កីឡាជាតិ
ជាតិ
កីឡាវាយកូនបាល់៖ គ្រូ ជា ពៅ មិនប្រាកដថាកូនក្រុមអាចដណ្តើមមេដាយស៊ីហ្គេម២០២៣ ទោះទៅហាត់នៅអាម៉េរិក
17, Sep 2022 , 8:59 am        
រូបភាព
គ្រូបង្វឹក និងអត្តពលិកកីឡាវាយកូនបាល់កម្ពុជា។ រូបពី CAMSOC
គ្រូបង្វឹក និងអត្តពលិកកីឡាវាយកូនបាល់កម្ពុជា។ រូបពី CAMSOC
ដោយ:
លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា មិនហ៊ានរំពឹងខ្ពស់ថាកីឡាករ-កីឡាការិនី អាចដណ្តើមបានមេដាយនៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នោះទេ ទោះពួកគេបានទៅហ្វឹកហាត់នៅទឹកដីអាម៉េរិកក្តី។ យ៉ាងណា លោកនៅតែមានក្តីសង្ឃឹម ដ្បិតអត្តពលិកកើនសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងហ្វឹកហាត់។

 
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជូនកីឡាករ៣រូប និងកីឡាការិនី៣រូប ចេញទៅហ្វឹកហាត់រយៈពេលវែងនៅសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពត្រៀមដំណើរមកដល់នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ។ សម្រាប់កីឡាករ-កីឡាការិនី នៅក្នុងស្រុកវិញក៏មានការហ្វឹកយ៉ាងយកចិត្តទុកដាក់ និងខ្លាំងក្លាដែរពោលគឺមានឆន្ទៈខ្ពស់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
 
ជាមួយនឹងការត្រៀមខ្លួននេះដែរ គ្រូបង្វឹកក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ហាក់ស្ទាក់ស្ទើមិនហ៊ានអារកាត់ថាអាចដណ្តើមបានមេដាយឡើយ ដោយរង់ចាំមើលជាក់ស្តែងនៅពេលប្រកួត។
 
លោកជា ពៅ រៀបរាប់ថា៖«ខ្ញុំជាគ្រូ ខ្ញុំចេះតែមានក្តីសង្ឃឹមហើយ ប៉ុន្តែដល់ឃើញជាក់ស្តែងយើងមិនទាន់អាចអារកាត់បានទេថាកីឡាឈ្នះឬចាញ់។ យើងមើលមិនឃើញ យើងសង្ឃឹមពេកវាអាចហួសពីសមត្ថភាពរបស់យើង»។
 
បន្ទាប់ពីឆ្លងកាត់ការចេញទៅហ្វឹកហាត់ និងការប្រកួតនៅក្រៅស្រុកច្រើនលោក ជា ពៅ មើលឃើញពីគុណផលនៃក្រុមកីឡាករ-កីឡាការិនីមានការវិវឌ្ឍន៍ច្រើន។ កន្លងមកលោកសង្កេតឃើញថាមានភាពលូតលាស់ច្រើនបើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា។
 
«ផុតពីកូវីដហ្នឹងទៅយើងបានហាត់ និងមានការប្រកួតច្រើន ហើយឃើញកម្រិតបច្ចេកទេសពួកគាត់ឡើងច្រើន ការលេង និយាយទៅកម្លាំងកាយចិត្តគាត់ឡើងមួយចប់។ ការហ្វឹកហាត់របស់គាត់ល្អទាំងអស់វិន័យ»។ លោក ជា ពៅ បន្ថែមដូច្នេះ។
 
សូមបញ្ជាក់ថា សម្រាប់កីឡាវាយកូនបាល់មានកីឡាករ ៥រូប កីឡាការិនី៥រូប និងគ្រូ២រូប ត្រៀមសម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 
 
 

Tag:
 កីឡាវាយកូនបាល់
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com