អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំងទទូចឱ្យបែរឡាំងគោរពគោលការណ៍ចិនតែមួយ ក្រោយសមាជិកសភាអាល្លឺម៉ង់ទៅដល់តៃវ៉ាន់
03, Oct 2022 , 2:29 pm        
រូបភាព
សមាជិកសភាអាល្លឺម៉ង់ទៅដល់តៃវ៉ាន់។ រូបថត Chinese News Agency
សមាជិកសភាអាល្លឺម៉ង់ទៅដល់តៃវ៉ាន់។ រូបថត Chinese News Agency
ដោយ:
សមាជិកសភាអាល្លឺម៉ង់ដែលមកពីបក្សចម្រុះមួយក្រុមទៅដល់តៃវ៉ាន់នៅថ្ងៃទី២ ខែតុលាដើម្បីបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងក្រុងបែរឡាំង និងក្រុងតៃប៉ិ។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងចេញមុខប្រឆាំងនឹងទស្សនកិច្ចនេះដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រុងបែរឡាំងគោរពគោលការណ៍ចិនតែមួយ ហើយបញ្ឈប់ទំនាក់ទំនងជាមួយក្រុងតៃប៉ិភ្លាមៗ។

 
តាំងពីភាពតានតឹងនៅតៃវ៉ាន់កើនឡើងជុំវិញទស្សនកិច្ចប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី មក ប្រតិភូមកពីប្រទេសលោកខាងលិចដូចជាបារាំង និងអាល្លឺម៉ង់ទៅទស្សនកិច្ចនៅកោះមួយនេះជាបន្តបន្ទាប់ដើម្បីបង្ហាញពីមិត្តភាព។ លើកដំបូងតាំងពីជំងឺកូវីដ-១៩ រាលដាលមក ប្រតិភូសភាអាល្លឺម៉ង់៦នាក់ដែលមកពីបក្សចម្រុះដឹកនាំដោយលោក Klaus-Peter Willsch ទៅដល់តៃវ៉ាន់នាថ្ងៃទី២ ខែតុលាដើម្បីចាប់ផ្តើមទស្សនកិច្ចរយៈពេល៥ថ្ងៃ។ 
 
«ប្រតិភូទៅដើម្បីពិនិត្យមើលបញ្ហាទាក់ទងនឹងស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទំនាក់ទំនងទ្វេភាគី និងការវិវឌ្ឍនៃទំនាក់ទំនងជាមួយភាគីទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។ ការិយាល័យសារព័ត៌មានសហព័ន្ធអាល្លឺម៉ង់ផ្សាយបែបនេះនៅថ្ងៃទី៣០ ខែកញ្ញា ដោយបញ្ជាក់ថា ស្ថានភាពសន្តិសុខមិនល្អដែលបណ្តាលមកពីភាពតានតឹងជាមួយចិនជាដើមចមជាក់លាក់មួយនៃដំណើរទស្សនកិច្ច។ 
 
បើតាមទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa លោក Klaus-Peter Willsch ដែលមកពីបក្សប្រឆាំង និងសមាជិកសភាអាល្លឺម៉ង់៥នាក់ផ្សេងទៀតនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen, អនុប្រធានាធិបតី លោក Lai Ching-te, ប្រធានសភាតៃវ៉ាន់ You Si-kun, រដ្ឋមន្ត្រីការបរទេស Joseph Wu, សមាជិកសភាតៃវ៉ាន់ និងអ្នកតំណាងដទៃទៀតដែលមកពីស្ថាប័នផ្តោតលើសន្តិសុខ។
 
នៅថ្ងៃទី២ ខែតុលា ក្រសួងការបរទេសតៃវ៉ាន់ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដោយភ្ជាប់ជាមួយរូបប្រតិភូអាល្លឺម៉ង់ថា ពេលវេលា និងការនៅដាច់ឆ្ងាយពីគ្នាមិនធ្វើឱ្យមិត្តភាពប្រទេសទាំងពីរទន់ខ្យោយឡើយ។ បើតាមក្រសួងការបរទេសតៃវ៉ាន់ ដំណើរទស្សនកិច្ចនេះបង្ហាញពីការគាំទ្រពីចម្រុះបក្សអាល្លឺម៉ង់ចំពោះតៃវ៉ាន់។ 
 
យ៉ាងណាមិញ ចិនដែលជាញយៗគំរាមបង្រួបបង្រួមកោះតៃវ៉ាន់ចូលជាទឹកដីខ្លួនមិនឈរឱបដៃស្ងៀមឡើយ។ អ្នកនាំពាក្យក្រសួងការបទេសចិនចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងទស្សនកិច្ចរបស់ប្រតិភូអាល្លឺម៉ង់ដោយជំរុញឱ្យគោរពតាមគោលការណ៍ចិនតែមួយ ហើយបញ្ឈប់ទំនាក់ទំនងជាមួយកងកម្លាំងផ្តាច់ខ្លួនគាំទ្រឯករាជ្យតៃវ៉ាន់ភ្លាមៗ។ 
 
« ចិននឹងចាត់វិធានការចាំបាច់យ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ 
 
 
សូមបញ្ជាក់ថា អាល្លឺម៉ង់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងការសិក្សាជាដើម៕
 
 
 
 
 
 

Tag:
 ចិន
  អាល្លឺម៉ង់
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com