កីឡាជាតិ
ជាតិ
អគ្គលេខាធិការភ្នំពេញក្រោន៖ កីឡាករគួរចៀសគ្រឿងស្រវឹង និងជក់បារី បើចង់ប្រកបអាជីពបានយូរ
19, Sep 2022 , 7:59 am        
រូបភាព
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន រូបពីលោក លី ហៀង
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន រូបពីលោក លី ហៀង
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន យល់ឃើញថា កីឡាករបាល់ទាត់អាជីព ត្រូវតែចេះពីរបៀបថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ ដើម្បីអាចប្រកបអាជីពក្នុងវិស័យកីឡាបាល់ទាត់បានយូរ។ អគ្គលេខាធិការរូបនេះ ណែនាំឱ្យកីឡាករអាជីពទាំងនោះ គួរកុំសេបគ្រឿងស្រវឹង និងជក់បារី។

 
លោក លី ហៀង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ចំពោះការអនុវត្តដ៏ល្អលើរបបអាហារ ការសេបគ្រឿងស្រវឹង និងជក់បារីជាដើម របស់កីឡាករអាជីព និងធ្វើឱ្យពួកគេមានសមត្ថភាព ក្នុងការបន្ដលេងឲ្យក្លិប និងជម្រើសជាតិបានច្រើនឆ្នាំ។ លើសពីនេះ ពួកគេក៏ជាគំរូដ៏ល្អដល់កីឡាករជំនាន់ក្រោយផងដែរ។
 
អគ្គលេខាធិការរូបនេះ រៀបរាប់ថា៖ «ប្រសិនជាកីឡាករទាំងអស់ ថែរក្សាសុខភាពរបស់ពួកគេ ដោយបរិភោគអាហារត្រឹមត្រូវ ហើយមិនជក់បារី និងមិនផឹកគ្រឿងស្រវឹងហួសកម្រិតទេនៅជារឿងល្អ។ ខ្ញុំ ចង់មានន័យថា អាហារបរិភោគ គួរតែជាអាហារសុខភាព មិនផឹកសារធាតុផ្អែមខ្លាំងពេក និងម្ហូបដែលមានជាតិខ្លាញ់ច្រើន។ អាហារដែលមានសុខភាពល្អ គួរតែជាត្រី មាន់ជាដើម ជាពិសេស ការចូលសម្រាកទៀតទាត់។ ទាំងអស់នេះ គឺដើម្បីអាចឲ្យពួកគេប្រលូកក្នុងអាជីពបានយូ»។ 


 កីឡាករ គួច សុកុម្ភៈ ហ្វឹកហាត់តេស្ដ ដើម្បីចូលរួមជាមួយជម្រើសជាតិ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ជាមួយគ្នានេះដែរ កីឡាករ គួច សុកុម្ភៈ ខ្សែបម្រើរបស់ក្លិបណាហ្គាវើលដ៍ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការថែរក្សាសុខភាពរបស់ខ្លួន ដោយមិនបរិភោគ គ្រឿងស្រវឹង និងបារី ព្រោះចង់ប្រលូកវិស័យបាល់ទាត់បានយូរអង្វែង។ ជាក់ស្ដែង កីឡាកររូបនេះ បានចាប់អាជីពជាកីឡាបាល់ទាត់ ជាង២០ឆ្នាំ ហើយក៏ត្រូវបានអ្នកគាំទ្រឲ្យឈ្មោះ ជាផ្ការីកគ្រប់រដូវ ព្រោះ សុកុម្ភៈ តែងមានវត្តមានក្នុងជម្រើសជាតិ ជានិច្ច។ ប៉ុន្ដែ ឆ្នាំ២០២២នេះ ខ្សែបម្រើកណ្ដាលរូបនេះ មិនបានបង្ហាញខ្លួនក្នុងជម្រើសជាតិទេ ដោយទុកឱកាសឲ្យកីឡាជំនាន់ក្រោយអាចបង្ហាញសមត្ថភាព។
 
«គ្រឿងស្រវឹង និងបារីមិនល្អទេ ប្រសិនបើអ្នក បរិភោគច្រើន។ ជាកីឡាករអាជីព ខ្ញុំចង់ លេងបានយូ និងរក្សាទម្រង់លេងបានល្អ។ ការផឹកគ្រឿងស្រវឹង មិនថាកីឡាករ នៅកម្ពុជាទេ សូម្បីនៅបរទេស ក៏បរិភោគដែរ ប៉ុន្ដែ ពួកគេត្រូវគិត ពីសុខភាព និងការប៉ះពាល់ដល់អាជីពរបស់ពួកគេ។»។ កីឡាករ គួច សុកុម្ភៈ បាននិយាយបែបនេះ។ 
 
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន រូបពីលោក លី ហៀង
ក្រៅពី សុកុម្ភៈ ក៏មានកីឡាករផ្សេងទៀត ដែលរក្សាបាននូវការអនុវត្តដ៏ល្អនេះ ព្រោះស្រឡាញ់អាជីព និងសុខភាពខ្លួន។ កីឡាករទាំងនោះ សុទ្ធតែទទួលបានការសរសើរ ពីក្លិបអំពីការអនុវត្តដ៏ខ្ជាប់ខ្ជួន។ កីឡាករទាំងនោះ មាន កីឡាករ កែវ សុខផេង, អ៊ន ចាន់ប៉ូលីន និងយ៉ើ សាហ្វី។ 
 
ជាមួយនិងការរីកចម្រើន និងការចូលរួមពីយុវជនថ្នាលជាច្រើន សុខភាព គឺជាកត្ដាចំបង។ កីឡាករអាជីពម្នាក់ ត្រូវមានការអប់រំ យល់ដឹងអំពីការថែទាំសុខភាពខ្លួន ដើម្បីអាចបន្ដអាជីពបានយូរអង្វែង ហើយជាពិសេសធ្វើជាគំរូដល់ កីឡាករជំនាន់បន្ទាប់ទៀត៕
 


កីឡាករ កែវ សុខផេង ហ្វឹកហាត់តេស្ដ ដើម្បីចូលរួមជាមួយជម្រើសជាតិ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា


Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com