អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គណៈកម្មាធិការព្រឹទ្ធសភាអាម៉េរិកអនុម័តសេចក្ដីស្នើច្បាប់ផ្តល់ជំនួយយោធាឱ្យតៃវ៉ាន់
15, Sep 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបថតពីវេបសាយប្រធានាធិបតីតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបថតពីវេបសាយប្រធានាធិបតីតៃវ៉ាន់
ដោយ៖ ហ៊ួយ ស៊ីវលី 
 
គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភានៅថ្ងៃទី១៤ ខែកញ្ញាអនុម័តសំណើច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២ ។ ក្រោមសេចក្ដីច្បាប់នេះ អាម៉េរិកនឹងផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់តៃវ៉ាន់ ហើយពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរតាមរយៈការកែប្រែគោលនយោបាយមួយចំនួនទៀត។
 
ទោះបីចិនបង្ហាញការមិនពេញចិត្តចំពោះឥរិយាបទរបស់អាម៉េរិកមកលើតៃវ៉ាន់កន្លងមកនេះក៏ដោយ អាម៉េរិកនៅតែបន្តសកម្មភាពគាំទ្រតៃវ៉ាន់ដើម្បីទប់ទល់នឹងការគំរាមរបស់ចិន។ ការធ្វើទស្សនកិច្ចពីមន្ត្រីសភា ព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត និងការបន្តលក់សព្វាវុធឱ្យតៃវ៉ាន់ជាដើម សុទ្ធសឹងតែជារឿងធ្វើឱ្យចិនខឹងសម្បារ។ 
 
ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃទី១៤ ខែកញ្ញា បោះជំហានមួយទៀតដោយអនុម័តសំណើច្បាប់ផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់តៃវ៉ាន់ និងដើម្បីពង្រឹងទំនាក់ទំនងភាគីទាំងពីរ ទោះបីវាអាចបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំងក៏ដោយ។
 
ក្នុងសេចក្ដីស្នើច្បាប់គោលនយោបាយតៃវ៉ាន់ដែលអនុម័តដោយគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភានៅថ្ងៃទី១៤ ខែកញ្ញា រដ្ឋាភិបាលនឹងត្រូវផ្តល់ជំនួយចំនួន៤,៥ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ និងគាំទ្រតៃវ៉ាន់ឱ្យចូលរួមនៅក្នុងអង្គការអន្តរជាតិ ដែលជាជំហានមួយនឹងអាចធ្វើឱ្យទីក្រុងប៉េកាំងមិនពេញចិត្ត។
 
សំណើច្បាប់នេះដែលជាការលើកកម្ពស់ទំនាក់ទំនងជាមួយតៃវ៉ាន់កម្រិតខ្ពស់បំផុតនោះ ក៏ចែងពីការដាក់ទណ្ឌកម្មលើចិនផងដែរ ប្រសិនបើចិនប្រើកម្លាំងណាមួយដើម្បីដណ្តើមយកកោះនេះ។ លើសពីនេះ ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិនឹងត្រូវប្តូរឈ្មោះជាការិយាល័យតំណាងតៃវ៉ាន់។ រីឯនាយកនៃវិទ្យាស្ថានអាម៉េរិកប្រចាំទីក្រុងតៃប៉ិ ដែលដើរតួជាស្ថានទូតអាម៉េរិក ក៏នឹងត្រូវប្តូរឈ្មោះជាអ្នកតំណាងវិញ ហើយនឹងត្រូវឆ្លងការយល់ព្រមពីព្រឹទ្ធសភាអាម៉េរិកដូចឯកអគ្គរដ្ឋទូតអាម៉េរិកនៅប្រទេសនានាផងដែរ។
 
សំណើច្បាប់គោលនយោបាយតៃវ៉ាន់នៃឆ្នាំ២០២២ ទទួលបានសំឡេងគាំទ្រពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការព្រឹទ្ធសភា។ 
 
ទាក់ទងនឹងសំណើច្បាប់នេះ ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាលោក Bob Menendez និយាយថា អាម៉េរិកមិនព្យាយាមប្រកាសសង្រ្គាមជាមួយចិន ឬបង្កើនភាពតានតឹងជាមួយចិននោះទេ ប៉ុន្តែអាម៉េរិកត្រូវមើលឱ្យច្បាស់ចំពោះអ្វីដែលខ្លួនកំពុងប្រឈមមុខ។
 
«យើងកំពុងកាត់បន្ថយការគំរាមតៃវ៉ាន់កំពុងប្រឈមមុខយ៉ាងប្រុងប្រយ័ត្ន​ ដោយបង្កើនផលវិបាកឱ្យកាន់តែធ្ងន់ធ្ងរដើម្បីកុំឱ្យការវាយប្រហារតៃវ៉ាន់ដោយកម្លាំងអាចសម្រេចជោគជ័យបាន»។ លោក Menendez បញ្ជាក់បែបនេះ។
 
ចំណែក សមាជិកព្រឹទ្ធសភាអាម៉េរិកម្នាក់ទៀតមកពីគណបក្សសាធារណរដ្ឋលោក Jim Risch បន្ថែមថា ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅតៃវ៉ាន់នឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់អាម៉េរិក ដូចនេះអាម៉េរិកត្រូវធ្វើសកម្មភាពដោយពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់។​
 
សំណើច្បាប់នេះត្រូវបានដាក់ចេញនៅក្នុងខែមិថុនា ដែលពេលនោះចិនប្រតិកម្មថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាត់វិធានការណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ដល់ខ្លួន។ 
 
ការអនុម័តពីគណៈកម្មាធិការព្រឹទ្ធសភានេះជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតគាំទ្រនៅក្នុងព្រឹទ្ធសភាទាំងមូល។ សំណើច្បាប់នេះក្លាយជាច្បាប់បានលុះត្រាតែមានការគាំទ្រពីព្រឹទ្ធសភា សភាតំណាង និងត្រូវចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ផងដែរ។ សំណើច្បាប់នេះរំពឹងថានឹងចូលជាធរមាននៅចុងឆ្នាំ២០២២នេះ៕​
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com