អន្តរជាតិ
មេដឹកនាំតួកគី គំរាមរារាំងជាថ្មីលើការផ្ដល់សច្ចាប័នឱ្យហ្វាំងឡង់និងស៊ុយអែតចូលណាតូ
02, Oct 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១ ខែតុលា បានគំរាមស៊ុយអែត និងហ្វាំងឡង់ជាថ្មីលើការចូលជាសមាជិកសម្ព័ន្ធណាតូ។ មេដឹកនាំរូបនេះអះអាងថា លោកនឹងមិនយល់ព្រមផ្ដល់សច្ចាប័នរហូតដល់ប្រទេសទាំងពីរបំពេញសន្យាដែលបានព្រមព្រៀងកន្លងមក។

 
កាលពីចុងខែមិថុនា តួកគី ហ្វាំងឡង់ និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីដែលតួកគីបើកផ្លូវឱ្យស៊ុយអែត និងហ្វាំងឡង់ក្លាយជាសមាជិកណាតូជាផ្លូវការ ដែលភ្ជាប់លក្ខខណ្ឌសម្រាប់ប្រទេសទាំងពីរមានការបញ្ជូនភេរវករទៅតួកគី និងការលុបចោលបម្រាមអាវុធជាដើម។ យ៉ាងណាមិញ ស៊ុយអែត និងហ្វាំងឡង់ មិនទាន់បំពេញតាមការសន្យាទាំងស្រុងនៅឡើយ ជាហេតុធ្វើឱ្យប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ គំរាមជាថ្មី។
 
«រហូតដល់ការសន្យាដែលបានធ្វើចំពោះប្រទេសយើងត្រូវបានបំពេញ យើងនឹងបន្តរក្សាគោលជំហររបស់យើង»។ មេដឹកនាំតួកគី​ លោក អ៊ែរដូហ្កាន់ បានសង្កត់ធ្ងន់បែបនេះនៅក្នុងសុន្ទរកថាទៅកាន់សភានៅទីក្រុងអង់ការ៉ា។ លោកបានបន្ថែមថា តួកគីកំពុងតាមដានយ៉ាងដិតដល់ថាតើស៊ុយអែត និងហ្វាំងឡង់បានរក្សាពាក្យសន្យាឬអត់ ហើយការសម្រេចចិត្តចុងក្រោយនឹងអាស្រ័យលើសភាតួកគី។ 
 
ដើម្បីចូលណាតូបាន ស៊ុយអែត និងហ្វាំងឡង់ ត្រូវការសច្ចាប័នដែលអនុម័តដោយសភារបស់ប្រទេសសមាជិកណាតូទាំង៣០។ មកទល់ពេលនេះមានតែហុងគ្រី និងតួកគីប៉ុណ្ណោះដែលមិនទាន់បានដាក់ការស្នើសច្ចាប័នសមាជិកភាពទៅសភាក្នុងប្រទេសខ្លួន។ 
 
គួរបញ្ជាក់ថា ការផ្លាស់ប្តូរជំហរជាប្រវត្តិសាស្ត្ររបស់ស៊ុយអែត និងហ្វាំងឡង់ បានធ្វើឡើងក្រោយការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីលើអ៊ុយក្រែន និងចលនាឈ្លានពានផ្សេងទៀតដោយវិមានក្រេមឡាំង។ ការព្រួយបារម្ភពីសន្តិសុខជាតិ បានធ្វើឱ្យមតិសាធារណៈនៅហ្វាំងឡង់ និងស៊ុយអែត ងាកទៅរកសមាជិកភាពរបស់អង្គការណាតូ៕ 
 

Tag:
 តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com