អន្តរជាតិ
លោកម៉ាក្រុង៖ បើសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត ការគំរាមកំហែងលើអឺរ៉ុប និងពិភពលោកមានកាន់តែធំ
22, Sep 2022 , 9:29 am        
រូបភាព
លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី២០ ខែកញ្ញា។ រូបភាពយកពី UN News
លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី២០ ខែកញ្ញា។ រូបភាពយកពី UN News
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២០ ខែកញ្ញា បានព្រមានថា បើសង្រ្គាមនៅអ៊ុយក្រែនអូសបន្លាយកាន់តែវែង វានឹងគំរាមកំហែងដល់អឺរ៉ុប និងពិភពលោកកាន់តែធំឡើង។ មិនតែប៉ុណ្ណោះ លោកម៉ាក្រុងបានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចធ្វើឱ្យមានសង្រ្គាមនៅតំបន់ផ្សេងដូចជាអាស៊ី អាហ្រ្វិក ឬអាម៉េរិកឡាទីន នាពេលអនាគត។

 
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលកើតមានតាំងពីខែកុម្ភៈ បានក្លាយជាប្រធានបទដ៏ក្តៅនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលមេដឹកនាំប្រទេសជាច្រើនមកជួបជុំគ្នាលើកដំបូងចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩។ ក្នុងថ្ងៃដំបូងនៃសម័យប្រជុំលើកទី​៧៧របស់មហាសន្និបាតនាថ្ងៃទី២០ ខែកញ្ញា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានពីការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ចំពោះទ្វីបអឺរ៉ុប និងពិភពលោក។
 
«បើសង្រ្គាម(នៅអ៊ុយក្រែន)កាន់តែអូសបន្លាយ ការគំរាមកំហែងលើអឺរ៉ុប និងពិភពលោកមានកាន់តែធំ»។ លោកម៉ាក្រុងបានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វានឹងបង្កឱ្យមានសង្រ្គាមកាន់តែធំ ដែលសន្តិសុខ និងអធិបតេយ្យ នឹងឈប់ពឹងផ្អែកលើកម្លាំងនៃសម្ព័ន្ធមិត្តទៀតហើយ តែវាអាស្រ័យលើកម្លាំងយោធារបស់ប្រទេសមួយក្រុម។ បើតាមលោកម៉ាក្រុង អ្វីដែលបារាំងបានឃើញ គឺពិភពលោក កំពុងវិវដ្តទៅរកសម័យចក្រពត្តិនិយម។ 
 
ត្រង់ចំណុចនេះ មេដឹកនាំបារាំង បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងប៉ារីសជំទាស់ចំពោះសកម្មភាពយោធាបែបខាងលើ ហើយបន្តស្វែងរកសន្តិភាព។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ បានព្រមានផងដែរថា សង្រ្គាមនៅអ៊ុយក្រែន ជាការត្រួសត្រាយផ្លូវឱ្យមានសង្រ្គាមនៅតំបន់ផ្សេងទៀតនាពេលអនាគត ដូចជាអាស៊ី អាហ្រ្វិក និងអាម៉េរិកឡាទីនជាដើម។ 
 
បើទោះចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនជាការបំផ្លាញគោលការណ៍របស់អង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែលោកម៉ាក្រុង នៅតែអះអាងថា លោកបន្តរក្សាការជជែកពិភាក្សាជាមួយរុស្ស៊ី ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន។ កន្លងមក លោកម៉ាក្រុង បានជជែកជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីជាច្រើនលើក ជុំវិញការស្វែងរកសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែកិច្ចសន្ទនាទាំងនោះ មិនបានបញ្ឈប់សកម្មភាពយោធារុស្ស៊ីនោះទេ។ 
 
នៅចំពោះមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងទៀត លោកម៉ាក្រុង បានជំរុញឱ្យមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួយការពារសន្តិភាព ដែលជាទ្រព្យដ៏មានតម្លៃសម្រាប់ប្រជាជាតិទាំងអស់។ 
 
មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន មានរយៈពេលជាច្រើនខែមកហើយ ដោយប្រជាជនស៊ីវិលនៅអ៊ុយក្រែនជាច្រើនពាន់នាក់បានស្លាប់ និងរបួស ខណៈប្រជាជនជាច្រើនលាននាក់ផ្សេងទៀត បានភៀសខ្លួនរកកន្លែងសុវត្ថិភាព៕ 
 

Tag:
 បារាំង
  UNGA
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com