កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA ចាត់ទុកការស្លាប់ជាង១០០នាក់នៅឥណ្ឌូណេស៊ី ជាថ្ងៃដ៏ខ្មៅងងឹតនៃបាល់ទាត់
03, Oct 2022 , 1:59 pm        
រូបភាព
រូបភាព៖AP
រូបភាព៖AP
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ( FIFA)នៅ ថ្ងៃទី២ ខែតុលា បានផ្តល់ការចូលរួមរំលែកទុក្ខ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្រោយមានហេតុការណ៍រត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់នៃលីគកំពូលឥណ្ឌូណេស៊ី បណ្តាលឱ្យមានមនុស្សស្លាប់១២៥នាក់។ លោក Infantino ចាត់ទុកហេតុការណ៍នោះជាថ្ងៃដ៏ខ្មៅងងឹតនៃកីឡាបាល់ទាត់ ឬ (A Dark day)។​



«ពិភពបាល់ទាត់ស្ថិតក្នុងស្ថានភាពតក់ស្លុត បន្ទាប់ពីឧប្បត្តិហេតុសោតនាដកម្មកើតឡើងក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយនៅក្នុងពិភពកីឡាបាល់ទាត់ និងជាសោតនាដកម្មដ៏រន្ធត់មួយដែលនឹកស្មានមិនដល់។ ខ្ញុំក៏សូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះដែលបានបាត់បង់មិត្តភក្ក័ និងមនុស្សជាទីស្រលាញ់ នៅក្នុងហេតុការណ៍ដ៏សោកសៅមួយនោះ។»។ លោក Infantino និយាយក្នុងសេចក្តីថ្លែងការណ៍ FIFA បែបនេះ។
 
ទាក់ទងហេតុការណ៍នេះ ​FIFA ក៏បានស្នើឱ្យសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ផ្តល់របាយការណ៍អំពីការស្លាប់នៅក្នុងឧប្បត្តិហេតុរត់ជាន់គ្នា ដើម្បី​បើកការស៊ើបអង្កេតផងដែរ។ លីគកំពូលឥណ្ឌូណេស៊ីមួយនេះ ក៏ត្រូវបានសហព័ន្ធ PSSI បញ្ជាឱ្យផ្អាកការប្រកួតផ្សេងៗទៀត មួយសប្តាហ៍។
 
ហេតុការណ៍រត់ជាន់គ្នា កើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្តជ្វាខាងកើត ក្រោយការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Arema F.C. និងក្រុមភ្ញៀវ Persebaya Surabaya។ ក្រុមម្ចាស់ក្រុមភ្ញៀវលទ្ធផល ៣-២ ដែលធ្វើឱ្យអ្នកគាំទ្រក្រុមខ្លួនខឹងសម្បាចំពោះលទ្ធផលហើយបាននាំគ្នារត់ចូលអុកឡុកក្នុងទីលានប្រកួត និងបង្កអំពើហិង្សា។  ហើយភ្លាមៗនោះ​ក្រុមមន្ត្រីប៉ូលីស និងកងការពារសន្តិសុខក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដ៏ដូចជាប្រើប្រាស់អាវុធដើម្បីបង្ក្រាបលើក្រុមអ្នកគាំទ្រ។
 
បើតាមសេចក្តីរាយការណ៍លម្អិតចុងក្រោយបង្អោះនៃទីភ្នាក់ងារសារព័ត៌មាន AFP នាយប់ថ្ងៃទី២ ខែតុលា ចំនួនមនុស្សស្លាប់ជាផ្លូវការចុងក្រោយមាន ១២៥នាក់ ហើយចំនួនមនុស្សដែលរងរបួស កើនឡើងរហូតដល់ជាង ៣២៣នាក់ ក្នុងហេតុការណ៍នាកីឡដ្ឋាន Kanjurahan នៃខេត្តជ្វាខាងកើត។ តួរលេងនៃការស្លាប់ចំនួន ១៧៤នាក់ដែលត្រូវបានរាយការណ៍សំណាក់មន្រ្តីគ្រប់គ្រងក្នុងតំបន់គឺមិនត្រឹមត្រូវ ដោយត្រូវពិនិត្យឡើងវិញ និងរកឃើញថាមានឈ្មោះជនរងគ្រោះ ២ស្ទួនគ្នា។
 
មន្ត្រីប៉ូលីស ២នាក់ ក្នុងចំណោមមនុស្សដែលបានបាត់បង់ជីវិតទាំង ១២៥នាក់ ​ក៏ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតក្នុងឧប្បត្តិ្ហហេតុនោះ។ ដោយហេតុការណ៍ភ្លាមៗមានមនុស្ស ៣៤នាក់បានស្លាប់នៅក្នុងកីឡដ្ឋានផ្ទាល់ និងអ្នកផ្សេងទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ 
 
នាថ្ងៃទី៣ ខែតុលានេះទៀតសោត កុមារតូចៗចំនួន ១៧នាក់ត្រូវបានរាយការណ៍ថាស្ថិតក្នុងចំណោមមនុស្សដែលបានបាត់បង់ជីវិតទាំង ១២៥នាក់នោះ។ នេះបើតាមការផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន Antara ដែលបានស្រង់តួរលេខពីក្រសួងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការពារកុមារនៃប្រទេសឥណ្ឌូណេស៊ី៕
 
 
 
 
 

Tag:
 FIFA
  Indonesia
© រក្សាសិទ្ធិដោយ thmeythmey.com