ជាតិ
កិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នឹងមកដល់កម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេចសម្រាប់អនាគត
17, Sep 2022 , 1:40 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមាន បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។



កិច្ចប្រជុំនេះនឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បីស្វែងយល់ និងពិភាក្សាអំពីបច្ចេកវិទ្យា និងនិន្នាការដែលជះឥទ្ធិពលដល់អាជីវកម្មរបស់យើងនាពេលបច្ចុប្បន្ន ដូចជា កម្មវិធីផ្ញើសារសម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស និងការធ្វើទីផ្សារ (Metaverse & Marketing),  វិធីសាស្ដ្រលក់លើអនឡាញដោយណែនាំផលិតផលជូនដល់ភ្ញៀវ (Discovery Commerce), អ្នកបង្កើតមាតិកាសម្រាប់អាជីវកម្ម (Creators for Business) និងផ្សេងៗទៀត។ កិច្ចប្រជុំកំពូលដែលជាព្រឹត្ដិការណ៍ប្រចាំឆ្នាំលើកទីបួននៅតំបន់អាស៊ីអាគ្នេយ៍នឹងពង្រីកវិសាលភាពទៅកាន់ប្រទេសទាំងនេះជាលើកដំបូងនាឆ្នាំនេះ។ កិច្ចប្រជុំកំពូលនេះនឹងមានការថ្លែងសុន្ទរកថាបើក ដោយលោកស្រី Michelle Klein ជាអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារជំនួញសកល និង លោក Benjamin Joe អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារកំពុងអភិវឌ្ឍ របស់ក្រុមហ៊ុន Meta ដែលនឹងថ្លែងអំពីអនាគតនៃចក្រវាឡនិម្មិត metaverse និងឱកាសសម្រាប់អាជីវកម្ម  ហើយអំពីរបៀបដែលក្រុមហ៊ុន Meta កំពុងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី metaverse តាមរយៈកិច្ចសហការជាមួយដៃគូឧស្សាហកម្ម អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយ។

បន្ទាប់ពីថ្លែងបើកកម្មវិធី លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយកគោលនយោបាយសាធារណៈសម្រាប់ទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta នឹងថ្លែងអំពីគំនិតស្នូលរបស់ក្រុមហ៊ុន Meta ក្នុងការបង្កើតផលិតផលដែលដើរតួជាស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនង ស្វែងរកសហគមន៍ និងបង្កើនអាជីវកម្មកាន់តែរីកចម្រើន ពោលគឺជាចំណុចប្រសព្វដែលអាជីវកម្ម និងសហគមន៍ជួបគ្នា។ អ្នកទាំងពីរក៏នឹងចែករំលែកគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល និងការផ្លាស់ប្តូរទាំងស្រុងសម្រាប់អាជីវកម្មបែបទីផ្សារកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងនេះ ក៏ដូចជាបង្ហាញឱ្យកាន់តែច្បាស់នូវអាជីពដ៏គួរជាទីចាប់អារម្មណ៍ ដែលកែសម្រួលគំរូអាជីវកម្មរបស់ខ្លួនដើម្បីសម្របទៅនឹងបញ្ហាប្រឈមនានា។

លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta បានថ្លែងថា៖ «យើងមានក្តីរំភើបរីករាយក្នុងការរៀបចំកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នៅ ប្រទេសកម្ពុជា នាឆ្នាំនេះ។ ប្រធានបទកិច្ចប្រជុំកំពូលរបស់យើងឆ្នាំនេះគឺ ‘នៅពេលដែលថ្ងៃនេះជួបថ្ងៃស្អែក (Where today meets tomorrow)' ដែលយើងនឹងពិភាក្សាអំពីនិន្នាការអភិវឌ្ឍ និងបច្ចេកវិទ្យាសំខាន់ៗ ដើម្បីជួយក្រុមហ៊ុនអាជីវកម្ម និងសហគមន៍ក្នុងការស្វែងរកឱកាសឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន និងជំរុញកំណើនសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះគឺជាឱកាសដ៏គួរឱ្យរំភើបមួយសម្រាប់ការដោះដូរគំនិត និងកាន់តែស៊ីជម្រៅ ក៏ដូចជាបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយអ្នកផ្សេងទៀត និងជួយឱ្យពួកគេដោះស្រាយបញ្ហាប្រឈមនៅថ្ងៃស្អែក»។

