អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខការពារជាតិអាម៉េរិកថា មិនមានការឈ្លានពានដែលអាចកើតមានលើតៃវ៉ាន់ក្នុងរយៈពេលខ្លីទេ
03, Oct 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅក្នុងកិច្ចសម្ភាសមួយក្នុងកម្មវិធី GPS ចេញផ្សាយនៅថ្ងៃទី២ ខែតុលា និយាយថា លោកមិនឃើញមានការឈ្លានពានណាមួយពីចិនដែលអាចកើតមានលើតៃវ៉ាន់ក្នុងរយៈពេលខ្លីនោះទេ។ បើតាមលោក អូស្ទីន ចិនគ្រាន់តែកំពុងព្យាយាមបង្កើតស្ថានការណ៍ថ្មីមួយដែលនឹងក្លាយជាស្ថានការណ៍ធម្មតានៅពេលក្រោយ ដោយរួមជាមួយនឹងសកម្មភាពយោធារបស់ខ្លួននៅជុំវិញតៃវ៉ាន់តែប៉ុណ្ណោះ។ 
 
ភាពតានតឹងនៅតៃវ៉ាន់ ធ្វើឱ្យអាម៉េរិកមានសកម្មភាពជាច្រើនដើម្បីគាំទ្រតៃវ៉ាន់ដូចជា ការបន្តលក់សព្វាវុធ ការអនុម័តសំណើច្បាប់ផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ ទស្សនកិច្ចពីសំណាក់មន្ត្រីសភា ព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតរបស់អាម៉េរិកជាបន្តបន្ទាប់។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ថែមទាំងអះអាងពីការបញ្ជូនកងកម្លាំងទ័ពអាម៉េរិកនឹងការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានរបស់ចិនជាដើម។
 
ក្នុងកម្មវិធី GPS ប្រមុខការពារជាតិអាម៉េរិក ឡយ អូស្ទីន បញ្ជាក់ថា លោកមិនគាំទ្រការបញ្ជូនកម្លាំងទ័ពអាម៉េរិកការពារតៃវ៉ាន់ទេ ដោយអាទិភាពរបស់អាម៉េរិក គឺជួយតៃវ៉ាន់ពង្រឹងសមត្ថភាពការពារខ្លួន។ លើសពីនេះ លោកយល់ថា តៃវ៉ាន់នឹងមិនមានការឈ្លានពានណាមួយពីចិនក្នុងរយៈពេលខ្លីនោះដែរ។
 
ត្រង់នេះ លោក អូស្ទីន ពន្យល់ថា សកម្មភាពរបស់ចិនកន្លងមកគឺគ្រាន់តែកំពុងព្យាយាមបង្កើតស្ថានការណ៍ថ្មីមួយដែលនឹងក្លាយជាស្ថានការណ៍ធម្មតានៅពេលក្រោយ ដោយរួមមានវត្តមានសកម្មភាពយោធារបស់ខ្លួននៅជុំវិញតៃវ៉ាន់តែប៉ុណ្ណោះ។ 
 
«ខ្ញុំមិនឃើញមានការឈ្លានពានណាមួយដែលអាចកើតមានឡើងក្នុងរយៈពេលខ្លីចំពោះតៃវ៉ាន់នោះទេ។ អ្វីដែលយើងឃើញ គឺជាការផ្លាស់ប្តូររបស់ចិនក្នុងការបង្កើតស្ថានការណ៍ថ្មីមួយដែលនឹងក្លាយជាស្ថានការណ៍ធម្មតានៅពេលក្រោយតែប៉ុណ្ណោះ។​ ស្ថានការណ៍ថ្មីនោះរួមមានការកើនឡើងនៃសកម្មភាពយោធាមួយចំនួនមានការបើកយន្តហោះ និងនាវាឆ្លងកាត់បន្ទាត់កណ្តាលមួយចំនួននៅដែនអាកាស និងដែនទឹកនៅច្រកសមុទ្រតៃវ៉ាន់។» លោកនិយាយបែបនេះនៅក្នុងកិច្ចសម្ភាសខាងលើ​។ 
 
ជាមួយគ្នានេះ លោក អូស្ទីន ក៏បន្ថែមថា អាម៉រិកកំពុងព្យាយាមបើកឡើងវិញនៃទំនាក់ទំនងផ្នែកយោធាជាមួយចិន ដែលត្រូវបានផ្អាកដោយភាគីចិនតាំងពីខែសីហា ដែលជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅតៃវ៉ាន់។
 
ការបញ្ជាក់ការគាំទ្រជាថ្មីម្តងទៀតរបស់លោក បៃដិននៅខែកញ្ញា ក្នុងការបញ្ជូនកងកម្លាំងទ័ពអាម៉េរិកទៅទឹកដីតៃវ៉ាន់បើចិនឈ្លានពាន បានធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំងរហូតដល់មានប្រតិកម្មឆ្លើយតបដាក់ការតវ៉ាជាមួយអាម៉េរិក ក្រោមហេតុផលថាជាការផ្ញើសញ្ញាខុសយ៉ាងធ្ងន់ធ្ងរទៅកាន់តៃវ៉ាន់៕
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com