អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក កាត់លុយជំនួយយោធា១៣០លានដុល្លារពីអេហ្ស៊ីបដោយសារបញ្ហាសិទ្ធិមនុស្ស
15, Sep 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al-Sisi។ រូបថត AFP
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al-Sisi។ រូបថត AFP
រដ្ឋបាល ចូ បៃឌិន បានសម្រេចចិត្តដកជំនួយយោធាចំនួន១៣០លានដុល្លារពីកញ្ចប់ជំនួយប្រចាំឆ្នាំសម្រាប់អេហ្ស៊ីប ដោយសារប្រទេសនេះមិនបានបំពេញលក្ខខណ្ឌសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ អាម៉េរិកនៅតែផ្ដល់ជំនួយមួយចំនួនដោយសារតែរដ្ឋាភិបាលអេហ្ស៊ីបក៏បានធ្វើការជុំវិញករណីឃុំខ្លួនអ្នកនយោបាយវិញដែរ។



កន្លងមក ក្រុមការពារសិទ្ធិមនុស្សជាច្រើនបានលើកឡើងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅនៅអេហ្ស៊ីបក្រោមរដ្ឋាភិបាលប្រធានាធិបតី Abdel Fattah al-Sisi រួមទាំងការធ្វើទារុណកម្ម និងការចាប់ខ្លួនជាដើម។ ជុំវិញបញ្ហាសិទ្ធិមនុស្សយ៉ាប់យ៉ឺននេះ មន្រ្តីរដ្ឋាភិបាលអាម៉េរិកអះអាងថា ក្រុងវ៉ាស៊ីនតោនសម្រេចកាត់លុយជាជំនួយយោធាចំនួន១០ភាគរយនៃជំនួយសរុប១៣០ពាន់លានដុល្លារដែលត្រូវផ្ដល់ឱ្យអេហ្ស៊ីប។ 
 
តាមពិតទៅ ក្រុមសិទ្ធិមនុស្សបានជំរុញឱ្យអាម៉េរិកកាត់លុយជំនួយដល់ទៅ៣០០លានដុល្លារេណោះ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានដែលស្រង់សម្ដីមន្ត្រីអាម៉េរិករាយការណ៍ថា មេធាវីនៃក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ពីការកាត់ជំនួយ១០ភាគរយនេះប៉ុណ្ណោះ ដែលជាអត្រាខ្ពស់បំផុតអាចកាត់បានក្នុងឆ្នាំ២០២២នេះ។ 
 
«វិធីសាស្រ្តដែលបានធ្វើនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់រដ្ឋបាលអាម៉េរិកជុំវិញបញ្ហាសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅអេហ្ស៊ីប ខណៈយើងបានខិតខំរក្សាការចូលរួម និងការចរចាក្នុងរយៈពេល ២០ខែចុងក្រោយនេះ»។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ 
 
ចំណែកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បានបដិសេធជុំវិញការចោទប្រកាន់ការឃុំខ្លួនអ្នកទោសនយោបាយ និងបានអះអាងថា ស្ថិរភាព និងសន្តិសុខគឺជារឿងសំខាន់ជាងគេបំផុត ហើយអាជ្ញាធរកំពុងលើកកម្ពស់សិទ្ធិមនុស្សផងដែរ ដោយព្យាយាមផ្ដល់ឱ្យរាល់តម្រូវការចាំបាច់នានាដូចជាការងារ និងផ្ទះសម្បែង។
 
ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានកត់សម្គាល់ថា រដ្ឋាភិបាលទីក្រុងគែរ ក៏បានដោះលែងអ្នកទោសនយោបាយប្រហែល៥០០នាក់ផងដែរ។ ហេតុនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងដំណើរការការផ្ដល់ជំនួយមួយចំនួនវិញប្រមាណ៧៥លានដុល្លារទៅឱ្យអេហ្ស៊ីប។ 
 
បើតាមការលើកឡើងរបស់មន្ត្រីដដែល ទីក្រុងគែរ នឹងទទួលបានលុយជំនួយ៩៥លានដុល្លារបន្ថែមទៀត ដោយសារបានគោរពច្បាប់ទាក់ទងនឹងការប្រឆាំងភេរវកម្ម រក្សាសន្តិសុខព្រំដែន និងការមិនផ្ដល់ជំនួយយោធាទៅបណ្ដាប្រទេសដទៃ។ 
 
គួរបញ្ជាក់ថា អាម៉េរិកជាមួយអេហ្ស៊ីបគឺមានទំនាក់ទំនងនឹងគ្នាច្រើន។ ប្រទេសអារ៉ាប់ដែលមានប្រជាជនច្រើនជាងគេមួយនេះ ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាម៉េរិក ដែលអាម៉េរិកនៅតែប្តេជ្ញាគាំទ្រដើម្បីតម្រូវការការពារខ្លួន៕ 
 

Tag:
 អាម៉េរិក
  អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com