កីឡាជាតិ
ជាតិ
លោក សួង បញ្ញា​ បកស្រាយជុំវិញការប្រៀបធៀប អ្នកប្រដាល់ឥឡូវ ល្អជាងសម័យមុន
15, Sep 2022 , 3:29 pm        
រូបភាព
លោក សួង បញ្ញា (អាវលឿងកណ្តាល) រួមជាមួយសិ្សគុនរបស់លោក នាក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង។ រូបពី Seng Touk
លោក សួង បញ្ញា (អាវលឿងកណ្តាល) រួមជាមួយសិ្សគុនរបស់លោក នាក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង។ រូបពី Seng Touk
ដោយ:
 លោក សួង បញ្ញា គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង បាននិយាយថា «កីឡាករជំនាន់មុនវ៉ៃបានតែថៃកំប៉ិកកំប៉ុកតាមព្រំដែន តែកីឡាករឥឡូវវ៉ៃសុទ្ធតែកីឡាករថៃលំដាប់ៗ»។ ក្រោយមានការរិះគន់ លោក បញ្ញា បានបកស្រាយវិញថា ខ្លួននិយាយត្រឹមជំនាន់លោកប៉ុណ្ណោះ មិនមែនជំនាន់ព្រឹទ្ធាចារ្យមុនៗឡើយ។

 
ក្រោយមានការលើកឡើងរបស់គ្រូបង្វឹកក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿងលោក សួង បញ្ញា នៅក្នុងវិដេអូក្លីបខ្លីមួយ បង្ហោះកាលពីថ្ងៃទី១១ ខែកញ្ញាថា កីឡាករជំនាន់មុនវ៉ៃបានតែថៃកំប៉ិកកំប៉ុកតាមព្រំដែន តែកីឡាករឥឡូវវ៉ៃសុទ្ធតែកីឡាករថៃលំដាប់ៗនោះ លោក ឡុង វិបុល ប្រធានក្លិបប្រដាល់គុនខ្មែរ និងសកល វិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ បានបង្ហោះសារបដិសេធ និងអមដោយរូបថតកីឡាករប្រដាល់ជំនាន់ចាស់មួយចំនួនភ្លាមៗផងដែរ។
 
ជុំវិញការលើកឡើងរបស់លោក បញ្ញា លោក ឡុង វិបុល ប្រាប់មកកាន់សារព័ត៌មានថ្មីៗថា៖«ខ្ញុំមិនដឹងថាគាត់មានបំណងល្អឬអាក្រក់ទេ បើតាមខ្ញុំដឹង សួង បញ្ញា គាត់មិនទាន់ជំនាន់មុន គាត់ដឹងរឿងតិចណាស់»។
 
ជុំវិញរឿងដែលបានផ្ទុះនាពេលថ្មីៗនេះ មានអ្នកស្នេហាវិស័យកីឡាគុនខ្មែរផ្សេងទៀតមិនពេញចិត្តចំពោះលោកគ្រូ សួង បញ្ញាដែរ។  តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដូចជាកីឡាករ ឡុង សុភីបានច្រានចោលចំពោះពាក្យសម្តីរបស់លោក សួង បញ្ញា ថា៖«ខ្ញុំគិតថាគាត់និយាយនេះខុសពីការពិតច្រើនណាស់ហើយ។ កីឡាករជំនាន់មុនឈ្នះកីឡាករថៃលំដាប់កំពូលៗច្រើនណាស់ មិនមែនដូចជាគាត់និយាយទេ ហើយចង់ប្រាប់ថាជំនាន់មុនមានសង្វៀនប្រកួតតែមួយគត់ គឺធីវីប៉ុស្តិ៍លេខ៥។ មិនមាន ប៉ុស្តិ៍ច្រើនប្រកួតឡើយមិនដូចឥឡូវទេ»។ ឡុង សុភី បង្ហោះសារដូច្នេះ។
 
ទាក់ទងនឹងរឿងនេះដែរលោក សួង បញ្ញា ដែលជាម្ចាស់សម្តីចេញបកស្រាយយ៉ាងច្បាស់ៗថា លោកពិតជាបាននិយាយមែនតែលោកនិយាយត្រឹមជំនាន់លោកនៅជាកីឡាករប៉ុណ្ណោះ។ លោកបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទកាលពីថ្ងៃទី១៥ ខែកញ្ញាថា៖«ហ្នឹង!ហើយខ្ញុំមិនបាននិយាយថាកីឡាករពួកគាត់ជំនាន់មុនអន់នោះទេ គ្រាន់តែថាកីឡាករថៃពីជំនាន់មុនវាមិនសូវខ្លាំងអ៊ីចឹងណាស់»។
 
ជាមួយនឹងរឿងរ៉ាវចម្រូងចម្រាសទាក់ទិននឹងបញ្ហាដែលបានកើតឡើងនៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ លោក បញ្ញា បញ្ជាក់បន្ថែមថា៖«អត់ទេអត់មានដល់ជំនាន់មុននោះទេ ខ្ញុំនិយាយតែជំនាន់សេរីៗខ្ញុំទេបាទ»។ គ្រូបង្វឹករូបនេះបន្ថែមដូច្នេះ៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 សួង បញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com