អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំកោះប៉ាស៊ីហ្វិក ប្រាប់អាម៉េរិកឱ្យយកចិត្តទុកដាក់លើបញ្ហាអាកាសធាតុ ជាងការប្រជែងនយោយបាយ
15, Sep 2022 , 9:29 pm        
រូបភាព
លោក David Ige អភិបាលកោះហាវ៉ៃ។ រូបថត STARADVERTISER
លោក David Ige អភិបាលកោះហាវ៉ៃ។ រូបថត STARADVERTISER
ទីក្រុងវ៉ាស៊ីនតោន គួរតែចាត់ទុកកោះប៉ាស៊ីហ្វិកជាតំបន់អាទិភាពចម្បងក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដែលជាកិច្ចការបន្ទាន់បំផុតដើម្បីរក្សាសន្តិសុខ មិនមែនជាតំបន់ប្រកួតប្រជែងរបស់មហាអំណាចទេ។ មេដឹកនាំបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកនៅថ្ងៃទី១៤ ខែកញ្ញា អះអាងបែបនេះពីកិច្ចប្រជុំមួយនៅកោះហាវ៉ៃ។



បណ្ដាមេដឹកនាំ និងមន្ត្រីទៅប្រទេសកោះប៉ាស៊ីហ្វិកចំនួន១៦ បានចូលរួមកិច្ចប្រជុំមួយនៅថ្ងៃទី១៤ ខែកញ្ញា ក្នុងទីក្រុង Honolulu នៃកោះហាវ៉ៃ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំជាច្រើនបានស្នើឱ្យអាម៉េរិក យកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុចំពោះប្រទេសកោះប៉ាស៊ីហ្វិកជាជាងការគិតតែរឿងប្រកួតប្រជែងអំណាច។
 
«ទស្សនៈដែលបានចែករំលែកដោយមេដឹកនាំកោះប៉ាស៊ីហ្វិកជាច្រើនគឺថា ពួកគេសង្ឃឹមថា ពួកគេនឹងអាចធ្វើការជាមួយរដ្ឋបាល ចូ បៃឌិន លើយុទ្ធសាស្រ្តនិងផែនការក្នុងតំបន់កោះប៉ាស៊ីហ្វិកជាជាងឱ្យសេតវិមានបង្កើតផែនការសម្រាប់តំបន់នេះ»។ លោក David Ige អភិបាលកោះហាវ៉ៃបានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបិទកិច្ចប្រជុំ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ការប្រកួតប្រជែងរវាងចិន និងអាម៉េរិកជុំវិញការបញ្រ្ជាបឥទ្ធិពលនៅកោះប៉ាស៊ីហ្វិក បានកើនឡើងកាន់តែខ្លាំងនៅឆ្នាំ២០២២ នេះ បន្ទាប់ពីចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូមុន។
 
ចំណែកអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនដូចជា អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងអង់គ្លេស កាលពីខែមិថុនា ក៏បានពិភាក្សាអំពីរបៀបធ្វើការរួមគ្នានៅក្នុងតំបន់កោះប៉ាស៊ីហ្វិក ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើង។ 
 
បើ​តាម​ការលើកឡើងរបស់លោក David Panuelo ប្រធានាធិបតីរដ្ឋសហព័ន្ធ​​មីក្រូណេស៊ី តំបន់កោះប៉ាស៊ីហ្វិកចង់ឱ្យអាម៉េរិក​ និងចិនប្រកួតប្រជែងគ្នាប្រកបដោយភាពវិជ្ជមានដើម្បីរក្សាសន្តិសុខក្នុងតំបន់។ លោក Panuelo អះអាងថា ការប្រែប្រួលអាកាសធាតុនឹងក្លាយជាបញ្ហាប្រឈមធំ ខណៈដែលប្រទេសកោះប៉ាស៊ីហ្វិក ជួបការលំបាកក្នុងការទទួលបានលុយជំនួយអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ។
 
គួរបញ្ជាក់ថា លោក បៃឌិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិកនៅសេតវិមាននៅថ្ងៃទី ២៨-២៩ ខែកញ្ញា។ ប្រទេសចំនួន១២ ប៉ុណ្ណោះដែលត្រូវបានអញ្ជើញឱ្យទៅទីក្រុងវ៉ាស៊ីនតោន៕ 
 

Tag:
 អាម៉េរិក
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com