កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ EPL យល់ព្រមហាមឃាត់១ឆ្នាំ ចំពោះអ្នកគាំទ្រដែលរត់អុកឡុកទីលាន និងប្រើគ្រាប់បែកផ្សែង
22, Sep 2022 , 5:39 pm        
រូបភាព
អ្នកគាំទ្រណា ដែលបង្កនូវអាកប្បកិរិយាមិនសមរម្យក្នុងការប្រកួត ​Premier League នឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតរយៈពេល ១ឆ្នាំពេញ ពីសំណាក់ក្លិបដែលពួកគេបានគាំទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ​Premier League ថ្ងៃទី២១ ខែកញ្ញា ។--
-
កាលពីរដូវកាលមុនក្នុងក្របខណ្ឌ ​Premier League មានអ្នកគាំទ្រជាច្រើន បានបង្កភាពអសន្តិសុខ ដោយបានរត់ចូលអុកឡុកក្នុងទីលាន នៅពេលពួកគេអបអរជ័យជម្នះរបស់ក្រុមពួកគេ។ ដូចទៅការប្រកួតរវាង Crystal Palace និង Evertonដែរ អ្នកគាំទ្រ Everton បានអបអរដោយរត់ចូលអុកឡុកក្នុងទីលាន ក្រោយចប់ការប្រកួត ហើយអ្នកគាំទ្រទាំងនោះក៏បានវាយប្រហារទៅលើកីឡាករថែមទៀត។ 
 
រីឯជំនួបចុងក្រោយដែល Manchester City ក្លាយជាម្ចាស់ពានរង្វាន់ ​Premier League ក្រោយយកឈ្នះលើ Aston Villa លទ្ធផល ៣-២ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Man City ក៏បានរត់ចូលក្នុងទីលាន ដើម្បីជាការអបអរជ័យជម្នះក្រុមរបស់ពួកគេ។ ក្នុងហេតុការណ៍នោះអ្នកចាំទី ​Aston Villa ត្រូវបានរងការវាយប្រហារពីអ្នកគាំទ្រ ហើយរចនាសម្ព័ន្ធក្នុងទីលានត្រូវបានបំផ្លាញ។
ចំណែកការប្រើប្រាស់គ្រាប់បែកផ្សែង និងកាំជ្រួចភ្លើងក្នុងការប្រកួតបាល់ទាត់ ស្ថិតក្នុងតំបន់អឺរ៉ុប និងការប្រកួតតាមទ្វីបអឺរ៉ុប ក៏ដូចជាជុំវិញពិភពលោក បានក្លាយជាវប្បធម៌មួយទៅហើយ។ 
 
«អ្នកគាំទ្រដែលចាប់បានមានផ្ទុកនៅកាំជ្រួចភ្លើង ឬក៏គ្រាប់បែកផ្សែង ដើម្បីចូលទស្សនាការប្រកួតដោយគ្មានការអនុញ្ញាត នឹងត្រូវរងការពិន័យដោយស្វ័យប្រវត្តិពីក្លិបជាមួយរយៈពេល ១ឆ្នាំតែម្តង»។ នេះជាការលើកឡើងរបស់ ​Premier League។
 
លើសពីនេះទៅទៀត ​Premier League ក៏ដូចជាសមាគមបាល់ទាត់ក្នុងអង់គ្លេស បានអះអាងបន្ថែមថា អត្តសញ្ញាណរបស់ជនបង្កទាំងនោះ នឹងត្រូវបានក្លិបធ្វើរបាយការណ៍បញ្ជូនទៅឱ្យមន្ត្រីប៉ូលីលដើម្បីកាត់ទោស ហើយក្នុងនោះក៏មានកំណត់ត្រាលើអាកប្បកិរិយាមិនសមរម្យ ដែលអាចឈានដល់ការដាក់ពន្ធនាគា៕
 
 
 
 

Tag:
 Premier league
© រក្សាសិទ្ធិដោយ thmeythmey.com