ជាតិ
សង្គមជាតិ
រដ្ឋាភិបាលទម្លាក់ថវិកា៩លានដុល្លាររៀបចំប្រព័ន្ធទឹកស្អាតដល់ពលរដ្ឋរុនតាឯក និងពាក់ស្នែង
02, Oct 2022 , 10:59 am        
រូបភាព
រដ្ឋាករទឹកស្វយ័តសៀមរាប
រដ្ឋាករទឹកស្វយ័តសៀមរាប
សៀមរាប៖ សម្ដេច ហ៊ុន​ សែន បានប្រកាសថា បានទម្លាក់កញ្ចប់ថវិកាចំនួន៦លានដុល្លារអាមេរិក សម្រាប់ការរៀបចំប្រព័ន្ធបណ្ដាញទឹកស្អាតចូលទៅតំបន់ពាក់ស្នែង និង៣លានដុល្លារអាមេរិក សម្រាប់តំបន់រុនតាឯក មុនប្រជាពលរដ្ឋតំបន់អង្គរចូលទៅរស់នៅ។

 
ថវិកា៩លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាល ទម្លាក់ជូនទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការរៀបចំបណ្ដាញទឹកស្អាត ទាញទៅតំបន់ភូមិរុនតាឯក ស្រុកបន្ទាយស្រី និងឃុំពាក់ស្នែង ស្រុកនគរធំ ដែលរាជរដ្ឋាភិបាលរៀបចំដីឡូតិ៍ដល់ពលរដ្ឋ ស្ម័គ្រចិត្តរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ។ 
 
«ព្រឹកមិញនេះ បានអនុម័តថវិកាដើម្បីបញ្ជូនបងប្អូនទាំងនោះទៅ ដោយរៀបចំប្រព័ន្ធទឹកស្អាតចំណាយប្រាក់ ២៤,៧២០ លានរៀល ប្រមាណ៦លានដុល្លារអាមេរិក ដើម្បីដំណើរការការទាញទឹកទៅតំបន់នោះ ទោះបីឥឡូវមិនទាន់មានអ្នកទៅនៅ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅកន្លែងនោះអត់ទាន់មានទឹកស្អាតទេ»។ សម្ដេច ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទះទៅនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី នាថ្ងៃទី១ តុលា។ 
 
ទាក់ទងរឿងទឹកនេះ សម្ដេចក៏ចង់ឱ្យពលរដ្ឋលែងពឹងពាក់អណ្ដូងទឹកតទៅទៀត ព្រោះវាមានហានិភ័យដល់ប្រព័ន្ធទឹកក្រោមដី ដែលមានទំនាក់ទំនងសំខាន់ទៅនឹងលំនឹងគ្រឹះប្រាសាទ។  
 
ជុំវិញការរៀបចំបណ្ដាញទឹកស្អាតនេះ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប លោក ឃុត វុទ្យារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋាករទឹកស្វយ័តសៀមរាប បានរៀបចំតបណ្ដាញចំនួន២ទីតាំង។ ទី១ សម្រាប់តំបន់រុនតាឯក គឺទាញចេញពីស្រុកប្រាសាទបាគង ត្រង់ចំណុចបំបែកផ្លូវជាតិលេខ៦ និងផ្លូវលេខ៦៧ (ជិតផ្សារអង្រ្កង) អូសទៅជើងដល់តំបន់រុនតាឯក ដែលមានចម្ងាយ១៧គីឡូម៉ែត្រ។ ទី២ សម្រាប់តំបន់ពាក់ស្នែង គឺអូសចេញពីចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ តាមផ្លូវព្រលានយន្តហោះ បត់ឡើងកាត់តាមផ្លូវកូរ៉េ ឆ្ពោះសំដៅទៅតំបន់ពាក់ស្នែង ប្រវែង ៣៤.៥គីឡូម៉ែត្រ។
 
តាមការប៉ាន់ប្រមាណ សម្រាប់ការប្រើប្រាស់ទាំង២ទីតាំង ពលរដ្ឋអាចទាញទឹកស្អាតប្រើជាប្រចាំថ្ងៃប្រមាណ ៤ពាន់ម៉ែត្រគីបសម្រាប់ពលរដ្ឋប្រមាណ៧ពាន់គ្រួសារ  ខណៈដែលសព្វថ្ងៃរដ្ឋាករទឹកស្វយ័តមានលទ្ធភាពផលិតទឹកស្អាតបាន ៣ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ 
 
លោក ឃុត វុទ្យារិទ្ធ ពន្យល់ទៀតថា៖« សព្វថ្ងៃយើងមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ការផ្គត់ផ្គង់ជាក់ស្ដែងក្នុងក្រុងមានតែ២ម៉ឺនទេជាមធ្យម យើងនៅសល់១ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ នៅដើមឆ្នាំ២០២៣ យើងនឹងសម្ពោធរោងចក្រជ្រាវមួយទៀត ដែលទាញទឹកពីទន្លេសាប ដែលមានសមត្ថភាព ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ»៕
 
 
 
 

Tag:
 រុនតាឯក
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com