ជាតិ
សង្គមជាតិ
បរិមាណទឹកឆ្នាំនេះអាចលិចប្រាសាទ តែអាជ្ញាធរមិនបារម្ភឡើយ
03, Oct 2022 , 8:59 am        
រូបភាព
ការគ្រប់គ្រងទ្វារទឹកអូរខ្លូតរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរានារដូវវស្សា
ការគ្រប់គ្រងទ្វារទឹកអូរខ្លូតរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរានារដូវវស្សា
សៀមរាប៖ ទឹកភ្លៀងដ៏សន្ធឹក កំពុងហូរចុះពីភ្នំគូលែន ទម្លាក់មកក្រុងសៀមរាប និងរមណីយដ្ឋានអង្គរ។ បរិមាណទឹកដ៏លើសលុបនាឆ្នាំនេះ អាចធ្វើឱ្យជន់លិចប្រាសាទបានដោយងាយ តែវាពុំទាន់បង្កការលំបាកលើការគ្រប់គ្រងទឹករបស់អាជ្ញាធរក្នុងតំបន់ទាំងនេះឡើយ។

 
ទោះបីតំបន់ជាយក្រុងមួយផ្នែក បានដក់ទឹកមួយរយៈពេលខ្លី ដោយសារប្រព័ន្ធលូមានលក្ខណៈតូច និងកន្លែងខ្លះមិនទាន់មានបណ្ដាញលូនៅឡើយ ពិសេសតាមភូមិ ឬតំបន់ដីឡូតិ៍ខ្នាតតូច។ ស្ថានភាពនេះ ខុសស្រឡះពីប៉ុន្មានឆ្នាំមុន ពិសេសមុនឆ្នាំ២០១២ ដែលក្រុងសៀមរាប ឬតំបន់ប្រាសាទ រងការជន់លិចនារដូវវស្សា។
 
ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម លើកឡើងថា ក្រុមការងារជំនាញរបស់លោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកនាពេលបច្ចុប្បន្ន។ លោកបន្តថា ក្រុមការងារបានធ្វើការសឹង២៤ម៉ោង ដោយតាមដានកម្រិតទឹកចាប់ពីភ្នំគូលែន រហូតធ្លាក់ដល់ស្ទឹងពួក និងស្ទឹងព្រះស្រុក នៃស្រុកពួក។ 


 លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា

«ស្ថានភាពទឹកបច្ចុប្បន្នក្នុងខេត្តសៀមរាប គឺស្រុកមួយចំនួនបានលិច តែក្នុងក្រុងពិសេសក្នុងតំបន់អង្គរ ស្ថានភាពទឹកក៏ច្រើនដែរ ប៉ុន្តែដោយសារការគ្រប់គ្រងទឹករបស់អប្សរា ដែលដឹកនាំណែនាំដោយអគ្គនាយក បច្ចុប្បន្នយើងតាមដានជាប្រចាំ មិនទាន់មានបញ្ហាលិចលង់ទីណាទេ»។ នេះជាការលើកឡើងរបស់លោក សុឃីម។
 
លោកពន្យល់ទៀតថា បច្ចុប្បន្នដោយសារបរិមាណទឹកបុកមកខ្លាំង ហើយអាងស្ដុកទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រមូលទឹកសឹងតែ១០០ភាគរយទៅហើយនោះ អាជ្ញាធរបានបញ្ចៀសតាមទ្វារទឹកសំខាន់ៗ ចាក់ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក នៅប៉ែកខាងលិចរមណីយដ្ឋានអង្គរ ចាក់ទៅបឹងទន្លេសាប។ ទ្វារទឹកមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រងទឹក។ លោក សុឃីម ពន្យល់ដូច្នេះថា៖« ទ្វារទឹកទាំងប៉ុន្មានលើប្រឡាយនេះ ត្រូវតាមដានឱ្យជាប់ ព្រោះទ្វារទឹកទាំងអស់មិនអាចមានទ្វារទឹកណាបិទ ឬមួយណាបើកទេ ចឹងដល់ស្ទឹងព្រះស្រុកចូលជាង២០គីឡូ ត្រូវតាមដានឱ្យជាប់ទាំងយប់ទាំងថ្ងៃ»។
 
