អន្តរជាតិ
មន្ទីរពេទ្យប៉ាគីស្ថានកំពុងមមាញឹក ដោយសារជំងឺឆ្លងតាមទឹករីករាលដាលខ្លាំង
03, Oct 2022 , 3:59 pm        
រូបភាព
ប្រជាជនប៉ាគីស្ថាននៅកន្លែងសុវត្ថិភាព។ រូបថត Xinhua
ប្រជាជនប៉ាគីស្ថាននៅកន្លែងសុវត្ថិភាព។ រូបថត Xinhua
មន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Sehwan របស់ប៉ាគីស្ថាន កំពុងមមាញឹកខ្លាំងដោយសារប្រជាជនជាច្រើនកំពុងឆ្លងជំងឺតាមទឹក ក៏ដូចជាជំងឺគ្រុនចាញ់ និងជំងឺជាច្រើនប្រភេទទៀតដែលងាយឆ្លងរាលដាលបន្ទាប់ពីប្រទេសរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនរាប់រយនាក់កំពុងសម្រាកព្យាបាលនៅពេញមន្ទីរពេទ្យ។



ប៉ាគីស្ថានកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយ។ ដោយសារបញ្ហាទឹកជំនន់ ប្រទេសអាស៊ីខាងត្បូងមួយនេះបានរងគ្រោះថែមមួយកម្រិតទៀតដោយជំងឺឆ្លងបង្កពីវីរុសក្នុងទឹក ការរាតត្បាតជំងឺគ្រុនចាញ់ ជំងឺមេរោគលើស្បែក និងភ្នែក រាករូស គ្រុនពោះវៀន និងជំងឺគ្រុនឈាម។ 
 
នៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីពេទ្យនាទីក្រុង Sehwan ភាគខាងត្បូងប៉ាគីស្ថាន ក្រុមគ្រូពេទ្យកំពុងមមាញឹកខ្លាំងទទួលអ្នកជំងឺរាប់រយពាន់នាក់ក្នុងមួយថ្ងៃៗ។
 
«ពួកយើងត្រូវធ្វើការលើសម៉ោងរហូតដល់មានអារម្មណ៍ថាចង់ដួល»។ លោក Naveed Ahmed ដែលជាគ្រូពេទ្យម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ មុនបន្ថែមថា ទោះជាធ្វើការដល់ចង់ដួលក៏ដោយ លោកត្រូវតែខំប្រឹងព្យាបាលអ្នកជំងឺបន្តទៀត។
 
មន្ទីរពេទ្យភាគខាងត្បូងប៉ាគីស្ថានមួយនេះទទួលអ្នកជំងឺប្រមាណពី៣០០ទៅ៤០០នាក់ជារៀងរាល់ព្រឹកក្នុងគ្រោះទឹកជំនន់មួយរយៈចុងក្រោយនេះ ដែលភាគច្រើនជាកុមារកំពុងកើតជំងឺគ្រុនចាញ់ និងរាគ។ រដូវរងាខិតជិតមកដល់ ធ្វើឱ្យលោកគ្រូពេទ្យ Ahmed បារម្ភថា ជំងឺផ្សេងទៀតនឹងកើតមានកាន់តែច្រើនឡើង។ 
 
គ្រូពេទ្យដដែល សង្ឃឹមថា ប្រជាជនដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពអាចត្រឡប់ទៅរស់នៅផ្ទះវិញមុនរដូវរងាមកដល់ បើពុំនោះទេអ្នកទាំងនោះនឹងប្រឈមហានិភ័យខ្ពស់ ឆ្លងជំងឺជាច្រើនរហូតដល់ជំងឺផ្លូវដង្ហើម និងរលាកសួតថែមទៀត។
 
យោងតាមមន្ទីរសុខាភិបាលខេត្ត Sindh ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ករណីជំងឺគ្រុនចាញ់ជិត២ម៉ឺនត្រូវបានរាយការណ៍ចាប់តាំងពីដើមខែកក្កដា។ លើសពីនេះ ការកើនឡើងជំងឺឆ្លងតាមទឹកក៏បានរីករាលដាលខ្លាំងដែរនៅពាសពេញប្រទេស ធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) ព្រួយបារម្ភថាវាជាគ្រោះមហន្តរាយទីពីរ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់នេះ។ 
 
គួរបញ្ជាក់ថា ប្រជាជនប៉ាគីស្ថានជិត ១៧០០នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុង និងផ្ទាំងទឹកកករលាយ។ ចំណែកអ្នកស្លាប់ដោយសារជំងឺរាតត្បាតពេលមានគ្រោះទឹកជំនន់មានចំនួន ៣៤០នាក់។ ប៉ាគីស្ថានបានប៉ាន់ប្រមាណពីតម្លៃនៃការខូចខាតប្រទេសថាមានចំនួន ៣០ពាន់លានដុល្លារឯណោះ។ រដ្ឋាភិបាលប្រទេសនេះ និងអង្គការសហប្រជាជាតិបានអះអាងថាគ្រោះមហន្តរាយទឹកជំនន់នេះជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ៕
 
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com