អន្តរជាតិ
លោកបៃឌិន៖ ការឈ្លានពានរបស់រុស្ស៊ី ជាការលុបបំបាត់សិទ្ធិអ៊ុយក្រែនក្នុងនាមជារដ្ឋ
22, Sep 2022 , 11:09 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន នាមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី២១ ខែកញ្ញា។ រូបភាពយកពីUN
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន នាមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី២១ ខែកញ្ញា។ រូបភាពយកពីUN
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន នៅថ្ងៃទី២១ ខែកញ្ញា បានយល់ឃើញថា សង្រ្គាមនៅអ៊ុយក្រែន ជាការលុបបំបាត់សិទ្ធិរបស់អ៊ុយក្រែន ក្នុងនាមជារដ្ឋ។ ទន្ទឹមនេះ មេដឹកនាំអាម៉េរិក បានប្តេជ្ញាសហការជាមួយសម្ព័ន្ធមិត្ត ដើម្បីដាក់សម្ពាធលើរុស្ស៊ីបន្ថែមទៀត រួមទាំងជួយអ៊ុយក្រែនការពារខ្លួន។

 
ក្នុងថ្ងៃទីពីរនៃសម័យប្រជុំលើកទី៧៧របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានរិះគន់ខ្លាំងៗលើរុស្ស៊ី ជាពិសេសលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានបញ្ជូនយោធាឈ្លានពានអ៊ុយក្រែន ដែលជាប្រទេសជិតខាងខ្លួន។ ត្រង់ចំណុចនេះ លោកបៃឌិន បានចាត់ទុកជាថ្មីជុំវិញសកម្មភាពយោធារបស់រុស្ស៊ី ជាការបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងលុបសិទ្ធិអ៊ុយក្រែន ក្នុងការនាមជារដ្ឋ។
 
«សង្រ្គាមនេះ ជាការលុបបំបាត់សិទ្ធិអ៊ុយក្រែន ក្នុងការកកើតជារដ្ឋ»។ ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសុន្ទរកថានៅចំពោះមេដឹកនាំបណ្តាប្រទេសផ្សេង និងប្រេសិតរុស្ស៊ី រួមទាំងអ៊ុយក្រែនផង។ មេដឹកនាំចាស់វស្សារូបនេះ បានចាត់ទុកសិទ្ធរបស់អ៊ុយក្រែន គឺមានដូចរដ្ឋអធិបតេយ្យផ្សេងទៀតដែរ។ 
 
ដោយរំឮកពីជំនួយយោធា និងមនុស្សធម៌ទៅអ៊ុយក្រែន លោកបៃឌិន បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយរួមទាំងសម្ព័ន្ធមិត្ត បានផ្តល់ជំនួយយោធា និងមនុស្សធម៌ជាច្រើនពាន់លានដុល្លារដល់ក្រុងកៀវ ដើម្បីការពារខ្លួនពីការឈ្លានពានពីសំណាក់ក្រុងមូស្គូ។ មិនតែប៉ុណ្ណោះ អាម៉េរិក និងសម្ព័ន្ធមិត្តក៏បានដាក់សម្ពាធ និងទណ្ឌកម្មលើរុស្ស៊ីផង។ 
 
ដោយរើសយកសេរីភាព អធិបតេយ្យ លោកបៃឌិន បានសង្កត់ធ្ងន់ថា អាម៉េរិកចង់ឱ្យសង្រ្គាមនៅអ៊ុយក្រែន ត្រូវបញ្ចប់។ មេដឹកនាំអាម៉េរិករូបនេះ បានបន្តថា ប្រទេសមួយមិនត្រូវគ្រប់គ្រងដែនដីនៃប្រទេសមួយទៀត ដោយកម្លាំងយោធាឡើយ ហើយមានប្រទេសតែមួយគត់ដែលអនុវត្តចំណាត់ការបែបនេះ នោះគឺរុស្ស៊ី។ 
 
បន្ថែមពីនេះ លោកបៃឌិន ក៏បានលើកឡើងពីការព្រមានរបស់រុស្ស៊ីជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។ ក្នុងន័យនេះ លោកបៃឌិន បានយល់ថា សង្រ្គាមអាវុធនុយក្លេអ៊ែរ នឹងមិនមានអ្នកឈ្នះហើយ ហើយវាមិនគួរកើតមានជាដាច់ខាត។ 
 
ក្រៅពីរុស្ស៊ី លោក បៃឌិន មិនភ្លេចឡើយ ក្នុងការលើកឡើងពីការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ នៅចំពោះមុខមេដឹកនាំ និងប្រេសិតនៃបណ្តាប្រទេសជាច្រើន លោកបៃឌិន បានលើកឡើងថា​ អាម៉េរិក មិនធ្លាប់ជំរុញឱ្យប្រទេសណា រើសយកអាម៉េរិក ឬចិនឡើយ ហើយអាម៉េរិកក៏មិនស្វែងរកសង្រ្គាម ឬសង្រ្គាមត្រជាក់ថ្មីដែរ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com