អន្តរជាតិ
ថៃ ចុះកិច្ចព្រមព្រៀងទិញដ្រូនតម្លៃ១០០លានដុល្លារពីអ៊ីស្រាអែល
22, Sep 2022 , 7:29 pm        
រូបភាព
ដ្រូន Hermes 900 របស់ក្រុមហ៊ុនអ៊ីស្រាអែល Elbit ។ រូបថតពីក្រុមហ៊ុន Elbit
ដ្រូន Hermes 900 របស់ក្រុមហ៊ុនអ៊ីស្រាអែល Elbit ។ រូបថតពីក្រុមហ៊ុន Elbit
កងទ័ពជើងទឹកថៃ បានចុះកុងត្រាទិញដ្រូនប្រភេទ Hermes ពីក្រុមហ៊ុនអ៊ីស្រាអែលក្នុងតម្លៃ ១០៧,៦៧លានដុល្លារ។ ការបញ្ជាទិញនេះ ត្រូវមើលឃើញពីការបន្តពង្រឹងកម្លាំ​ង​យោធា​របស់ក្រុង​បាងកក។

 
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា កងទ័ពជើងទឹកថៃ បញ្ជាក់ថា ខ្លួននឹងបញ្ជាទិញដ្រូនប្រភេទ Hermes 900 ពីក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិអ៊ីស្រាអែល Elbit Systems ក្នុងទឹកប្រាក់១០៧,៦៧លានដុល្លារ។ យ៉ាងណាមិញ កងទ័ព​ជើង​ទឹក​ថៃមិ​ន​បាន​បញ្ជាក់ពី​ចំនួននោះឡើយ។ ទឹកប្រាក់ទាំងនេះ នឹងត្រូវចំណាយទិញប្រព័ន្ធដ្រូននេះ​ក្នុងរយៈពេល​បួន​ឆ្នាំ​ចន្លោះ​ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៥។
 
សេចក្ដីថ្លែងការណ៍ដដែលនោះបានបន្តថា ដ្រូនទាំងនោះនឹងត្រូវបានប្រើប្រាស់សម្រាប់ការល្បាតនៅ​តាមសមុទ្រដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ ផ្លូវដឹកជញ្ជូន និងសម្រួលប្រតិ​បត្តិការ​តាម​សមុទ្រ​ផងដែរ។ 
 
បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន ដ្រូនប្រភេទ Hermes 900 ជាប្រភេទយន្តហោះគ្មាន​មនុស្ស​បើកខ្នាតមធ្យមដែលមានភាពធន់ក្នុងការហោះហើរលើសពី៣៦ម៉ោង និងចម្ងាយរហូតដល់​៩,១៤៤​ម៉ែត្រ ហើយអាចផ្ទុកទម្ងន់អតិបរមា៣៥០គីឡូក្រាម។ ប្រព័ន្ធដ្រូនប្រភេទនេះ​ត្រូវបានប្រើប្រាស់​នៅ​ក្នុង​ប្រទេសជាច្រើនដូចជា ហ្វីលីពីន ស្វ៊ីស សហភាពអ៊ឺរ៉ុប​ និងកាណាដា។
កាលពីឆ្នាំ២០១៧ កងទ័ព​ថៃ​បាន​ទិញ​យន្តហោះ​ដ្រូន Hermes 450 របស់ក្រុមហ៊ុន Elbit Systems ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com