អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ហ្សេលេនស្គី ទាមទារឱ្យ UN បង្កើតតុលាការកាត់ទោសទង្វើឈ្លានពានរុស្ស៊ី
22, Sep 2022 , 12:09 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់កិច្ចប្រជុំមហាសន្និបាត។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់កិច្ចប្រជុំមហាសន្និបាត។ រូបថត AFP
ដោយ:
ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែកញ្ញាទាមទារឱ្យអង្គការសហប្រជាជាតិ (UN) បង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសរុស្ស៊ីជុំវិញទង្វើឈ្លានពានអ៊ុយក្រែនដែលជាសង្រ្គាមធំបំផុតនៅអឺរ៉ុបគិតចាប់ពីសង្រ្គាមលោកលើកទី២មក។​ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានទទូចឱ្យដកសិទ្ធិវ៉េតូរបស់រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ UN ផងដែរ ដោយសាររាំងស្ទះដល់ការអនុម័តសេចក្តីសម្រេចណាមួយប្រឆាំងនឹងក្រុងមូស្គូ។

 
សង្រ្គាមនៅអ៊ុយក្រែនក្លាយជាប្រធានបទសំខាន់មួយដែលត្រូវបានមេដឹកនាំពិភពលោក ពិសេសអាម៉េរិក និងសម្ព័ន្ធមិត្តលើកឡើងអំឡុងសុន្ទរកថានៅសម័យប្រជុំលើកទី៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដើម្បីរិះគន់ ថ្កោលទោស ក៏ដូចជាស្វែងរកវិធីបញ្ចប់សង្រ្គាមផងដែរ។ 
 
ដោយជាប់កាតព្វកិច្ចការពារប្រទេស ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានអនុញ្ញាតឱ្យថ្លែងសុន្ទរកថាតាមរយៈវីដេអូ ខណៈភាគីជម្លោះរុស្ស៊ីបញ្ជូនត្រឹមរដ្ឋមន្រ្តីការបរទេសទៅប្រជុំប៉ុណ្ណោះដែលនឹងចេញមុខថ្លែងសុន្ទរកថានៅថ្ងៃទី២៤ ខែកញ្ញា។ 
 
ក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា លោក ហ្សេលេនស្គី ទាមទារឱ្យមានការកាត់ទោសដោយយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដែលរុស្ស៊ីប្រព្រឹត្តលើអ៊ុយក្រែន។ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនអូសបន្លាយជាង៧ខែហើយដោយគ្មានតម្រុយណាថានឹងឆាប់បញ្ចប់ឡើយ ស្របពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ់ ពូទីន ទើបតែចេញបញ្ជាកែនទាហានបម្រុង៣០ម៉ឺននាក់បន្ថែមទៀតដើម្បីបន្តប្រតិបត្តិការសឹក។
 
«តុលាការពិសេសមួយគួរតែត្រូវបង្កើតឡើងដើម្បីដាក់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ីប្រឆាំងរដ្ឋរបស់យើង…។ រុស្ស៊ីគួរតែសងសង្រ្គាមនេះវិញដោយទ្រព្យសម្បត្តិរុស្ស៊ីផ្ទាល់»។ ប្រធានាធិបតីអ៊ុយក្រែនលើកឡើងបែបនេះរួចសង្កត់ធ្ងន់ឱ្យ UN ដកសិទ្ធិវេតូរបស់រុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខ។
 
បន្ថែមពីនេះ លោកហ្សេលេនស្គី ក៏បានចេញលក្ខខណ្ឌមិនអាចកែប្រែបានចំនួន៥ទៅកាន់ UN ដើម្បីស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនផងដែរ។ ក្នុងនោះរួមមានការដាក់ទោសអំពើឈ្លានពានរបស់រុស្ស៊ី ការស្តារបូរណភាពទឹកដី និងសន្តិសុខអ៊ុយក្រែនឡើងវិញ ក៏ដូចជាការទទួលបានការធានាផ្នែកសន្តិសុខ៕
 
 
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com