អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
EU ថ្កោលទោសផែនការរបស់រុស្សីក្នុងការធ្វើប្រជាមតិនៅតំបន់មួយចំនួនក្នុងអ៊ុយក្រែន
21, Sep 2022 , 4:29 pm        
រូបភាព
ប្រមុខគោលនយោបាយសហភាពអឺរ៉ុប Josep Borrell។ រូបថត AFP
ប្រមុខគោលនយោបាយសហភាពអឺរ៉ុប Josep Borrell។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រជាមតិដែលមានរុស្សីនៅពីក្រោយ គ្រោងរៀបចំនៅតំបន់ចំនួន២របស់អ៊ុយក្រែនចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែកញ្ញា។ សហភាពអឺរ៉ុប ចេញមុខថ្កោលទោសផែនការនេះ។

 
សង្គ្រាមរុស្សីអ៊ុយក្រែន ដែលចាប់ផ្តើមពីចុងខែកុម្ភះនៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។ ជាមួយគ្នានេះ រុស្សីបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការក្រសោបយកទឹកដីអ៊ុយក្រែនតាមរយៈការរៀបចំធ្វើប្រជាមតិនៅតំបន់មួយចំនួនរបស់អ៊ុយក្រែន ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការបញ្ចូលតំបន់ទាំងនោះតែម្ដង។ 
 
តំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែនមានសាធារណរដ្ឋ Donetsk និង Luhansk ដែលគាំទ្រ និងត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យដោយរុស្សី បានស្នើទីក្រុងមូស្គូឱ្យធ្វើប្រជាមតិដើម្បីចូលជាផ្នែកមួយនៃរុស្សី។ ប្រជាមតិនេះនឹងធ្វើឡើងពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែកញ្ញា។ រីឯអ្នកគ្រប់គ្រងតំបន់ពីរទៀតដូចជា តំបន់ Kherson និងZaporizhzhia ដែលជាតំបន់មិនទាន់បានការទទួលស្គាល់ពីរុស្សីក៏និយាយថា ពួកគេចង់ធ្វើប្រជាមតិដូច Donetsk និង Luhansk ។​ 
 
ទាក់ទងនឹងផែនការធ្វើប្រជាមតិនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell និយាយថា សហភាពអឺរ៉ុបថ្កោលទោសចំពោះផែនការធ្វើប្រជាមតិរបស់តំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែនដែលរៀបចំដោយរុស្សី ហើយប្រជាមតិនេះមិនអាចចាត់ទុកជាការបញ្ចេញមតិដោយសេរី និងដោយឆន្ទៈរបស់ប្រជាជននៅក្នុងតំបន់ទាំងនោះទេ។ 
 
«សហភាពអឺរ៉ុបថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរបស់រុស្ស៊ីក្នុងការធ្វើប្រជាមតិដោយខុសច្បាប់នៅតំបន់ផ្តាច់ខ្លួនមួយចំនួនក្នុងអ៊ុយក្រែន ដែលវាជាការប្រឆាំងនឹងច្បាប់អន្តរជាតិ និងបំពានលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយប្រទេសក្នុងសហភាពអឺរ៉ុបនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ។» លោកនិយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា។
 
លោកបន្ថែមថា រុស្សី និងអ្នកដែលពាក់ព័ន្ធនៅក្នុងប្រជាមតិ និងអ្នកដទៃទៀតដែលរួមចំណែកបំពានច្បាប់អន្តរជាតិនៅអ៊ុយក្រែននឹងត្រូវទទួលខុសត្រូវ ហើយវិធានការរឹតបន្តឹងប្រឆាំងរុស្សីនឹងត្រូវបានពិចារណាបន្ថែមទៀត។ 
 
មុនសហភាពអឺរ៉ុបថ្កោលទោស អ៊ុយក្រែនក៏មានប្រតិកម្មផងដែរ។ ប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak និយាយថា ​ការ​គំរាម​​​ធ្វើប្រជាមតិរបស់ទីក្រុងមូស្គូ​​ ជាកំហុសឆ្គង​ដោយ​ចេតនាមួយ និងជា​សញ្ញា​មួយ​ដែល​រុស្ស៊ី​កំពុង​​ភ័យ​ខ្លាច​នៃ​ការ​បរាជ័យ​។ 
 
មុនថ្ងៃទី២៤ ខែកុម្ភះ តំបន់ Donetsk និង Luhansk គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី។ មកត្រឹមខែមិថុនា មន្ត្រីរុស្សីអះអាងថាខ្លួនបានកាន់កាប់តំបន់ Donetsk ជាង៦០ភាគរយ។ 
 
រុស្សីក៏ធ្លាប់ធ្វើប្រជាមតិនៅតំបន់គ្រីមៀ នៅឆ្នាំ២០១៤ផងដែរ បន្ទាប់ពីបានឈ្លានពាននៅតំបន់នោះ ហើយក៏ត្រូវបានថ្កោលទោសពីអន្តរជាតិយ៉ាងខ្លាំងផងដែរ៕
 

Tag:
 EU
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com