អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន ប្រាប់លោក ស៊ី ថា រុស្ស៊ីគាំទ្រជំហរតុល្យភាពរបស់ចិនលើបញ្ហាអ៊ុយក្រែន
16, Sep 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបនៅអ៊ូសបេគីស្ថាន។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបនៅអ៊ូសបេគីស្ថាន។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែកញ្ញាបានប្រាប់ប្រធានាធិបតីចិន ស៊ី​ ជីនភីង ថា ក្រុងមូស្គូផ្ដល់តម្លៃឱ្យចិនចំពោះការរក្សាជំហរឱ្យមានតុល្យភាពលើជម្លោះនៅអ៊ុយក្រែន។ លោក ពូទីន​ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍ចិនតែមួយ ហើយប្រឆាំងទង្វើបង្កហេតុរបស់​អាម៉េរិ​ក​នៅច្រកសមុទ្រតៃវ៉ាន់។ លោក ស៊ី វិញ អះអាងថា ចិនគាំទ្ររុស្ស៊ីការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។

 
មេដឹកនាំរុស្ស៊ីនិងចិន បានជួបសន្ទនាគ្នាផ្ទាល់នៅកិច្ចប្រជុំកំពូលក្រៅអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅអ៊ូសបេគីស្ថាន។ នេះគឺជាលើកទីមួយហើយដែលមេដឹកនាំទាំងពីរជួប មុខគ្នាផ្ទាល់ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីទាំង២ ជួបគ្នាលើកចុងក្រោយអំឡុងព្រឹត្តិការណ៍​កីឡា​អូឡាំពិកនៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈមុនការវាយលុកអ៊ុយក្រែន។
 
អំឡុងកិច្ចប្រជុំទ្វេភាគី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីចិនថា ក្រុងមូស្គូ​គាំទ្រ​ជំហរតុល្យភា​ពរបស់ប៉េកាំងលើវិបត្តិនៅអ៊ុយក្រែន ហើយក្រុងមូស្គូក៏យល់ពីក្តីបារម្ភ និងសំណួរជាច្រើន​របស់​ក្រុង​ប៉េកាំង​ចំពោះបញ្ហានេះផងដែរ។ ទន្ទឹមនេះ ក្នុងសេចក្ដីថ្លែងការរួមគ្នាមួយ លោក ពូទីន បញ្ជាក់​ពី​ការ​ឈរជាមួយក្រុងប៉េកាំងក្នុង​ការ​ប្រឆាំងនឹងអាម៉េរិករួមទាំងសម្ព័ន្ធមិត្តលោកខាងលិចលើបញ្ហា​កោះ​តៃវ៉ាន់។
 
«ពួកយើងគាំទ្រគោលការណ៍ចិនតែមួយ»។ លោក ពូទីន សង្កត់ធ្ងន់បែបនេះរួចបន្តថា រុស្ស៊ី​ថ្កោល​ទោសអាម៉េរិក និងលោកខាងលិចដែលបានបង្ករឿងនៅច្រកសមុទ្រតៃវ៉ាន់។ 
ក្នុងសេចក្ដីថ្លែងការណ៍រួមដដែលខាងលើ មេដឹកនាំទាំងពីរក៏បានប្រកាសពីមិត្តភាពគ្មានព្រំដែន និង​បំណងដែលចង់បង្កើតសណ្នាប់ធ្នាប់ពិភពលោកថ្មីមួយដែលអាចជួយការពារផលប្រយោជន៍​របស់​ពួកគេ ដើម្បីកុំឱ្យលោកខាងលិចគ្រប់គ្រង និងការដាក់សម្ពាធតាមចិត្ត ដូចជាការដាក់​ទណ្ឌកម្ម​ជា​ដើម​។
 
ដោយឡែកសេចក្ដីប្រកាសរបស់ចិនវិញ មិនបាននិយាយដល់បញ្ហាអ៊ុយក្រែនឡើយ។ ប៉ុន្តែចិនគាំទ្ររុស្ស៊ីលើបញ្ហាដែលពាក់ព័ន្ធប្រយោជន៍ស្នូល។ 
 
គួរបញ្ជាក់ថា រុស្ស៊ីបានខិតទៅជិតចិនកាន់តែខ្លាំងតាំងពីបានបញ្ជូនកងទ័ពទៅអ៊ុយក្រែន។ ចិនមិន​បាន​រិះគន់រុស្ស៊ីចំពោះការឈ្លានពាននេះដែរ ហើយបែរជាចោទលោកខាងលិចថា បាន​ជំរុ​ញ​ឱ្យ​មានជម្លោះ។ យ៉ាងណាមិញ ចិនបានព្យាយាមចាកឆ្ងាយពីការផ្ដល់ជំនួយយោធាសម្រាប់រុស្ស៊ី ខណៈលោកខាង​លិច​គំរាមដាក់ទណ្ឌកម្មដូចគ្នាដែរ៕
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com