ថ្នាក់ដឹកនាំផ្នែកទីផ្សារលំដាប់ពិភពលោក និងក្នុងតំបន់ ដូចជា លោកស្រី Eva Chen អគ្គនាយករងផ្នែក Fashion Partnerships របស់ក្រុមហ៊ុន Meta និងលោក Gary Vaynerchuck អគ្គនាយកក្រុមហ៊ុន VaynerX និងជានាយកប្រតិបត្ដិក្រុមហ៊ុន VaynerMedia ក៏នឹងចូលរួមផងដែរដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗដូចជា៖

● ការតភ្ជាប់ទំនាក់ទំនងតាមរយៈ Discovery Commerce៖ សារៈសំខាន់នៃការស្វែងរកអតិថិជនតាមរយៈការច្នៃប្រឌិត និងរបៀបដែលក្រុមហ៊ុនអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេតាមរយៈបទពិសោធផ្ទាល់ខ្លួនដោយប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាដែលត្រឹមត្រូវ។

● លើកកម្ពស់ភាពជោគជ័យរបស់សហគ្រិន៖ របៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ផ្តល់អំណាចដល់ក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យមនៅទូទាំងឧស្សាហកម្មចម្រុះ ដើម្បីនវានុវត្ដ ផ្សារភ្ជាប់ទំនាក់ទំនង និងរីកចម្រើនប្រកបដោយនិរន្តរភាព

● ការបំផុសគំនិតច្នៃប្រឌិតលើបណ្តាញសង្គម៖ របៀបដែលម៉ាកយីហោ និងអ្នកបង្កើតមាតិកាអាចប្រើប្រាស់ទម្រង់ Reels និងវីដេអូ (Reels and video formats) ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងនិរន្តរភាពជាមួយអ្នកផ្សេងទៀតតាមរយៈបទពិសោធរៀបរាប់រឿងរ៉ាលម្អិត និងសំបូរបែប។

កិច្ចប្រជុំកំពូលផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងតាមអនឡាញ ហើយលោកអ្នកអាចជ្រើសរើសរបៀបនៃការចូលរួមក្នុងកិច្ចប្រជុំនេះបានតាមជម្រើសបីប្រភេទដូចខាងក្រោម៖

● ទីមួយ លោកអ្នកអាចមើលកិច្ចប្រជុំពេញលេញនៅថ្ងៃស្អែកនេះ ជាមួយកម្មវិធីនៅលើកុំព្យូទ័រ ដូចជា កម្មវិធីសំណួរ និងចម្លើយផ្ទាល់ជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Meta ក្នុងការឆ្លើយសំណួររបស់លោកអ្នក។

● ទីពីរ ប្រសិនបើលោកអ្នកចង់មើលតែវគ្គជាក់លាក់ណាមួយ ឬការរុករកអ្វីផ្សេងៗទៀត លោកអ្នកអាចចូលទៅកាន់បណ្ណាល័យ Watch Anytime របស់យើងដែលលោកអ្នកចូលទៅប្រើប្រាស់មាតិកាគ្រប់បែបយ៉ាង។

● ទីបី ប្រសិនបើលោកអ្នកមិនមានពេលវេលា ឬកំពុងធ្វើដំណើរ លោកអ្នកអាចស្តាប់ផតខាសត៍ (podcasts) របស់យើងបានជាមួយនឹងការសង្ខេបខ្លីៗអំពីមាតិកាសំខាន់របស់យើង។

ជម្រើសទាំងនេះមាននៅលើគេហទំព័ររបស់កិច្ចប្រជុំកំពូលផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meta នៅ ប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញារហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២៕


Tag:
 meta
© រក្សាសិទ្ធិដោយ thmeythmey.com