អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកអ៊ែរដូហ្កាន់៖ កិច្ចព្រមព្រៀងនាំធញ្ញជាតិចេញពីអ៊ុយក្រែនដែលតួកគីជួយសម្រួល ជាសមិទ្ធផលដ៏ធំរបស់ UN
21, Sep 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ថ្លែងក្នុងមហាសន្និបាត។ រូបថតពី UN Media Center
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ថ្លែងក្នុងមហាសន្និបាត។ រូបថតពី UN Media Center
ដោយ:
ថ្លែងនៅសម័យប្រជុំលើកទី៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ លើកឡើងនៅថ្ងៃទី២០ ខែកញ្ញាថា កិច្ចព្រមព្រៀងនាំធញ្ញជាតិចេញពីអ៊ុយក្រែន ជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់UN ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាភាគីមួយសម្របសម្រួលកិច្ចព្រមព្រៀងនាំធញ្ញជាតិនេះ ប្រធានាធិបតីតួកគីរូបនេះក៏បានជំរុញឱ្យពិភពលោកគាំទ្រកិច្ចប្រឹងប្រែងរបស់តួកគីក្នុងការស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។

 
តួកគី អង្គការសហប្រជាជាតិ(UN) រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២២ ខែកក្កដា នាទីក្រុងអ៊ីស្តង់ប៊ុលដើម្បីបើកផ្លូវនាំធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនចំនួនបីឡើងវិញ បន្ទាប់ពីត្រូវបានជាប់គាំងដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ 
 
មជ្ឈមណ្ឌលសម្របសម្រួលរួមដែលមានតំណាងមកពីប្រទេសទាំងបីនៅទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ត្រួតពិនិត្យមើលការដឹកជញ្ជូននោះក៏ត្រូវបានសម្ពោធឡើងនៅចុងខែកក្កដា។ មកទល់ពេលនេះ នាវាជាង១៦០គ្រឿងបានដឹកធញ្ញជាតិជាង៣លានតោនបានដឹកទៅកាន់ពិភពលោកដើម្បីដោះស្រាយបញ្ហាកង្វះខាតស្បៀងហើយ។ 
 
«ជាលទ្ធផលនៃកិច្ចប្រឹងប្រែងយ៉ាងខ្លាំងរបស់យើងជាមួយអគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតេរ៉េស យើងបានធ្វើឱ្យប្រាកដថា ធញ្ញជាតិអ៊ុយក្រែនទៅដល់ពិភពលោកតាមរយៈសមុទ្រខ្មៅ»។ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ថ្លែងបែបនេះនៅមហាសន្និបាតដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះដែលសំខាន់ដើម្បីរក្សាការផ្គត់ផ្គង់ធញ្ញជាតិសកលគឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់ UN ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ 
 
បើតាមលោកអ៊ែរដូហ្កាន់ តួកគីនឹងបន្តកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនជាមួយកិច្ចព្រមព្រៀងមួយដោយផ្អែកលើឯករាជ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ មេដឹកនាំតួកគីរូបនេះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រដោយស្មោះចំពោះកិច្ចប្រឹងប្រែងរបស់ក្រុងអង់ការ៉ាក្នុងការនាំយកសន្តិភាពយូរអង្វែងរវាងក្រុងមូស្គូ និងក្រុងកៀវផងដែរ៕
 
 
 
 
 
 
 
 
 

Tag:
 តួកគី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com