អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី នឹងកែនទាហានបម្រុង៣០ម៉ឺននាក់ ក្រោយលោក ពូទីន ចេញបញ្ជា
21, Sep 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២១ ខែកញ្ញា បានបញ្ជាឱ្យកែនយោធាជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយប្រើទាហានបម្រុង។ ក្នុងសុន្ទរកថាមួយ លោក ពូទីន ព្រមាន លោកខាងលិចថា ប្រសិនបើនៅតែបន្តសកម្មភាពការគំរាមរុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ នោះទីក្រុងមូស្គូនឹងឆ្លើយតបទៅវិញជាមួយអាវុធរបស់ខ្លួន។



សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលរុស្ស៊ីតែងហៅថាជាប្រតិបត្តិការយោធាពិសេស បានអូសបន្លាយជាង ៧ ខែមកហើយ។​ ការប៉ះទង្គិចគ្នានេះបានបង្កឱ្យមានការខូចខាចគិតជាទឹកប្រាក់ ៩៧ ពាន់លានដុល្លារ ខណៈធនាគារពិភាពលោកលើកឡើងថា អ៊ុយក្រែនត្រូវការប្រាក់ប្រមាណ ៣៥០ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ។ 
 
ឯរុស្សីវិញ ហាក់គ្មានសញ្ញាដកថយឡើយ ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រកាសកែនទ័ពបន្ថែម។
«ប្រសិនបើបូរណភាពទឹកដីនៃប្រទេសរបស់យើងត្រូវបានគំរាម យើងនឹងប្រើគ្រប់មធ្យោបាយដែលមានដើម្បីការពារប្រជាជនរបស់យើង។ នេះមិនមែនជាការនិយាយកុហកទេ»។ លោក ពូទីន លើកឡើងបែបនេះក្នុងសុន្ទរកថាតាមទូរទស្សន៍ក្នុងស្រុកនៅថ្ងៃទី២១ ខែកញ្ញា។ 
 
បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រុស្ស៊ីបានចល័តទ័ពបម្រុងចំនួន៣០ម៉ឺននាក់ទៀតដើម្បីចូលរួមក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ ការចល័តទ័ពបន្ថែមនេះ កើតឡើងក្រោយកងទ័ពរុស្ស៊ីទទួលបរាជ័យក្រោយប្រឈមមុខនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់មួយចំនួន។
 
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា ការចល័តរបស់រុស្ស៊ី ជាជំហានដែលអាចព្យាករបាន។ បើតាមមន្រ្តីដដែល​ ការចល័តរបស់រុស្ស៊ីបានគូសបញ្ជាក់ថា សង្រ្គាមមិនដំណើរការទៅតាមផែនការរបស់ទីក្រុងមូស្គូនោះទេ។
 
យ៉ាងណាមិញ បើតាមលោក ពូទីន ការចល័តទ័ពមួយផ្នែកនៃក្រុមបម្រុងយោធាដែលមាន២លាននាក់របស់រុស្ស៊ី គឺដើម្បីការពារស្ស៊ី និងទឹកដីរបស់ខ្លួន ដោយលោកលើកហេតុផលថាលោកខាងលិចមិនចង់បានសន្តិភាពនៅអ៊ុយក្រែន។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងទីក្រុងប្រ៊ុចសែលកំពុងជំរុញទីក្រុងកៀវអនុវត្តប្រតិបត្តិការយោធាក្នុងទឹកដីរុស្ស៊ី និងមានបំណងបំផ្លាញរុស្ស៊ីថែមទៀយ។ 
 
គួរបញ្ជាក់ថា ក្នុងការប៉ះទង្គិចដោយអាវុធនាពេលថ្មីៗ យោធាអ៊ុយក្រែនបានវាយប្រហារជាបណ្តើរៗទៅលើគោលដៅនានានៅរុស្ស៊ីដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដោយលោកខាងលិច៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com