អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វិមានក្រេមឡាំង៖ មហិច្ឆតាចូលណាតូរបស់អ៊ុយក្រែននៅតែជាការគំរាមសន្តិសុខរុស្ស៊ី
15, Sep 2022 , 5:59 pm        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ។ រូបថត Xinhua
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ។ រូបថត Xinhua
ដោយ:
បន្ទាប់ពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនចេញឯកសារព្រាងមួយពាក់ព័ន្ធនឹងការធានាសន្តិសុខពីលោកខាងលិចសម្រាប់អ៊ុយក្រែនមុនចូលណាតូ វិមានក្រេមឡាំងព្រមានជាថ្មីថា ការបន្តចង់ចូលជាសមាជិកសម្ព័ន្ធយោធាណាតូរបស់អ៊ុយក្រែននៅតែជាការគំរាមសន្តិសុខរុស្ស៊ី ហើយឯកសារធានាសន្តិសុខនេះនឹងកាន់តែបង្ហាញភាពចាំបាច់សម្រាប់រុស្ស៊ីធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន។

 
ដើម្បីទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខពីសម្ព័ន្ធយោធាណាតូដែលព្យាយាមពង្រីកឥទ្ធិពលទៅភាគខាងកើតអឺរ៉ុបនៅជាប់របងផ្ទះខ្លួន រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ។ កិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមជាច្រើនសារកន្លងមកនេះបានជាប់គាំងដោយគ្មានអ្វីជាផ្លែផ្កាឡើយ។
 
ស្របពេលប្រតិបត្តិការសឹកឈានដល់ខែទី៧ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញឯកសារព្រាងមួយកម្រាស់៩ទំព័រស្តីពីការធានាសន្តិសុខអន្តរជាតិសម្រាប់អ៊ុយក្រែន។សំណើនេះត្រូវបានរៀបចំដោយអតីតអគ្គលេខាធិការណាតូ Anders Fogh Rasmussen និងប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន លោក ​Andriy Yermak។​
 
ឆ្លើយតបទៅនឹងសេចក្តីព្រាងខាងលើដែលបានគូសវាសពីបំណងចូលណាតូរបស់អ៊ុយក្រែនដែរនោះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ថ្លែងក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៤ ខែកញ្ញាថា រុស្ស៊ីបានមើលឯកសារនេះ ហើយមិនពេញចិត្តសោះ។ វិមានក្រេមឡាំងក៏អះអាងជាថ្មីថា គំនិតអ៊ុយក្រែនចូលណាតូជាការគំរាមដ៏ចម្បងចំពោះរុស្ស៊ី។ 
«ជាថ្មីម្តងទៀត រឿងនេះបានបញ្ជាក់ពីភាពចាំបាច់ និងតម្រូវការជាបន្ទាន់សម្រាប់យើងដើម្បីធានាផលប្រយោជន៍ជាតិ និងសន្តិសុខផ្ទាល់របស់យើង»។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Peskov លើកឡើងបែបនេះក្នុងសន្និសីទកាសែត ។ 
 
បើតាមលោក ហ្សេលេនស្គី ឯកសារព្រាងខាងលើដែលរៀបរាប់ពីការអំពាវនាវឱ្យប្រទេសលោកខាងលិចផ្តល់ធនធានការទូត ហិរញ្ញវត្ថុ យោធា និងនយោបាយដើម្បីបង្កើនសមត្ថភាពការពាររបស់ក្រុងកៀវក្នុងប៉ុន្មានឆ្នាំមុនពេលចូលណាតូ គួរតែបង្កើតជាមូលដ្ឋានគ្រឹះដោះស្រាយបញ្ហាសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែន។ 
 
យ៉ាងណាមិញ ការចូលណាតូរបស់អ៊ុយក្រែន និងការទទួលបានការការពារទៅវិញទៅមកពីប្លុកសន្តិសុខនេះផ្ទុយនឹងការទាមទាររបស់រុស្ស៊ីតាំងពីមិនទាន់វាយលុកអ៊ុយក្រែនទៅទៀត។ ដ្បិតរដ្ឋាភិបាលក្រុងកៀវ និងបស្ចិមលោកកន្លងមកអះអាងថា រដ្ឋាភិបាលក្រុងមូស្គូប្រើរឿងនេះជាលេសចាប់ផ្តើមប្រតិបត្តិការយោធាដែលបានគ្រោងទុកហើយក៏ដោយ ការចេញផ្សាយឯកសារខាងលើនេះនឹងកាន់តែផ្តល់ឱ្យក្រុងមូស្គូនូវហេតុផលចាំបាច់បន្តប្រតិបត្តិការរបស់ខ្លួនទៀត។ 
 
ទន្ទឹមនេះ លោក Peskov ក៏ឆ្លៀតរិះគន់ក្រុងកៀវដែលប្រើប្រាស់ការផ្គត់ផ្គង់ពីលោកខាងលិចដើម្បីធានាសន្តិសុខខ្លួនដែរ។ ដោយមិនផ្តល់សេចក្តីលម្អិត អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះថា មេដឹកនាំអ៊ុយក្រែនត្រូវតែចាត់វិធានការដើម្បីបំបាត់ការគំរាមដល់រុស្ស៊ី៕
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com