លើការងារគ្រប់គ្រងទឹកនេះ អាជ្ញាធរជាតិអប្សរា បានសង់ទ្វារទឹកខ្វាត់ខ្វែង ហើយការងារទឹកជាកិច្ចការអាទិភាពមួយ ក្រៅពីការអភិរក្សសំណង់ប្រាសាទ។ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ប្រាប់ថា សព្វថ្ងៃអាជ្ញាធរជាតិអប្សរាបានសង់ទ្វារទឹកជាង១០០ តែក្នុងនោះ ទ្វារទឹកដែលធំ និងសំខាន់មានដូចជា ទ្វារទឹកតាសោម ទ្វារទឹកអូរខ្លូត ទ្វារទឹកប្រាសាទចារ និងទ្វារទឹកស្ទឹងពួក និងស្ទឹងព្រះស្រុក។ 
បរិមាណទឹកដ៏លើសលប់នៅឆ្នាំនេះ អាចបណ្ដាលឱ្យជន់លិចប្រាសាទ និងក្រុងសៀមរាបបានដោយងាយ ប៉ុន្តែដោយសារការងារគ្រប់គ្រងទឹក ពិសេសការស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណមួយផ្នែកនៅឆ្នាំ២០១២ ជំនន់ទឹកភ្លៀង មិនអាចបង្កកង្វល់ទៀតទេ។ ការស្ដារប្រឡាយតូចៗ និងបារាយណ៍ខាងជើងជាអាថ៌ ដែលបញ្ចៀសទឹកមិនឱ្យហូរចូលតាមចិត្តចង់របស់វា។ 


 
លោក សុឃីម រំឭកយ៉ាងដូច្នេះថា៖«ស្ថានភាពទឹកច្រើនជាងឆ្នាំមុន ធៀបនឹងមុនឆ្នាំ២០១២ ដែលយើងមិនទាន់ស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណច្រើននោះ បរិមាណទឹកនេះ អាចលិចក្រុងសៀមរាប។ ហើយនេះជាខួប១០ឆ្នាំ នៃការរំដោះទឹកចេញពីក្រុងសៀមរាប ជាទូទៅរង្វង់មូលផ្សារចាស់ មុនឆ្នាំ២០១២ តែងលិចនាខែ៨ ខែ៩ ខែ១០ តែចាប់ពី២០១២មក មិនដែលលិចទេ»។ 
 
ដោយយល់ពីសារសំខាន់ទាំងនេះហើយ ទើបអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្លាំងលើការងារថែទាំទ្វារទឹកជាប្រចាំ មិនថាខែប្រាំង និងវស្សា។ ខែប្រាំង ក្រុមការងារចុះមើលក្រែងខូចខាត ដើម្បីជួសជុល និងធានាថា ខែវស្សាមិនអាចអាក់ខានឡើយ ពិសេសនៅបារាយណ៍ខាងលិច ព្រោះវាជាអាងស្ដុកទឹកសំខាន់ក្នុងតំបន់អង្គរ ទាំងជាប្រព័ន្ធរំដោះទឹកជំនន់ ផ្គត់ផ្គង់កសិកម្ម និងមួយផ្នែកច្នៃជាទឹកស្អាតប្រើប្រាស់ក្នុងក្រុងសៀមរាប។ 
 
ដ្បិតថា បច្ចុប្បន្នការងារគ្រប់គ្រងទឹកអាចធានាបានយ៉ាងល្អក៏ពិតមែន តែវានៅមិនទាន់គ្របដណ្ដប់បានទាំងមូលដែរ។ តំបន់ខ្លះនៅប៉ែកកើត ដូចជានៅតំបន់រលួស កង្វះការងារនេះ ធ្វើឱ្យតំបន់ខ្លះជន់លិចផងដែរ ដូចជាតាមបណ្ដោយដងស្ទឹងរលួសជាដើម។ លោក សុឃីម បង្ហើបពីបំណងរបស់អាជ្ញាធរជាតិអប្សរាលើការចង់ស្ដារបារាយណ៍ខាងកើត និងបារាយណ៍លលៃ ដែលលោកជឿជាក់ថា អាចស្ដុកទឹកបានច្រើនសម្រាប់ការប្រើប្រាស់ទាំងការអភិរក្សប្រាសាទ ពលរដ្ឋប្រើប្រាស់ក្នុងវិស័យកសិកម្ម និងរំដោះទឹកមិនឱ្យជន់លិចតំបន់ក្បែរនោះជាដើម។ល៕
 

 
 
 

Tag:
 ជំនន់ទឹកភ្លៀង
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com