ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ចង់ស្ដារបារាយណ៍ខាងកើតដែលមានភូមិព្រះដាក់នៅកណ្ដាលឡើងវិញ
01, Oct 2022 , 4:29 pm        
រូបភាព
ពលរដ្ឋកំពុងបង់សំណាញ់ក្នុងវាលស្រែ ដែលជាផ្នែកមួយនៃបារាយណ៍ខាងកើត នាភូមិព្រះដាក់ ស្រុកបន្ទាយស្រី។
ពលរដ្ឋកំពុងបង់សំណាញ់ក្នុងវាលស្រែ ដែលជាផ្នែកមួយនៃបារាយណ៍ខាងកើត នាភូមិព្រះដាក់ ស្រុកបន្ទាយស្រី។
សៀមរាប៖ សម្ដេច ហ៊ុន សែន បានបង្ហើបពីបំណងចង់ឱ្យបារាយណ៍ខាងកើត ដែលជាប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ មានទឹកប្រើប្រាស់ឡើងវិញ ពិសេសបម្រើផលប្រយោជន៍នាពេលបច្ចុប្បន្ន ខណៈដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើង។ ប្រមុខរាជរដ្ឋាភិបាល ចង់កាត់បន្ថយការប្រើប្រាស់ទឹកក្រោមដី  ដោយបារម្ភពីហានិភ័យប៉ះពាល់រចនាសម្ព័ន្ធគ្រឹះប្រាសាទ។

 
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅភូមិអភិវឌ្ឍន៍ថ្មី រុនតាឯក ស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១ តុលា ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងយ៉ាងដូច្នេះថា៖« ហើយកុំពឹងពាក់ខ្លាំងពេកអាអណ្ដូង ខ្ញុំព្រួយណាស់ ការប្រើប្រាស់ទឹកអណ្ដូង វាអាចធ្វើឱ្យផ្លាស់ប្ដូរស្ថានភាពនៅស្រទាប់ក្រោមដី ដែលអាចប៉ះពាល់ដល់ភាពគង់វង្សរបស់អង្គរ។ អាហ្នឹងដែលជាបញ្ហា ដែលយើងចង់ស្ដារឡើងវិញនូវបារាយណ៍ខាងកើត ដើម្បីទម្លាក់ទឹកចូល បើហោចណាស់មិនបាន៣០លានម៉ែត្រគីប ក៏បានពាក់កណ្ដាលដែរ»។ 
  

កំណាត់ផ្លូវក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី

សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យឧបនាយករដ្ឋមន្រ្តី លោក ជា សុផារ៉ា ធ្វើការលើរឿងនេះ  និងចាប់ផ្តើមគិតគូរពីការធ្វើផ្លូវវាង ជំនួសផ្លូវកំពុងប្រើប្រាស់ឆ្លងកាត់ក្នុងបារាយណ៍នេះសព្វថ្ងៃ។ ដ្បិតថាអាចប៉ះពាល់ដល់ពលរដ្ឋច្រើនរយគ្រួសារ តែសម្ដេច ហ៊ុន សែន យល់ថា ដំណោះស្រាយបញ្ចូលទឹកក្នុងបារាយណ៍ខាងកើតនេះ គឺការគិតគូរច្បាស់លាស់ និងដើម្បីអនាគតវែងឆ្ងាយ។ 
 
បារាយណ៍ខាងកើតកសាងឡើងនៅសតវត្សទី១០ ដោយព្រះបាទរាជេន្រ្ទវរ្ម័នទី២ ក្នុងបំណងស្ដុកទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជាទីសក្ការបូជាឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ នៅកណ្ដាលបារាយណ៍នេះ មានប្រាសាទមេបុណ្យខាងកើត ដែលសង់ពីថ្មបាយក្រៀម និងមានរចនាបថដូចប្រាសាទប្រែរូបដូច្នោះដែរ។ បារាយណ៍ខាងលើក មានទទឹង ១,៧គីឡូម៉ែត្រ និងបណ្ដោយ ៧,៨គីឡូម៉ែត្រ ដែលអាចស្ដុកទឹកបានប្រមាណ ៣០លានម៉ែត្រគីប។ បារាយណ៍នេះមានប្រព័ន្ធបង្ហូរទឹកពីភ្នំបូក និងទំនប់តានាវ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ 
 
ដោយសារការបោះបង់ចោលច្រើនរយឆ្នាំ ធ្វើឱ្យបារាយណ៍ខាងកើត គោកគ្មានទឹក និងក្លាយជាភូមិឋាន ដីស្រែ ដែលមានពលរដ្ឋរាប់រយគ្រួសារមកតាំងលំនៅ។ បច្ចុប្បន្នបារាយណ៍នេះមានភូមិចំនួន៤ គឺភូមិរហាល (សង្កាត់នគរធំ ក្រុងសៀមរាប) ភូមិព្រះដាក់ ភូមិថ្នល់ទទឹង និងភូមិថ្នល់បណ្ដោយ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី៕


 ប្រាសាទមេបុណ្យខាងកើត ដែលស្ថិតនៅកណ្ដាលបារាយណ៍ខាងកើត
 
 
 
 

Tag:
 បារាយណ៍ខាងកើត
  ទឹក
  ព្រះដាក់
© រក្សាសិទ្ធិដោយ thmeythmey.com