កីឡាជាតិ
ជាតិ
គ្រូកីឡាសីដក់៖ បង្កើនការហ្វឹកហាត់ និងប្រកួតក្រៅប្រទេស ដើម្បីបំណងដណ្តើមមេដាយមាស៣ នៅស៊ីហ្គេម
16, Sep 2022 , 9:29 am        
រូបភាព
គ្រូបង្វឹក និងអត្តពលិកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា
គ្រូបង្វឹក និងអត្តពលិកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា
ដោយ:
លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូននៃជម្រើសជាតិកម្ពុជា ប្តេជ្ញាដឹកនាំក្រុមប្រជែងយកមេដាយមាសយ៉ាងហោចណាស់៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ ជាមួយនឹងការប្តេជ្ញា លោកខេមរា បង្កើនការហ្វឹកហាត់កូនក្រុម និងបញ្ជូនពួកគេចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។





សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាមួយគ្នានោះដែរលោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិនៃកីឡាសីដក់ និងឈិនឡូនកម្ពុជាកំណត់គោលដៅជាក់លាក់ក្នុងការប្រជែងមេដាយមាសផងដែរ។


លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាសីដក់ និងឈិនឡូនកម្ពុជា
 
លោកបានប្រាប់សារព័ត៌មានថ្មីៗក្នុងកិច្ចសម្ភាសផ្ទាល់ថា សហព័ន្ធក៏ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។ 
«ខែ១២ចុងឆ្នាំនេះ យើងត្រូវហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ាអំពីវិញ្ញាសាឈិនឡូនបន្ថែមទៀតរយៈពេល៥ខែ»។ គ្រូបង្វឹករូបនេះអះអាងដូច្នេះ។
 
លោក ខេមរា បានបញ្ជាក់ពីយុទ្ធសាស្រ្តសម្រាប់ត្រៀមប្រជែងមេដាយនាស៊ីហ្គេម២០២៣ ដោយលោកបានពង្រឹងផ្នែកបច្ចេកទេសរបស់កូនក្រុមឱ្យបានល្អប្រសើរជាពិសេសគឺការហ្វឹកហាត់ និងស្វែងរកគូប្រកួតដែលមានកម្រិតសមត្ថភាពខ្ពស់ ដើម្បីប្រកួតវាស់ស្ទង់សមត្ថភាពមុនដំណើរស៊ីហ្គេមមកដល់។ យ៉ាងណាលោក ខេមរា បន្តថា បច្ចុប្បន្នសមត្ថភាពកូនក្រុមមានកម្រិតល្អប្រសើរហើយ តែលោកនៅបារម្ភដោយកូនក្រុមខ្វះបទពិសោធក្រៅប្រទេស។
 
«បច្ចេកទេសរបស់ពួកគាត់នៅពេលនេះ បើយើងប្រៀបធៀបទៅនឹងបរទេសគឺវាប្រដំត្រសងហើយ ប៉ុន្តែអ្វីដែលយើងចាញ់គេនោះគឺយើងស្ទើរនូវបទពិសោធប្រកួត។ យើងមិនសូវមានការប្រកួតនៅក្នុងស្រុកច្រើន មិនសូវមានការប្រកួតនៅក្រៅស្រុកច្រើន អ៊ីចឹងការប្រកួតកន្លងទៅនៅវៀតណាម គឺរាល់ពេលដែលបានមេដាយក៏ដោយគឺ យើងសម្លឹងឃើញថាគាត់នៅខ្សោយអារម្មណ៍របស់គាត់ និងភាពស៊ាំនឹងការប្រកួតមិនទាន់សូវមាន»។
 
ក្រោយខកខានឳកាសក្នុងការប្រជែងមេដាយកាលពីស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាមកន្លងទៅ គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាប្តេជ្ញាប្រជែងយកមេដាយយ៉ាងតិច៣ នៅស៊ីហ្គេម២០២៣៖«វាជាការរងចាំរបស់ខ្ញុំយូរណាស់មកហើយដែលយើងធ្វើជាម្ចាស់ផ្ទះ ហើយខ្ញុំបានប្តេជ្ញារាល់ថ្ងៃនេះគឺខិតខំទ្វេរគុណខិតខំជាងឆ្នាំមុនៗដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ពិសេសវិញ្ញាសា (Sepaktakraw)សីដក់យើងនេះទទួលបានមេដាយ ហើយយើងរំពឹងថានឹងទាមទារខំប្រឹងយ៉ាងហោចយកមេដាយមាសឱ្យបាន៣សម្រាប់ប្រទេសកម្ពុជាផងដែរ»។ គ្រូបង្វឹកជម្រើសជាតិនិយាយដូច្នេះ។
 
 

Tag:
 កីឡាសីដក់
 ជាតិ ខេមរា
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com