កីឡាជាតិ
ជាតិ
AFC U-20៖ ក្រោយចាញ់លីបង់ កម្ពុជា បន្តប៉ះសិង្ហបុរី
16, Sep 2022 , 7:59 am        
រូបភាព
ការប្រជែងបាល់រវាងក្រុមបាល់ទាត់កម្ពុជា(ក្រហម) និងសិង្ហបុរី(ផ្ទែមេឃ) កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការប្រជែងបាល់រវាងក្រុមបាល់ទាត់កម្ពុជា(ក្រហម) និងសិង្ហបុរី(ផ្ទែមេឃ) កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
ក្រុមកីឡាបាល់ទាត់កម្ពុជា អាយុក្រោម២០ឆ្នាំ នឹងត្រូវតទល់ជាមួយសិង្ហបុរី នាជំនួបសន្សំពិន្ទុ ពូល I នៃពានរង្វាន់បាល់ទាត់ AFC Asian Cup នាវេលាម៉ោង៧៖០០នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញា នៅកីឡដ្ឋាន Pamir Stadium ក្រុងDushanbe ប្រទេសតាហ្ស៊ីគីស្ថាន។

 
បន្ទាប់ពីបរាជ័យក្នុងជំនួបបើកឆាកពូល I ក្រុមកម្ពុជា នឹងត្រូវបន្តការប្រយុទ្ធរបស់ខ្លួនទល់នឹងក្រុមសិង្ហបុរី នាចុងសប្តាហ៍នេះ។ សម្រាប់ក្រុមទាំងពីរធ្លាប់ជួបគ្នា១លើកកាលពីឆ្នាំ២០២២ ក្នុងពានរង្វាន់ AFF Championship ដោយកម្ពុជា ឈ្នះសិង្ហបុរី ១-០។


ការអូសបាល់ដោយខ្សែបម្រើកម្ពុជា ស៊ិន សុវណ្ណមករា (ក្រហម) ទល់នឹងសិង្ហបុរី (ផ្ទៃមេឃ) នាប្រកួតកាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
សម្រាប់គោព្រៃវ័យជំទង់កម្ពុជា ប្រកួតចុងក្រោយរងបរាជ័យក្រោមថ្វីជើងយុវជនអាយុក្រោម ២០ឆ្នាំលីបង់ ក្នុងលទ្ធផល ១-០។ ចំណែកសិង្ហបុរី អាចរក្សាលទ្ធផល ០-០ ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថានសម្រាប់ប្រកួតដំបូងរបស់ពួកគេ។
 
គួបញ្ជាក់ថា នៅក្នុងពូល I លីបង់ឈរលេខ១ បណ្តោះអាសន្ន មាន៣ពិន្ទុ តាមពីក្រោយដោយម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន ដែលមាន១ពិន្ទុស្មើ សិង្ហបុរី និងកម្ពុជា ឈរលេខ៤ គ្មានពិន្ទុរាប់។ សម្រាប់ជំនួបលើកទី៣ ពូល I ក្រុមបាល់ទាត់កម្ពុជាត្រូវជួបម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន នាថ្ងៃទី១៨ ខែកញ្ញា ស្របពេលសិង្ហបុរី ជួបលីបង់ នៅម៉ោង៧៖០០នាទីល្ងាច៕ 
 
 
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com