កីឡាអន្តរជាតិ
អន្តរជាតិ
Haaland និង Foden ធ្វើបាន hat-trick ជួយ Man City ឈ្នះ Man Utd ៦-៣
03, Oct 2022 , 9:59 am        
រូបភាព
Erling Haaland និង Phil Foden ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ (Hat-Trick) រៀងៗខ្លួន ដើម្បីជួយ Manchester City យកឈ្នះ Manchester United ៦-៣ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី២​ ខែតុលា។ ៣គ្រាប់បន្ថែមរបស់ Haaland បានជួយរូបគេបង្កើតកំណត់ត្រាថ្មីជាកីឡាករដំបូងនៅលីគកំពូលអង់គ្លេសដែលធ្វើបាន hat-trick ២លើក ក្នុង៣ប្រកួតនៅដីខ្លួនឯង។



ក្រុមការពារតំណែងជើងឯក Man City បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយរកបានដល់ទៅ៤គ្រាប់នៅត្រឹមវគ្គទី១ ក្នុងជំនួប Manchester Derby។ Foden ជាអ្នករកបានគ្រាប់នាំមុខដំបូងនៅ៨នាទីដំបូងនៃវគ្គទី១ មុនពេល Haaland សម្រេចបាន២គ្រាប់តាមក្រោយ។ មុនបញ្ចប់វគ្គទី១ Foden បន្ថែមគ្រាប់ទី២របស់ខ្លួននៅនាទី៤៤។
 
ចូលដល់វគ្គទី២ ត្រឹមនាទី៥៦ Antony Santos រកបាន១គ្រាប់ឱ្យ Man Utd មុនពេលខ្សែប្រយុទ្ធន័រវែស Haaland បន្ថែមគ្រាប់ទី៣នៅនាទី៦៤ មុនរូបគេបញ្ជូនបាល់ឱ្យដៃគូ Foden ខ្សែបម្រើសញ្ជាតិអង់គ្លេសដើម្បីសម្រេចគ្រាប់ទី៣នៅ៩នាទីបន្ទាប់ ដើម្បីជួយក្រុមមេឃខៀវនាំមុខក្រុមបិសាចក្រហម ៦-០។
 
Anthony Martial ដែលប្តូរចូលជំនួស Marcus Rashford រកបាន២គ្រាប់ម្នាក់ឯងនៅនាទី៨៤ និង៩០+១។ ចប់ការប្រកួតក្រុមលោក Pep Guardiola ឈ្នះក្រុមលោក Erik ten Hag ៦-៣។
ជ័យជម្នះនេះ បានជួយក្រុម Man City នៅរក្សាចំណាត់ថ្នាក់ទី២ដដែល ដោយរកបាន២០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ដែលឈរកំពូលតារាងចំនួន១ពិន្ទុ។ Man Utd ធ្លាក់ទៅលេខ៦ មាន១២ពិន្ទុ ខណៈ Chelsea ដែលឈ្នះ Crystal Palace ២-១ ឡើងទៅលេខ៥វិញ។ Tottenham Hotspur នៅលេខ៣មាន១៧ពិន្ទុ ឯ Brighton & Hove Albion នៅលេខ៤មាន១៤ពិន្ទុ។
 
សម្រាប់ Haaland ក្រោយរកបាន៣គ្រាប់បន្ថែមនៅជំនួបលីគសប្តាហ៍ទី៨របស់ខ្លួន បានធ្វើឱ្យរូបគេមានកំណត់ត្រាថ្មី ដោយក្លាយជាកីឡាករដំបូងដែលធ្វើបាន hat-trick ២លើក ក្នុងចំណោម៣ប្រកួតដំបូងនៅទឹកដីខ្លួនឯង។ Haaland មកទល់ពេលនេះរកបាន១៤គ្រាប់ហើយ និងកំពុងនាំមុខគេក្នុងតារាងអ្នកគ្រាប់ច្រើនជាងគេនៅ Premier League ដោយនាំមុខ Harry Kane របស់ Spurs ដែលរកបាន៧គ្រាប់ Aleksandar Mitrovic ខ្សែប្រយុទ្ធ Fulham ដែលរកបាន៦គ្រាប់៕
 

Tag:
 Erling Haaland
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com