អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់ បោះជំហានចូលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលនាំមុខដោយចិន និងរុស្ស៊ី
15, Sep 2022 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian។ រូបថត AFP
ដោយ:
អ៊ីរ៉ង់ បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តក្លាយជាសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រតិបត្តិការសៀងហៃ (CSO)។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី១៥ ខែកញ្ញា។

 
បន្ទាប់ពីមានឋានៈជាអ្នកអង្កេតការក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (CSO) អស់រយៈពេល១៥ឆ្នាំ ពាក្យសុំចូលជាសមាជិកប្លុកនេះរបស់អ៊ីរ៉ង់ត្រូវបានអនុម័តកាលពីឆ្នាំមុន។ ទោះនីតិវិធីចូលជាសមាជិកពេញលេញត្រូវការពេលរហូតដល់ទៅ២ឆ្នាំ អ៊ីរ៉ង់នៅថ្ងៃទី១៥ ខែកញ្ញា ឈានមួយជំហានទៀតដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការប្តេជ្ញាចិត្តរបស់ CSO ។
 
«ជាមួយការចុះហត្ថលេខាលើឯកសារសម្រាប់ចូលជាសមាជិក SCO ពេញលេញ ឥឡូវនេះអ៊ីរ៉ង់ឈានចូលដំណាក់កាលថ្មីមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូន និងថាមពល»។ លោក Hossein Amirabdollahian រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់សរសេរបែបនេះលើបណ្តាញសង្គម​ Twitter ។ 
 
បើតាមអគ្គលេខាធិការរងនៃអង្គការ CSO ប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី អ៊ីរ៉ង់អាចចូលរូមកិច្ចប្រជុំរបស់ប្លុកបានហើយ បើទោះជាត្រូវពេលបន្ថែមទៀតដើម្បីក្លាយជាសមាជិកពេញលេញក៏ដោយ។ រដ្ឋាភិបាលក្រុងតេហេរ៉ង់កន្លងមកបានអំពាវនាវឱ្យសមាជិក​អង្គការមួយនេះជួយបង្កើតយន្តការមួយដើម្បីជំនួសផលប្រយោជន៍របស់ខ្លួនដែលបាត់បង់ ដោយសារការដាក់ទណ្ឌកម្មលោកខាងលិចលើកម្មវិធីនុយក្លេអ៊ែរ។
 
CSO ជាអង្គការអន្តររដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយចិន រុស្ស៊ី និងអតីតរដ្ឋសូវៀតនៅអាស៊ីកណ្តាល ៤ ប្រទេសទៀតរួមមានកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាហ្ស៊ីគីស្ថាន។​ ជាប្លុកដែលផ្តោតទៅលើបញ្ហាសន្តិសុខ ក៏ដូចជាអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីកណ្តាល CSO បានពង្រីកសមាជិកភាពកាលពី៤ ឆ្នាំមុនដោយរួមបញ្ចូលឥណ្ឌា និងប៉ាគីស្ថាន ខណៈអ៊ីរ៉ង់រំពឹងថានឹងក្លាយជាសមាជិកពេញលេញទី៩នៅឆ្នាំ២០២៣។ 
 
សូមបញ្ជាក់ថា ការចុះអនុស្សរណៈនេះប្រកាសឡើង ស្របពេល CSO រៀបចំកិច្ចប្រជុំកំពូលនៅអ៊ូសបេគីស្ថាននាថ្ងៃទី១៥-១៦ ខែកញ្ញា៕
 
 
 
 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com