ជាតិ
ចុងសប្តាហ៍ទី២ ទេសចរភាគច្រើនទៅកម្សាន្តនៅខេត្តព្រះសីហនុ កំពត សៀមរាប និងបាត់ដំបង
17, Sep 2022 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កាលពីថ្ងៃទី១០-១១ កញ្ញា ទេសចរដើរកម្សាន្តទូទាំងប្រទេសជាង ២០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិជាង ១៨ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជិត ២ម៉ឺននាក់។ ភ្ញៀវទេសចរភាគច្រើនដើរកម្សាន្តនៅខេត្តព្រះសីហនុ កំពត សៀមរាប និងបាត់ដំបង។​



យោងតាមរបាយការណ៍លម្អិតពីទិន្នន័យភ្ញៀវទេសចរប្រចាំសប្តាហ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃសៅរ៌ និងថ្ងៃបិណ្ឌ១ ដែលត្រូវនឹងថ្ងៃអាទិត្យ ភ្ញៀវទេសចរបានចេញដើរកម្សាន្តនៅរមណីយដ្ឋាននានារហូតដល់ ២០៣ ៩២១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ១៨ ៥១៥នាក់។
 
ទោះចុងសប្តាហ៍កន្លងទៅស្ថិតក្នុងរដូវវស្សា តែខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើនជាងគេរហូតដល់ ២៧ ៥៩៤នាក់។ ចំណែកខេត្តកំពតទទួលបានទេសចរ ២៣ ៣២៤នាក់, សៀមរាបទទួលបានទេសចរ ២៣ ១៦៩នាក់ និងបាត់ដំបងទទួលបានភ្ញៀវ ១៧ ៥៧០នាក់។
  


ដោយឡែកខេត្ត៥ ដែលមានភ្ញៀវទេសចរតិចជាងគេគឺខេត្តឧត្តរមានជ័យ មានទេសចរ ៥៧៦នាក់, ខេត្តក្រចេះមានភ្ញៀវ ១ ៣១៨នាក់, ខេត្តស្ទឹងត្រែងមានភ្ញៀវ ១ ៥៣៨នាក់, ខេត្តត្បូងឃ្មុំទទួលបានទេសចរ ១ ៧៣៧នាក់ និងខេត្តកំពង់ធំ មានអ្នកដើរកម្សាន្ត ២ ០២៩នាក់ ។
 
សូមជម្រាបថា យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុបចំនួន ៩៩៨ ២៧២នាក់ កើនឡើង ៧២០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ យ៉ាងណាមិញក្រសួងទេសចរណ៍រំពឹងថា កម្ពុជាអាចទទួលបានទេសចរអន្តរជាតិ ១លាន៥០ម៉ឺននាក់ ទៅ២លាននាក់ រហូតដល់ដាច់ឆ្នាំ២០២២៕
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com