កីឡាជាតិ
ជាតិ
លោក អ៊ុក សិទ្ធជាតិ៖ ចំណេះដឹងភាសាបរទេស ស្ថិតក្នុងចំនុចសំខាន់៤ ដែលមន្ត្រីអាជ្ញាកណ្តាលកម្ពុជាត្រូវមាន
16, Sep 2022 , 6:59 pm        
រូបភាព
លោក អ៊ុក សិទ្ធជាតិ ក្នុងពិធីប្រគល់វិញ្ញាប័ណ្ណបត្រដល់សិក្ខាកាមកីឡាបាល់បោះ។ រូបពី អគ្គនាយកដ្ឋានកីឡាជាតិ
លោក អ៊ុក សិទ្ធជាតិ ក្នុងពិធីប្រគល់វិញ្ញាប័ណ្ណបត្រដល់សិក្ខាកាមកីឡាបាល់បោះ។ រូបពី អគ្គនាយកដ្ឋានកីឡាជាតិ
ដោយ:
ចំណេះដឹងភាសាបរទេស ការយល់ដឹងពីច្បាប់ការនៃប្រកួត ការប្រឹងប្រែងហ្វឹកហាត់កម្លាំងកាយ បូករួមទាំងសមត្ថភាពក្នុងការកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌ សុទ្ធតែជាអ្វីដែលមន្ត្រីអាជ្ញាកណ្តាលកម្ពុជាត្រូវមាន ដើម្បីអាចចូលខ្លួនកាត់ក្តីក្នុងការប្រកួតកម្រិតជាតិ ជាពិសេសស៊ីហ្គេមឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់លោក អ៊ុក សិទ្ធជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានជាតិ ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតជាតិនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

 
សហព័ន្ធកីឡាបាល់បោះកម្ពុជាបានបិទបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតជាតិរបស់ខ្លួន នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមអធិបតីយភាពលោក អ៊ុក សិទ្ធជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានជាតិ។
 
ក្នុងពិធីបិទនោះលោក អ៊ុក សិទ្ធជាតិ បានផ្តែផ្តាំក្រុមមន្ត្រីអាជ្ញាកណ្តាលកីឡាបាល់បោះដែលបានចូលរួមវគ្គបណ្តុះបណ្តាល៣ថ្ងៃ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព ដោយលោកបានសង្កត់ធ្ងន់ថា មន្រ្តីបច្ចេកទេសត្រូវយល់ដឹងពីចំនុចសំខាន់ៗចំនួន៤។
 
សំខាន់ដែលលោកសិទ្ធជាតិលើកឡើងរួមមាន ចំណេះដឹងភាសាបរទេស, យល់ដឹងពីច្បាប់ការនៃប្រកួត, ប្រឹងប្រែងហ្វឹកហាត់កម្លាំងកាយឱ្យមានភាពរឹងមាំអំណត់អត់ធន់ និងមានសមត្ថភាពក្នុងការកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌។ 
 
ជាមួយគ្នានេះ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជារូបនេះ បន្ថែមថាមន្រ្តីអាជ្ញាកណ្តាលដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនឹងមានឳកាសចូលរួមកាត់ក្តីក្នុងការប្រកួតនានា ជាពិសេសការប្រកួតកីឡាថ្នាក់ជាតិលើកទី៣ ខាងមុខនេះ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានសិទ្ធិរៀបចំលើកដំបូងផងដែរ។
 
សូមបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាលកម្រិតជាតិនេះមានរយៈពេលបី ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១៣ ដល់១៥ ខែកញ្ញា ដោយមានសិក្ខាកាមចំនួន ២៥រូប ក្រោមការបណ្តុះបណ្តាលពីគ្រូឧទ្ទេសមកពីបរទេស៕
 

Tag:
 កីឡាបាល់បោះ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com