អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើងថា មិនដែលបានផ្គត់ផ្គង់អាវុធ ឬគ្រាប់រំសេវឱ្យរុស្សីទេ
22, Sep 2022 , 5:09 pm        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
កូរ៉េខាងជើង នៅថ្ងៃទី២២ ខែកញ្ញា និយាយការពារខ្លួនថា មិនដែលបានផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវឱ្យរុស្សីទេ។ ប្រទេសនេះក៏បានព្រមានអាម៉េរិកថាឱ្យបិទមាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមណា ដែលធ្វើឱ្យខូចមុខមាត់ប្រទេសខ្លួនថែមទៀត។ 
 
នៅដើមខែកញ្ញា អាម៉េរិក អះអាងថា រុស្ស៊ីទំនងជាកំពុងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង ស្របពេលកំពុងជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែន។ ក្រោយរុស្ស៊ីបានច្រានចោលការលើកឡើងបែបនេះរួចហើយ កូរ៉េខាងជើងក៏ចេញមុខបដិសេធដែរ។
 
​អគ្គ​នាយក​រងម្នាក់​នៅ​អគ្គ​នាយកដ្ឋា​នសម្ភារៈទូទៅ​នៃ​ក្រសួង​ការពារ​ជាតិកូរ៉េខាងជើងនៅថ្ងៃទី២២ ខែកញ្ញា ចោទអាម៉េរិកថា បានផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដោយនិយាយថា កូរ៉េខាងជើងបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមការជួញដូរអាវុធជាមួយរុស្សី។​ 
 
«ពួកយើងមិនដែលបាននាំចេញសព្វាវុធ ឬគ្រាប់រំសេវទៅកាន់រុស្សីទេ ហើយក៏គ្មានគម្រោងធ្វើបែបនោះដែរ។» នេះ​បើ​តាម​ការ​បញ្ជាក់​របស់មន្ត្រីដដែលនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
 
បើតាមមន្រ្តីដដែល ទីក្រុងព្យុងយ៉ាងមិនដែលទទួលស្គាល់ទណ្ឌកម្មមិនស្របច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកលើប្រទេសខ្លួនដែលសុទ្ធតែត្រូវបានរៀបចំដោយអាម៉េរិកទាំងអស់នោះឡើយ។ លើសពីនេះ ការនាំចេញ និងនាំចូលឧបករណ៍យោធាជាសិទ្ធស្របច្បាប់ចំពោះរដ្ឋអធិបតេយ្យមួយ។ ទន្ទឹមនេះ កូរ៉េខាងជើងក៏បានប្រាប់អាម៉េរិកឱ្យបិទមាត់ឱ្យជិត និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមណាដែលធ្វើឱ្យខូចមុខមាត់ប្រទេសខ្លួន។ 
 
អាម៉េរិកនៅដើមខែកញ្ញានេះ ក៏បានចោទប្រកាន់អ៊ីរ៉ង់ថាបានផ្គត់ផ្គង់ដ្រូនឱ្យរុស្សីសម្រាប់ប្រើក្នុងសង្គ្រាមអ៊ុយក្រែន។ ជុំវិញរឿងនេះ ភាគីរុស្សី និងអ៊ីរ៉ង់បានបដិសេធចំពោះការចោទប្រកាន់របស់អាម៉េរិក និងទាមទាឱ្យអាម៉េរិកផ្តល់ភស្តុតាងបញ្ជាក់ផងដែរ៕
 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com