កីឡាអន្តរជាតិ
អន្តរជាតិ
Foden ផ្តួល Messi ក្លាយជាកីឡាករវ័យក្មេងបំផុត រកបាន៥០គ្រាប់ក្រោមការដឹកនាំរបស់ Pep
03, Oct 2022 , 4:59 pm        
រូបភាព
Phil Foden ប្រជែងឈ្នះ Lionel Messi ក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចរកស៊ុតបញ្ចូលទីបានរហូតដល់ ៥០គ្រាប់ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយរូបគេ រកបាន៣គ្រាប់ Hat-trick ជួយ Manchester City ឈ្នះ Manchester United ៦-៣ នាជំនួប Manchester Derby នៅថ្ងៃទី២ ខែតុលា។



ក្រុមម្ចាស់ផ្ទះ Man City ទទួលបានលទ្ធផលដ៏សមប្រកបមួយក្នុងទឹកដី Etihad ដោយឈ្នះលើក្រុមភ្ញៀវ Man United ដល់ទៅ ៦-៣ នៃការប្រកួតសប្តាហ៍ទី៨ របស់ Premier League។ ក្នុងជំនួបនេះទាំង Phil Foden និង Erling Haaland អាចស៊ុតបានគ្រាប់បាល់ Hat-trick ទាំងពីរនាក់ ខណៈដែល ៣គ្រាប់តាមពីក្រោយដោយបិសាចក្រហមធ្វើបានដោយកីឡាករ Antony និង Anthony Martial ស៊ុត២គ្រាប់ម្នាក់ឯង។
 
ក្រោយ Foden ធ្វើបានគ្រាប់បាល់ Hat-trick ពេលប៉ះ Man United បានន័យថា រូបគេបានរកគ្រាប់បាល់ទី៥០ របស់ខ្លួនឱ្យ Man City ត្រឹមវ័យ ២២ឆ្នាំ និង ១២៧ថ្ងៃ ជាកំណត់ត្រាដ៏លឿនមួយសម្រាប់ក្រុម ក៏ដូចជាកំណត់ត្រាកីឡាករដែលស្ថិតក្រោមការដឹកនាំរបស់លោក Gaurdiola 
 
Foden រកបានគ្រាប់ទី៥០ រូបគេផ្តួលខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលបច្ចុប្បន្នកំពុងលេងឱ្យ Paris Saint Germain ដោយ Messi កាលនៅជាកូនក្រុមលោក Gaurdiola រូបគេរកបាន ៥០គ្រាប់ដំបូងក្នុងវ័យ ២២ឆ្នាំ និង ១៦៤ថ្ងៃ នៅ Barcelona។
 
តែទោះជាយ៉ាងណាអំឡុងពេលលោក Pep Gaurdiola នៅដឹកនាំ Barcelona ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ នាពេលបច្ចុប្បន្ន ធ្លាប់បានបង្ហាញខ្លួនឱ្យ Barcelona ៤រដូវកាលរួចមកហើយ មុនពេលលោក Pep ចូលមកដល់រដូវកាល ២០០៨-0៩។ ចំណែក ​Foden គឺចាប់ផ្តើមនៅក្រុម Man City ក្រោមការដឹកនាំរបស់ Pep តែម្តង។
 
បើធៀបទៅ Messi ខ្សែប្រយុទ្ធក្មេង Foden រកបានគ្រាប់ទី៥០ របស់គេដំបូងនេះគឺរូបគេបានប្រើពេលវេលាជាង ៥រដូវកាលរួចមកហើយដើម្បីសម្រេចកំណត់ត្រានេះ ប៉ុន្តែ Messi ប្រើពេលត្រឹមរយៈពេល ២រដូវកាលប៉ុណ្ណោះ ដើម្បីសម្រេចគ្រាប់បាល់ទី ៥០របស់គេក្រោមការដឹកនាំលោក ​Pep Guardiola។
 
សូមជម្រាបថា ក្រោយយកឈ្នះលើគូប្រកួតដែលជាក្រុមក្នុងទីក្រុងតែមួយរួចមក Man City រកបាន៣ពិន្ទុបន្ថែម ហើយឈរលេខ២ បន្តដេញតាម Arsenal ដែលឈ្នះកំពូលតារាងជាមួយ ២១ពិន្ទុក្នុងដៃ។ Tottenham Hotspur ឈរលេខ៣ ជាមួយ ១៧ពិន្ទុ Brighton ឈរលេខ៤ មាន១៤ពិន្ទុ លេខ៥ Chelsea និងលេខ៦ Man United៕
 
 

Tag:
 Phil Foden
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com