កីឡាជាតិ
ជាតិ
CAMSOC ធានាការស្នាក់នៅ ហូបចុក ដល់ប្រតិភូអាស៊ានចូលរួមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣
16, Sep 2022 , 6:39 pm        
រូបភាព
កិច្ចប្រជុំពិភាក្សាការងារ របស់គណៈកម្មាធិការជាតិCAMSOC។ រូបពី CAMSOC
កិច្ចប្រជុំពិភាក្សាការងារ របស់គណៈកម្មាធិការជាតិCAMSOC។ រូបពី CAMSOC
ដោយ:
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) ប្រកាសធានារៀបចំវេទិកាគណៈអធិបតីឱ្យបានត្រឹមត្រូវទាំងច្រកចេញ-ចូល និងកន្លែងអង្គុយទស្សនា ដ្បិតនឹងមានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចូលរួមក្នុងពិធីបើក-បិទកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ក្រៅពីនេះ ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ក៏មានការធានាពី CAMSOC ផងដែរ។

 
លោក ថោង ខុន អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមរៀបចំពីធីបើក-បិទ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី១៥ ខែកញ្ញា នាសាលប្រជុំក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
 
CAMSOC បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការទីលានប្រកួត គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដើម្បីរៀបចំសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះកីឡាតំបន់អាស៊ានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។
 
កិច្ចប្រជុំនោះដែរ CAMSOC បានផ្តោតសំខាន់លើការទទួលថ្នាក់ដឹកនាំពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ដែលនឹងចូលរួមក្នុងពិធីបើក-បិទកីឡានេះ។ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដែលត្រូវទទួលបើកកម្មវិធី ត្រូតពិនិត្យប្រព័ន្ធសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់ និងសំណង់ ពិសេសការកសាង«ភូមិកីឡា»។ ការស្នាក់នៅ និងហូបចុកក៏ជារឿងសំខាន់ផងដែរ ដែល CAMSOC ត្រូវធានារៀបចំឱ្យបានល្អ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំនោះដែរសម្រេចបានលទ្ធផលជាច្រើន ក្រៅពីជំរុញលើការត្រៀមរៀបចំពិធីការបន្ទាប់ពីមានការសម្រេចលើផែនការស្នាក់នៅ ផែនការដឹកជញ្ជូន និងផែនការម្ហូបអាហារ។ ចំពោះផែនការម្ហូបអាហារ គណៈកម្មការរបស់ជំនាញ CAMSOC រៀបចំជ្រើសរើសក្រុមហ៊ុនតាមរយៈការដេញថ្លៃត្រឹមត្រូវ ហើយបានជ្រើសរើសរួចរាល់រង់ចាំតែការសម្រេចពីថ្នាក់ដឹកនាំ ក្នុងការកំណត់យកក្រុមហ៊ុនដែលមានសមត្ថភាពលេចធ្លោតែប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា ភូមិកីឡាជាទីតាំងសម្រាប់ស្វាគមន៍ការស្នាក់នៅរបស់ប្រតិភូ និងអត្តពលិកចំនួន ៣៧០០នាក់ នេះបើតាមផែនការជាគោល B និងផែនការ A ជ្រើសរើសយកជាង ៤ពាន់នាក់។ ក្នុងកិច្ចប្រជុំសម្រេចយកផែនការ B ដែលមានភាពជាក់លាក់ ក្នុងរង្វង់ប្រតិភូ អត្តពលិក ប្រមាណ ៩ពាន់នាក់៕
 
 
 
 
 
 
 
 
 
 

Tag:
 CAMSOC
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com