អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្រ្តីជប៉ុន ចង់ជួបមេដឹកនាំកូរ៉េខាងជើង ជជែកពីបញ្ហាអាវុធនុយក្លេអ៊ែរ
22, Sep 2022 , 8:29 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ប្រកាសចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីចរចាពីកម្មវិធីនុយក្លេអ៊ែរដែលក្រុងព្យុងយ៉ាងមិនព្រមបោះបង់សោះ។ ការទទូចរបស់មេដឹកនាំជប៉ុនរូបនេះធ្វើឡើង ស្របពេលអន្តរជាតិបារម្ភថា កូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧។

 
ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និយាយថា ជប៉ុននៅតែគាំទ្រកិច្ចប្រឹងប្រែងការទូតដែលបានដាក់ចេញកាលពី២ទសវត្សរ៍មុនដោយអតីតនាយករដ្ឋមន្រ្តី Junichiro Koizumi អំឡុងទស្សនកិច្ចនៅក្រុងព្យុងយ៉ាង។ 
 
គ្រានោះ ជប៉ុន និងកូរ៉ខាងជើងបានចុះហត្ថលេខាលើសេចក្តីប្រកាសជប៉ុន-កូរ៉ខាងជើងមួយដែលក្នុងនោះ អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល យល់ព្រមជជែកជាមួយភាគីពាក់ព័ន្ធដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ 
 
«ជប៉ុនត្រៀមខ្លួនចូលរួមក្នុងកិច្ចសន្ទនាលើបញ្ហាព្រួយបារម្ភទៅវិញទៅមក»។ លោក គីស៊ីដា ថ្លែងបែបនេះដោយសង្កត់ធ្ងន់ថា លោកប្តេជ្ញាជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ហើយនឹងមិនឱ្យខកឱកាសនោះទេ។ 
 
សូមបញ្ជាក់ថា កូរ៉េខាងជើងកំពុងតែពង្រឹងមុខមាត់ប្រទេសជារដ្ឋនុយក្លេអ៊ែរដោយកន្លងមកប្រកាសថានឹងមិនបោះបង់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ហើយថែមទាំងចេញច្បាប់បិទផ្លូវរាល់ការចរចាណាមួយទាក់ទងការរំសាយថែមទៀត។ ស្របពេលការចរចារំសាយអាវុធនុយក្លេអ៊េររវាងកូរ៉េខាងជើង និងអាម៉េរិកបានជាប់គាំងតាំងពីឆ្នាំ២០១៩ កូរ៉េខាងត្បូង និងអាម៉េរិកតែងបង្ហាញជំហរចាំចរចាជាថ្មីជានិច្ច តែក្រុងព្យុងយ៉ាងហាក់ដូចជាមិនចាប់អារម្មណ៍ឡើយ៕
 
 
 
 
 

Tag:
 ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com