អន្តរជាតិ
ក្រុមហ៊ុន Nestle នឹងឈប់ទិញដូងប្រេងពីដៃគូនៅឥណ្ឌូណេស៊ីក្រោមហេតុផលរំលោភសិទ្ធិមនុស្ស
02, Oct 2022 , 9:29 pm        
រូបភាព
ក្រុមហ៊ុនផលិតអាហារ Nestle នឹងឈប់ទទួលការផ្គត់ផ្គង់ដូងប្រេងពីក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Astra Agro Lestari (AAL) ដែលជាក្រុមហ៊ុនផលិតដូងប្រេងដ៏ធំរបស់ឥណ្ឌូណេស៊ី។ នេះដោយសារ ក្រុមហ៊ុន AAL ត្រូវបានក្រុមអ្នកការពារបរិស្ថានចោទប្រកាន់អំពីការរំលោភបំពានដីធ្លី និងការរំលោភសិទ្ធិមនុស្ស។

 
បន្ទាប់ពីការវាយតម្លៃដោយឯករាជ្យនាពេលថ្មីៗនេះ ក្រុមហ៊ុន Nestle សម្រេចបញ្ឈប់ការនាំចូលផលិតផលពីក្រុមហ៊ុនបុត្រសម្ពន្ធចំនួនបីរបស់ក្រុមហ៊ុនដូងប្រេងរបស់ឥណ្ឌូណេស៊ី AAL ទៅក្នុងច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ព្រោះក្រុមហ៊ុននេះមានពាក់ព័ន្ធនឹងបញ្ហារំលោភបំពានដីធ្លី និងរំលោភសិទ្ធិមនុស្ស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការផ្លាស់ប្ដូរនេះកើតឡើងស្របពេលក្រុមហ៊ុនអន្តរជាតិជាច្រើនចាប់ផ្ដើមប្រឈមមុខនឹងសម្ពាធពីអ្នកប្រើប្រាស់ និងរដ្ឋាភិបាល ជុំវិញខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មដែលបង្កផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ឬការបំពានសិទ្ធិមនុស្សជាដើម។ 
 
ក្រុមហ៊ុនលំដាប់ពិភពលោក Nestle ដែលជាអ្នកផលិតសូកូឡា KitKat ទឹកដោះគោ កាហ្វេ និងផលិតផលអាហារជាច្រើនមុខទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនគ្រោងនឹងអនុវត្តសេចក្ដីសម្រេចផ្អាកនាំចូលដូងប្រេងពីក្រុមហ៊ុនឥណ្ឌូណេស៊ី AAL នៅត្រឹមចុងឆ្នាំ ២០២២។ 
យ៉ាងណាមិញ ក្រុមហ៊ុន AAL បានបដិសេធការចោទប្រកាន់របស់ក្រុមហ៊ុន Nestle។
 
«ក្រុមហ៊ុន Astra Agro បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តគោលនយោបាយនិរន្តរភាពរបស់យើង។ វាមិនពិតទេដែល Astra Agro ឬក្រុមហ៊ុនបុត្រសម្ពន្ធធ្វើសកម្មភាពទន្ទ្រានដី»។ លោក Santosa នាយកក្រុមហ៊ុន AAL បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះជាការឆ្លើយតបនឹងការចោទប្រកាន់។ លោកបានបន្ថែមថា ក្រុមហ៊ុន Nestle មិនមែនជាអ្នកទិញផលិតផលដែលផលិតដោយ AAL ដោយផ្ទាល់នោះទេ ដូច្នេះ​ផល​ប៉ះពាល់​​នៃ​បញ្ហា​នេះ​គឺ​មិន​មានពាក់ព័ន្ធ​ទេ។
 
កន្លងមក គណៈកម្មការអឺរ៉ុប បានស្នើច្បាប់មួយចំនួនក្នុងគោលបំណងទប់ស្កាត់ករណីបង្ខំឱ្យធ្វើការ និងហាមឃាត់ការនាំចូល ក៏ដូចជាប្រើប្រាស់ផលិតផលដែលទាក់ទងនឹងការបំផ្លាញបរិស្ថាន និងរំលោភសិទ្ធិមនុស្ស។ ហេតុនេះ ការសម្រេចចិត្តឈប់ទិញដូងប្រេងនេះ ជាជំហានដំបូងដ៏សំខាន់ស្របនឹងគោលបំណងគណៈកម្មាការអឺរ៉ុប។
 
គួរបញ្ជាក់ថា ក្រុមអ្នកការពារបរិស្ថាន Friend of the Earth បានអំពាវនាវក្រុមហ៊ុនអ្នកប្រើប្រាស់ដូងប្រេងរបស់ ALL ផ្សេងទៀតដូចជា Procter & Gamble, Hershey's, Kellogg's, Unilever និង PepsiCo ឱ្យសម្រេចចិត្តដូចក្រុមហ៊ុន Nestle ដែរដើម្បីជួយដោះស្រាយបញ្ហា និងផ្ដល់យុត្តិធម៌ដល់សហគមន៍ដែលរងគ្រោះ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com