កីឡាជាតិ
ជាតិ
ទោះជំនួបមិត្តភាព U23 និងឈុតធំកម្ពុជា គៀកភ្ជុំបិណ្ឌ តែសំបុត្រលក់ដាច់ច្រើន
16, Sep 2022 , 3:44 pm        
រូបភាព
ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សំបុត្រចូលទស្សនាប្រកួតមិត្តភាពអន្ដរជាតិរវាង កម្ពុជា និងបង់ក្លាដែស និងការប្រកួតឈុត U-23 កម្ពុជា និង U-23 ជប៉ុន ត្រូវបានដាក់លក់ផ្លូវការហើយនៅថ្ងៃទី១៥ ខែកញ្ញា។ ត្រឹមរយៈពេលមួយថ្ងៃ ភ្នាក់ងារលក់សំបុត្រអះអាងថាមានការបញ្ជាទិញច្រើនក្នុងមួយទីតាំងខ្ទង់ពាន់សន្លឹករួចហើយ   បើទោះការប្រកួតគៀកពិធីបុណ្យភ្ជុំបិណ្ឌ។



ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ U-23 ត្រូវស្វាគមន៍ U-23 ជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា មុនជម្រើសជាតិឈុតធំប្រកួតជាមួយ បង់ក្លាដែស រយៈពេល២ថ្ងៃ។ លោក ស៊ឺម លីហេង អ្នកលក់សំបុត្រនៅហាងកីឡា Double H Sport  បានប្រាប់សារព័ត៌មានថ្មីៗថា សំបុត្រចូលទស្សនា នៅតែមានអ្នកមក និងបញ្ជាទិញតាមអនឡាញច្រើន បើទោះថ្ងៃប្រកួត គៀកថ្ងៃនៃការប្រាព្វពិធិបុណ្បភ្ជុំបិណ្ឌក្តី។ 
 
«សំបុត្រ ប្រមាណជាង ២០០០កៅអីបានលក់ដាច់ នៅថ្ងៃបើកលក់ទី១។ ការប្រកួតនេះ បើទោះជាស្ថិតក្នុងពេលបុណ្យទាន តែនៅមានអ្នកគាំទ្រច្រើនទៅមើល។ អ៊ីចឹង ទម្រាំដល់ថ្ងៃប្រកួត នឹងមានអ្នកមកទិញច្រើនទៀត»។ លោក ស៊ឺម លីហេង និយាយដូច្នេះ។ 
 
លោក លឹម រ៉ាឌី អ្នកលក់សំបុត្រ នៅហាងកីឡា Kampuchea ផ្សាដេប៉ូ បានប្រាប់បន្ថែមថា តាមការព្យាករណ៍របស់លោក នឹងមានអ្នកគាំទ្រអាចឈានដល់លើស ១០០០០នាក់ ចូលរួមការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជាទាំងពីរឈុតនេះ។ លោករ៉ាឌីអះអាងបែបនេះ ដោយសារសំបុត្រដែលដាក់លក់នៅហាងលោកលក់ដាច់ខ្លាំង។ 
 
សូមបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួត U23 និងឈុតធំ  បានចែកជា៤ប្រភេទផ្សេងគ្នា។ ក្នុងនោះតម្លៃ  ៣០០០០៛ សម្រាប់ទីតាំងខាងក្រោម និង ២០០០០៛, ១២០០០៛ និង ៨០០០៛ សម្រាប់ទីតាំងបន្តបន្ទាប់៕ 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com