ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាបជំរុញឱ្យមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមបន្ថែម
02, Oct 2022 , 11:59 am        
រូបភាព
ការស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាបនាពេលកន្លងមក
ការស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាបនាពេលកន្លងមក
សៀមរាប៖ តម្រូវការប្រើប្រាស់ឈាមក្នុងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប ពុំទាន់មានកង្វះខាតនៅឡើយ ដោយសារមានការចូលរួមពីវិស័យឯកជន ដែលកៀរគរអ្នកក្រុមអ្នកស្ម័គ្រចិត្តបរិច្ចាគជាប្រចាំ។ ដ្បិតថមថយនៅកំឡុងពេលជំងឺកូវីដរាតត្បាត មជ្ឈមណ្ឌលផ្ដល់ឈាមនេះនៅតែទទួលបានអ្នកមកបរិវច្ចាគឈាម។ យ៉ាងណា ក្រុមគ្រូពេទ្យសង្កេតឃើញថា បរិមាណអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនៅតែមានកម្រិតទាប បើធៀបនឹងប្រទេសក្បែរខាងមួយចំនួន។

 
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ លើកឡើងថា អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជាក្រុម ចាប់ផ្តើមមានសកម្មភាពឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩។ លោកថា កំឡុងពេលកូវីដរាតត្បាតខ្លាំង បរិមាណអ្នកបរិច្ចាគឈាម មានការធ្លាក់ចុះ ដោយសារអង្គភាព ក្រុមហ៊ុន សណ្ឋាគារក្នុងខេត្តបានផ្អាកអាជីវកម្ម ដែលភាគច្រើនឈាមដែលទទួល បានពីក្រុមគ្រួសារអ្នកជំងឺ ឬហៅថាការបរិច្ចាគជួស។
 


លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ រីករាយចំពោះការចូលរួមរបស់វិស័យឯកជន តែលោកក៏ចង់ឱ្យមានសន្ទុះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជាប្រចាំថ្ងៃភាគច្រើនផងដែរ។ លោកពន្យល់ថា ឈាមមានអាយុកាលកំណត់សម្រាប់ប្រើប្រាស់ ដូច្នេះការផ្តល់ច្រើននៅពេលតែមួយនោះ ក៏មិនសូវប្រសើរប៉ុន្មានដែរ។ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ៖« អ្វីដែលចង់បាន គឺជាការបរិច្ចាគរាល់ថ្ងៃ ព្រោះឈាមមានអាយុកាលរបស់វា។ ឧទាហរណ៍បើគាត់មកបរិច្ចាគមួយពាន់(ផ្លោក) ក្នុងមួយថ្ងៃ អត់សូវមានន័យដែរ ព្រោះវាមានរយៈពេលខ្លីក្នុងការប្រើប្រាស់ ចង់ឱ្យអ្នកមានសុខភាពល្អ មកបរិច្ចាគរាល់ថ្ងៃ ដើម្បីប្រើប្រាស់បានជាហូរហែ មាននិរន្តរភាព និងកាត់បន្ថយសាច់ញាតិបរិច្ចាគជួស ព្រោះខ្លះមិនបានត្រៀម មិនបានគិតគូរពីបញ្ហាសុខភាពជាមុន»។
 
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានវឌ្ឍនភាពការងារល្អប្រសើរនារយៈពេល១០ឆ្នាំចុងក្រោយ និងក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់ ហើយមជ្ឈមណ្ឌលផ្តល់ឈាមមានតួនាទីសំខាន់មួយផ្នែកសម្រាប់ការរុញវឌ្ឍនភាពការងារទាំងមូល។ យ៉ាងណា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោក ប៉ែន ផលគុណ ចង់ឱ្យមានការចូលរួមបន្ថែមទៀតសម្រាប់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ខណៈសព្វថ្ងៃបរិមាណត្រូវបានមើលឃើញថា នៅកម្រិតទាបនៅឡើយ។ 
 
