ជាតិ
សេដ្ឋកិច្ច
អូស្រ្ដាលីផ្តល់ជំនួយ៨៧លានដុល្លារអូស្រ្ដាលីដល់កម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់
18, Sep 2022 , 2:19 pm        
រូបភាព
ពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធី CAP-RAP នាថ្ងៃទី១៧ កញ្ញា នាខេត្តសៀមរាប។
ពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធី CAP-RAP នាថ្ងៃទី១៧ កញ្ញា នាខេត្តសៀមរាប។
សៀមរាប៖ រដ្ឋាភិបាលប្រទេសអូស្រ្ដាល បានប្រកាសដាក់ដំណើរការក្មវិធីថ្មីឈ្មោះថា ភាពជាដៃគូកម្ពុជា-អូស្រ្ដាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ឬ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានទំហំថវិកា ៨៧លានដុល្លារអូស្រ្ដាលី។

 
ក្នុងពិធីដាក់ឱ្យដំណើរការនារសៀលថ្ងៃទី១៧ កញ្ញា នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា លោក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មអូស្រ្ដាលី លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកមិនមានភាពធន់ទេ ដោយសារបញ្ហាជំងឺរាតត្បាតជាសកល ក្នុងនោះមានកម្ពុជា និងអូស្រ្ដាលីផង។ លោកបន្តថា អូស្រ្ដាលីមានមោទកភាពដែលបានផ្តល់ជំនួយ ៨៧លានដុល្លារអូស្រ្ដាលី សម្រាប់កម្មវិធី CAR-RED ក្នុងរយៈពេល៥ឆ្នាំ ដែលនឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច និងជំរុញការវិនិយោគសាធារណ និងវិស័យឯកជនប្រកបដោយផលិតភាព និងបរិយាបន្ន ដែលជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
 
លោកឧបការី Tim Ayres ថ្លែងទៀតថា កម្មវិធី CAP-RAD នឹងជួយអូស្រ្ដាលីក្នុងការចែករំលែកចំណេះដឹងជំនាញ និងចំណេះដឹងបច្ចេកទេសជាមួយនឹងសមភាគីក្នុងវិស័យសំខាន់ចំនួន៣ ហេដ្ឋារចនាសម្ពន្ធ ពាណិជ្ជកម្ម ការវិនិយោគកសិកម្ម និងកសិកែច្នៃ។ ហើយកម្មវិធីនេះក៏ផ្តោតលើការងារទឹកស្អាត យេនឌ័រ និងការបម្រែបម្រួលអាកាសធាតុ និងសហគ្រាសធុនតូច និងមធ្យមផងដែរ។
 
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោក វង្សី វិស្សុត បានអរគុណដល់រដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ការបេ្ដជ្ញាចិត្ត និងការគាំទ្រលើកម្មវិធី CAP-RED។


 
«ផ្អែកលើការកំណត់ត្រាជោគជ័យ និងសម្រាប់លទ្ធផលអតីតកាលដ៏រឹងមាំ ខ្ញុំមិនមានភាពសង្ស័យទេថា ៥ឆ្នាំបន្ទាប់នូវការអនុវត្តកម្មវិធីនេះ ជាមួយនឹងការប្ដេជ្ញាចិត្តនូវហិរញ្ញប្បទាន៨៧លានអូស្រ្ដាលី នឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យ ដែលយើងទាំងអស់គ្នាពិតជាមានមោទនភាព។ បំណងកម្មវិធីនេះ គឺធានាកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន»។ នេះជាការបញ្ជាក់របស់លោក វង្សី វិស្សុត។
 
កម្មវិធី CAP-RED ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ទាំងវិស័យសាធារណ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរ ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។ កម្មវិធីនេះនឹងជួយកម្ពុជា និងសមភាគីផ្សេងទៀត បង្កើតគោលនយោបាយនានាដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព។ ដើម្បីសម្រេចកិច្ចការងារនេះ កម្មវិធីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងផ្នែកពាក់ព័ន្ធក្នុងវិស័យចំនួន៣ ដើម្បីជំរុញកំណើន ដូចជាសេវាហេដ្ឋារចនាសម្ពន្ធ កសិកម្ម និងកសិ-កៃច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស ដោយផ្តោតសំខាន់លើការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម៕
 
 
 

Tag:
 CAP-RED
  បម្រែបម្រួលអាកាសធាតុ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com