អន្តរជាតិ
ចិន៖ មនុស្ស​២៧​នាក់​​ស្លាប់​ក្នុងគ្រោះថ្នាក់​ក្រឡាប់រថយន្តដែល​ដឹកពួកគេទៅចត្តាឡីស័ក
19, Sep 2022 , 11:29 am        
រូបភាព
មនុស្ស​ចំនួន​២៧នាក់ បាន​ស្លាប់​កាលពីថ្ងៃអាទិត្យ ក្នុងគ្រោះថ្នាក់​រថយន្តធ្លា​ក់ក្រឡាប់ នៅភាគនិរតី​របស់ចិន។ បើតាម​អាជ្ញាធរ​តំបន់ ជន​រងគ្រោះស្ថិតក្នុងចំណោមមនុស្សជិត​​៥០នាក់ ដែលត្រូវបាននាំទៅ​កាន់​ទីតាំងចត្តាឡីស័ក​មួយ​កន្លែង​ដើម្បី​ទប់ស្កាត់ការរាលដាលកូវីដ-១៩។

 
គ្រោះថ្នាក់​រថយន្តក្រឡាប់ ក្រោយធ្លាក់​ផ្លូវ បានកើតឡើង​នៅលើ​ផ្លូវជន​បទមួយកន្លែងក្នុងខេត្ត Guizhou ដែល​ជាតំបន់​សម្បូរទៅដោយជន​ជាតិ​ភាគតិចរស់នៅ។ ទីភ្នាក់ងារព័ត៌មាន AFP បាន​ដកស្រង់សំដី​ប៉ូលិស​មូលដ្ឋាន ដែលបានបញ្ជាក់ថា ក្នុងរថយន្តមាន​មនុស្ស​សរុប​៤៧នាក់។
 
ក្រៅពី​មនុស្ស​២៧នាក់ ដែលត្រូវបានអះអាងថា ស្លាប់ភ្លាមៗ មនុស្ស​នៅ​សេសសល់​ប្រមាណ​២០នាក់ទៀត សុទ្ធតែ​រង​របួស ដោយភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្ត​បន្ទាប់។
 
ក្រោយ​ហេតុការណ៍គ្រោះថ្នាក់ អាជ្ញាធរ​ខេត្ត Guizhou បាន​បញ្ជាក់ថា ជន​រងគ្រោះទាំងនោះ ជាអ្នកដែល​ត្រូវ​ដឹកទៅកាន់​ទីតាំងចត្តាឡីស័កមួយកន្លែង ប៉ុន្តែ​មិន​មាន​ការបញ្ជាក់ថា មនុស្ស​ប៉ុន្មាននាក់​កើតកូវីដ-១៩នោះឡើយ។
 
យោងតាម AFP ខេត្ត Guizhou ទើបមាន​ករណីឆ្លងថ្មីជិត​៩០០ករណីនារយៈពេល​២​ថ្ងៃ​ចុងក្រោយ ហើយ​ការរៀបចំទីតាំង​ចត្តាឡីស័ក​ គឺជាការអនុវត្ត​តាមគោលនយោបាយ សូន្យ-កូវីដ (Zero-Covid) របស់​ចិន៕
 

Tag:
 កូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com