កីឡាជាតិ
ជាតិ
លោក Keisuke Honda ថា កីឡដ្ឋានមរតកតេជោ ជាផ្ទះរបស់ខ្លួន
15, Sep 2022 , 11:50 am        
រូបភាព
ដោយ: រួបរួម
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នាព្រឹថ្ងៃទីព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ បានបង្ហោះរូបថតមួយសន្លឹកអំពីទិដ្ឋភាពពីចម្ងាយនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមផ្ទៃមេឃពណ៌ខៀវ និងគ្របដណ្តប់ដោយផ្ទាំងពពក។

 
«ខ្ញុំនៅផ្ទះ។ ខ្ញុំចូលចិត្តទេសភាពនេះ»។ លោក Honda បានសរសេរបែបនេះ សម្រាប់ចំណងជើងរូបថតរបស់ខ្លួន អមដោយផ្ទាំងរូប Emoji ទង់ជាតិខ្មែរ រូបបាល់ទាត់ និងរូបពាក់វែនតា។ 
 
«ផ្ទះ» ក្នុងន័យរបស់អ្នកចាត់ការទូទៅជនជាតិជប៉ុនរូបនេះ គឺសំដៅដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំង ក្រុមការងាររបស់លោកត្រូវប្រមូលផ្តុំកីឡាករបាល់ទាត់ជម្រើសជាតិសម្រាប់ការហ្វឹកហាត់ ក៏ដូចជាការត្រៀមខ្លួនទទួលភ្ញៀវសម្រាប់ជំនួបមិត្តភាពអន្តរជាតិ ការប្រកួតផ្លូវការ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។
 
ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Keisuke Honda គឺធ្វើឡើង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ និងឈុត U23 ដែលត្រៀមសម្រាប់ជំនួបរៀងៗខ្លួន នាពេលខាងមុខ។
 
ក្រុមជម្រើសជាតិ ត្រូវទទួលបង់ក្លាដែស សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី២២ ខែកញ្ញា ពោលគឺពីរថ្ងៃបន្ទាប់ពី U23 ស្វាគមន៍ U23 ជប៉ុន សម្រាប់ជំនួបមិត្តភាពអន្តរជាតិ ដូចគ្នានៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
 
ផ្អែកតាមបញ្ជីឈ្មោះទាំងពីរឈុត កីឡាករជើងចាស់មួយចំនួន នឹងត្រូវបង្ហាញវត្តមានឡើងវិញ ហើយក្នុងនោះក៏មានកីឡាករចំណូលថ្មីផងដែរ។ បញ្ជីឈ្មោះទាំងនេះ ត្រូវបានចេញផ្សាយបន្ទាប់ពីក្រុមការងារគ្រូបង្វឹក បានអនុវត្តការធ្វើតេស្តកម្លាំង (30-15IFT test) ក្នុងការជ្រើសរើសកីឡាករ។
 
ពេញចិត្ត និងមិនពេញចិត្ត! អ្នកពេញចិត្ត នាំគ្នាសរសើរក្រុមការងារគ្រូបង្វឹកដែលផ្តោតលើកម្លាំងកីឡាករជាអាទិភាព ខណៈអ្នកមិនពេញចិត្តបង្ហាញនូវការសោកស្តាយចំពោះកីឡាករមួយចំនួនដែលបានធ្លាក់ចេញពីបញ្ជី ជាពិសេសកីឡាករឆ្នើមៗ ដូចជា កែវ សុខផេង, សុះ ស៊ូហាណា, ទេស សម្បត្តិ និងកីឡាករមួយចំនួនទៀត។
 
អ្នកខ្លះបានសរសេរបែបកំប្លែងថា នេះមិនមែនជាឈុតកីឡាករបាល់ទាត់ទេ ប៉ុន្តែជាឈុតកីឡាកររត់ប្រណាំង ប៉ុន្តែអ្នកខ្លះទៀត ព្យាយាមផ្តល់ហេតុផលថា លោក Honda ទំនងជាប្រើប្រាស់ជំនួបមិត្តភាពអន្តរជាតិ ជាការសាកល្បងមើលសមត្ថភាពកីឡាករដែលតេស្តកម្លាំងជាប់។
 
នារយៈពេលបីថ្ងៃចុងក្រោយនេះ លោក Keisuke Honda បានបង្ហោះសារជាបន្តបន្ទាប់ទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជា។ កាលពីថ្ងៃទី១៣ ខែកញ្ញា ដែលជាការចាប់ផ្តើមអនុវត្តតេស្ត 30-15IFT លោកបានសរសេរថា ជាថ្ងៃដ៏មានសារសំខាន់បំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
 
 
របៀបរត់កម្លាំងអំណត់ ដែលជាភាសាបច្ចេកទេសថា 30-15 Intermittent Fitness Test គឺទាមទារឲ្យកីឡាករទាំងអស់ធ្វើឲ្យបានក្នុងកម្រិតល្បឿន ២០,៥។ នេះជាការអនុវត្តតាមនិយាមអន្តរជាតិ ដោយលោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិ អះអាងថា គ្មានការយោគយល់ឡើយចំពោះកីឡាករដែលតេស្តធ្លាក់។ 
 
ករណីលើកលែងតែមួយគត់សម្រាប់កីឡាករខ្មែរ-អាម៉េរិក ថេឡរ នីកូឡាស់ ឌឿង (ឬ Nick Taylor) ដោយកីឡាករដែលលេងឲ្យក្លិបអាម៉េរិក Orlando City SC រូបនេះ បានជាប់ដោយស្វ័យប្រវត្តិដោយមិនបាច់តេស្តកាយសម្បទា។ ថេឡរ ត្រូវធ្វើដំណើរមកកម្ពុជាសម្រាប់ក្រុមជម្រើសជាតិនាជំនួបមិត្តភាពជាមួយបង់ក្លាដែស៕
 
  
 

© រក្សាសិទ្ធិដោយ thmeythmey.com