«មានតែ៤៥ភាគរយប៉ុណ្ណោះដែលជាឈាមបានមកពីអ្នកបរិច្ចាគស្ម័គ្រចិត្ត នៅតែ៥០ភាគរយជាងទទួលបានពីក្រុមគ្រួសាររងគ្រោះ ដែលជាការបរិច្ចាគជួស។ ចំណុចនេះនៅតែមិនល្អ បើធៀបនឹងប្រទេសជិតខាង ឬប្រទេសអភិវឌ្ឍន៍ គេទទួលបានពីអ្នកស្ម័គ្រចិត្តដល់ទៅ៩០ភាគរយជាង ខ្លះ៩៩ ឬ១០០ភាគរយ»។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ដោយបន្ថែមថា គោលដៅរបស់ក្រសួង ក៏ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺធ្វើយ៉ាងណាបង្កើនចំនួនអ្នកមកបរិច្ចាគដោយស្ម័គ្រចិត្ត មិនមែនជាក្រុមគ្រួសារអ្នកជំងឺ ដើម្បីឱ្យមជ្ឈមណ្ឌលផ្គត់ផ្គង់ឈាម១០០ភាគរយ ដល់ផ្នែកសេវាសម្រាប់ជួយអ្នកជំងឺ។ តែលោកវេជ្ជបណ្ឌិតយល់ថា វាជាជំហានបន្ទាប់ក្នុងរយៈពេលយូរ។


 លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មជ្ឈមណ្ឌលផ្តល់ឈាមក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមជ្ឈមណ្ឌលដែលមានលក្ខណៈស្ដង់ដា និងឈានមុខគេក្នុងចំណោមមជ្ឈមណ្ឌលផ្តល់ឈាមចំនួន៥ ក្នុងប្រទេសកម្ពុជា។ អាគារមជ្ឈមណ្ឌលនេះ ជាជំនួយពីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងបំពាក់គ្រឿងបរិក្ខាបច្ចេទេសស្ដង់ដាពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងការគាំទ្របច្ចេកទេសពីកាកបាទក្រហមអូស្រ្ដាលី។ មជ្ឈមណ្ឌលនេះ ក៏ទទួលបានការបញ្ជាក់ថា បានផ្តល់ឈាមដែលមានសុវត្ថិភាពបំផុតសម្រាប់ចាក់បញ្ចូលដល់អ្នកជំងឺផងដែរ។
 
ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមឈន បានពន្យល់ពីដំណាក់នីមួយៗក្នុងមន្ទីរពិសោធន៍វិភាគរោគជំងឺឆ្លង ប្រព័ន្ធភាពសុំា និងលោហិតសាស្រ្ដ ទាំងការរៀបចំញែកគ្រាប់ឈាម ទុកដាក់ក្នុងទូត្រជាក់ និងវិភាគរកមេរោគជាដើម។ល។ លោកស្រីពន្យល់ថា មុនយកបញ្ចូលដល់អ្នកជំងឺ គឺមានការពិនិត្យត្រឹមត្រូវ និងហ្មត់ចត់បំផុត ដើម្បីធានាពីសុវត្ថិភាព។
 
តម្រូវការឈាមសម្រាប់ប្រើប្រាស់ជាមធ្យមក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពី២០ ទៅ៣០ផ្លោក ហើយអ្នកជំងឺភាគច្រើន មានជំងឺហូរឈាមក្រពេះ គ្រោះថ្នាក់ចរាចរណ៍ និងស្រ្តីឆ្លងទន្លេ។ យ៉ាងណា ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប ជឿថា បរិមាណនេះនឹងកើនឡើង ក្រោយពេលអាគារថ្មីដែលមានឯកទេសវះកាត់ជំងឺធ្ងន់ៗរួចរាល់ គឺអាចមានជំងឺធ្ងន់កាន់តែច្រើន បញ្ជូនមកមន្ទីរពេទ្យពីបណ្ដាខេត្តជុំវិញខេត្តសៀមរាប៕
 

 លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមឈន ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប បង្ហាញពីការទុកដាក់ឈាមក្នុងទូរត្រជាប់ និងសុវត្ថិភាពខ្ពស់។
 

Tag:
 មជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប
  ប៉ែន ផលគុណ
© រក្សាសិទ្ធិដោយ thmeythmey.com