កីឡាអន្តរជាតិ
អន្តរជាតិ
Kane នឹងពាក់ស្លាកប្រធានក្រុមអង់គ្លេស មានសញ្ញាប្រឆាំងការរើសអើងនៅ World Cup 2022
22, Sep 2022 , 2:59 pm        
រូបភាព
Harry Kane ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងពាក់ស្លាកប្រធានក្រុមដែលមានឈ្មោះថា OneLove  តំណាងឱ្យការប្រឆាំងការរើសអើង នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League និង ​FIFA World Cup 2022 នៅប្រទេសកាតា។



«ខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងនាមជាប្រធានក្រុមដើម្បីជួយគាំទ្រនៃសារសំខាន់របស់សញ្ញា​ OneLove នេះ។ ជាប្រធានក្រុមមួយរូបយើងទាំងអស់គ្នាអាចប្រកួតប្រជែងគ្នានៅលើទីលាន ប៉ុន្តែយើងនៅតែបន្តរួបរួមគ្នាដើម្បីប្រឆាំងរាល់ទង្វើនៃការរើសអើងគ្រប់រូបភាព។»។ Kane និយាយបែបនេះក្នុងសន្និសីទកាសែតថ្ងៃទី២១ ខែកញ្ញា មុនការប្រកួតទល់ក្រុមអ៊ីតាលី នៅថ្ងៃទី២២។
 
ស្លាកសញ្ញាដែលមានរូបរាងបេះដូង មានពណ៍ជម្រុះឆ្នូតក្រហម ខ្មៅ បៃតង ផ្កាឈូក លឿង និងផ្ទៃមេឃ ហើយមានសញ្ញាលេខ ១ នៅចំកណ្តាល ត្រូវបានគេឱក្យឈ្មោះថា OneLove ហើយសញ្ញានេះត្រូវបានក្រុមហូឡង់ចាប់ផ្តើមប្រើដំបូងអំឡុងព្រឹត្តិការណ៍ ​Euro 2020។ ការប្រើសញ្ញានេះគឺដើម្បីផ្សព្វផ្សាយការប្រឆាំងការរើសអើង។
 
មិនត្រឹមតែហូឡង់ អង់គ្លេសនោះទេដែលប្រើស្លាកសញ្ញានេះក្នុងការប្រកួត ក្រុមប៊ែលហ្ស៊ីក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ន័រវែស ស៊ុយអែត ស្វីស និងវែលស៍ ក៏ជាក្រុមដែលគាំទ្រគំនិតផ្តួចផ្តើមនេះដែរ។ ប្រធានក្រុមនៃក្រុមជម្រើសជាតិទាំងនេះនឹងប្រើស្លាកប្រធានក្រុមដែលមានសញ្ញា OneLove នេះនៅ World Cup ចុងឆ្នាំនេះដូចគ្នា។
 
មូលហេតុចម្បងដែលនាំឱ្យមានការប្រើប្រាស់ស្លាកសញ្ញានេះក៏ព្រោះតែ ប្រទេសកាតាដែលជាអ្នករៀបចំការប្រកួត World Cup នេះមានរឿងអាស្រូវជាច្រើនទាក់ទង់ទៅនឹងការរើសអើង និងការរំលោភបំពានសិទ្ធិមនុស្ស ជាពិសេសលើកម្មករអន្តោប្រវេសន៍ដែលទៅធ្វើការងារជាអ្នកសាងសង់កីឡដ្ឋាន និងរចនាសម្ព័ន្ធផ្សេងៗនៅកាតា។ កាតាក៏ជាប្រទេសមួយដែលមានការរើសអើងខ្លាំងចំពោះអ្នកស្រលាញ់ភេទដូចគ្នា ព្រមទាំងការរំលោភបំពានសិទ្ធិរបស់ស្រ្តីផងដែរ។
 
គួររំលឹកថា ការប្រកួត World Cup 2022 អង់គ្លេសស្ថិតក្នុងពូល ​B ហើយជំនួបដំបូងក្នុងពូលនេះពួកគេត្រូវប៉ះជាមួយក្រុមអ៊ីរ៉ង់ថ្ងៃទី២១ ខែវិច្ឆិកា មុនបន្តជួប ​អាម៉េរិក ថ្ងៃទី២៦  និងចុងក្រោយប៉ះ វែលស៍ នៅ៤​ ថ្ងៃបន្ទាប់៕
 

Tag:
 Harry Kane
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com