សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនស្រាវជ្រាវព្រមានថា លទ្ធភាព ៩៨ភាគរយ នៃវិបត្តិសេដ្ឋកិច្ចសកលនឹងកើតមាន
03, Oct 2022 , 10:29 pm        
រូបភាព
រូបពី Middle East Economic Diges  ។
រូបពី Middle East Economic Diges ។
សេដ្ឋកិច្ចពិភពលោកកំពុងបញ្ជូនសញ្ញាព្រមានជាច្រើន ដោយសារអតិផរណាខ្ពស់ យុទ្ធនាការនៃការដំឡើងអត្រាការប្រាក់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សុទ្ធតែដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។



បើតាម CNN Business បានទទួលទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចមួយឈ្មោះថា Ned Davis Research ហានិភ័យនៃការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកនឹងកើតមានឡើងក្នុងឆ្នាំ ២០២៣ ក្នុងអត្រា ៩៨,១ភាគរយ។ 
 
អ្នកសេដ្ឋកិច្ចស្រាវជ្រាវ Ned Davis បាននិយាយនៅក្នុងកំណត់ត្រាមួយថា ៖ «នេះឆ្លុះបញ្ចាំងថា លទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរនៅឆ្នាំ ២០២៣ កំពុងកើនឡើង »។
នៅពេលដែលធនាគារកណ្តាលនៅជុំវិញពិភពលោក បង្កើនកិច្ចខិតខំប្រឹងប្រែង នាំយកអតិផរណាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងនេះ អ្នកសេដ្ឋកិច្ច និងវិនិយោគិន មានការព្រួយបារម្ភកាន់តែខ្លាំងឡើង។
 
តាមការស្ទង់មតិថ្មីៗនេះ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អ្នកសេដ្ឋកិច្ចចំនួន ៧នាក់ក្នុងចំណោម ១០នាក់ បានគិតថា សេដ្ឋកិច្ចពិភពលោកទំនងជាធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ អ្នកជំនាញទាំងនោះ បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ហើយបាននិយាយថា ការព្យាយាមកាត់បន្ថយអតិផរណា នឹងធ្វើឱ្យប្រាក់ឈ្នួលបន្តធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយ។
 
ជាមួយគ្នានេះ តម្លៃស្បៀងអាហារ និងថាមពលកើនឡើង មានការព្រួយបារម្ភថា តម្លៃនៃការរស់នៅខ្ពស់អាចនាំឱ្យមានភាពចលាចលក្នុងសង្គម នៅក្នុងប្រទេសជាច្រើន។ ៧៩ភាគរយនៃអ្នកជំនាញ ដែលត្រូវបានស្ទង់មតិដោយ WEF រំពឹងថា ការកើនឡើងតម្លៃនឹងបង្កឱ្យមានភាពចលាចលក្នុងសង្គម នៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប។ ២០ភាគរយ គិតថាអស្ថិរភាពស្រដៀងគ្នានឹងកើតឡើង នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
 
អ្នកវិនិយោគជាច្រើនមានគំនិតទុទិដ្ឋិនិយម ជុំវិញការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនសកល។ កាលពីសប្តាហ៍មុន សន្ទស្សន៍ Dow Jones នៃភាគហ៊ុនអាម៉េរិក បានធ្លាក់ចូលក្នុងស្ថានភាពទីផ្សារដាំក្បាលចុះជាលើកដំបូង ចាប់តាំងពីខែមីនាឆ្នាំ ២០២០។
 
វិនិយោគគិនដ៏ល្បីល្បាញមួយរូបលោក Stanley Druckenmiller បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយព័ត៌មាន CNBC នៅថ្ងៃទី ២៨ កញ្ញាថា ៖ «សេណារីយ៉ូចម្បងរបស់យើង គឺជាការចុះចតយ៉ាងលំបាកមុនដំណាច់ឆ្នាំ ២០២៣ ហើយខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ប្រសិន​បើ​វិបត្តិ​សេដ្ឋកិច្ច​មិន​កើត​ឡើង​នៅ​អាម៉េរិក​ក្នុង​ឆ្នាំ ២០២៣»។
សូម្បីតែមន្ត្រីធនាគារកណ្តាលអាម៉េរិក (Fed) ក៏ទទួលស្គាល់ថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងកើនឡើងផងដែរ៕
 

Tag:
 សេដ្ឋកិច្ចពិភពលោក អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com