្បីដោះស្រាយ​បញ្ហាជម្លោះ​រវាង​ប្រទេសទាំងពីរ បញ្ហាត្រូវតែបញ្ចប់ឥឡូវនេះមុននឹងវិវត្តអាក្រក់ជាងនេះទៀត។
 
ជំនួបរបស់ប្រធានាធិបតី អ៊ែរដូហ្កាន់ និងប្រធានាធិបតី ពូទីន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦​ ខែកញ្ញា​នៅ​កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand នៅអ៊ូបេគីស្ថាន៕
 
 
 
 
 

Tag:
 តួកគី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com