កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន នឹងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ
16, Sep 2022 , 11:20 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាជាមួយអត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា នាពេលកន្លងទៅ។ រូបពី សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាជាមួយអត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា នាពេលកន្លងទៅ។ រូបពី សម្តេច ហ៊ុន សែន
ដោយ:
សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែវិឆ្ឆិកា នៅពហុកីឡដ្ឋានមរតកតេជោ និងពិធីបិទនៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២២។

 
ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មាន៣៨ ប្រភេទកីឡា និងប៉ារ៉ាឡាំពិក៧ប្រភេទកីឡាដែលជាប្រភេទកីឡាគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។
 
ប្រភេទកីឡាចំនួន៣៨ នឹងត្រូវដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិលើកទី៣ រួមមាន៖ អត្តពលកម្ម,ហែលទឹក,វាយសី,បាល់បោះ,ប្រដាល់សកល,ប្រដាល់គុនខ្មែរ,បាល់ទាត់,ចំបាប់,វាយកូនឃ្លីលើតុ, តេក្វាន់ដូ ITF, វាយកូនបាល់,បាល់ទះ, ប៉េតង់, ល្បុក្កតោ, កាយសម្ព័ន្ធ, វ៉ូវីណាម, យូដូ, ការ៉ាតេ,ទោចក្រយាន្ត, ទ្រីយ៉ាត្លុង, ប៊ីយ៉ា និងស្នូកឃ័រ, សូហ្វតិនីស, សីដក់, ម៉ូតូទឹក, អុកចត្រង្គ, រាំ, វូស៊ូ, ឃីកបុកស៊ីង, កាយវប្បកម្ម, ហុកគី, គុនដាវ, ជឺជីតស៊ូ, ទូកប្រពៃណី, វាយកូនគោល, ទូកក្តោង, លើកទម្ងន់, គ្រិកឃីក។


សម្ដេច ហ៊ុន សែន និង លោក ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបើកពិធីប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំ២០១៨។ រូបពី Camsoc
 
ប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ រួមមាន៖ អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, បាល់ទះ, វាយកូនឃ្លីលើតុ និងបូស្យា។ 
ក្នុងពេលបើកកម្មវិធីនោះដែរលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំការប្រកួតកីឡាជាតិ  បានបញ្ជាក់ថា នឹងមានវត្តមានរបស់នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញជាអធិតី។ កម្មវិធីបើក នឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិឆ្ឆិកា វេលាម៉ោង៦៖០០​នាទីល្ងាច នៅពហុកីឡដ្ឋានមរតកតែជោ។ ដោយឡែកសម្រាប់ពិធីបិទ នឹងធ្វើនៅថ្ងៃទី៣០ នៅពហុកីឡដ្ឋានមរតកតេជោដែរ។
 
ការបង្កើតព្រឹត្តិការណ៍កីឡាជាតិនេះឡើង ពោលគឺ២លើករួចមកហើយ ក្នុងគោលបំណងពង្រឹងវិស័យកីឡាជាតិ ដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានរៀបចំវិញ នៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩៕
 
 
 
 
 

Tag:
 កីឡាជាតិលើកទី៣
 សម្តេចហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com