កីឡាអន្តរជាតិ
អន្តរជាតិ
Perez ឈ្នះនៅសិង្ហបុរី តែ Verstappen ត្រៀមលើកពាន F1 ជាលើកទី២
03, Oct 2022 , 7:29 pm        
រូបភាព
Sergio Perez ដែលបើកបរឱ្យក្រុម Red Bull ដណ្តើមបានជ័យជម្នះនៅការប្រណាំងរថយន្ត Formula One ក្នុងកម្មវីធី Singapore Grand Prix ប្រទេសសិង្ហបុរី។ ម្ចាស់ការពារតំណែងជើងឯក Max Verstappen ត្រៀមខ្លួនដើម្បីលើកពាន F1 រដូវកាលនេះ និងជាលើកទី២ក្នុងអាជីព បើទោះបញ្ចប់នៅចំណាត់ថ្នាក់ទី៧ ក្នុងការប្រណាំងនៅទីលានទី១៧នេះក្តី។

 
នាការប្រណាំងនៅទីលានទី ១៧ រដូវកាល ២០២២-២៣ នៅថ្ងៃទី២ ខែតុលា អ្នកប្រណាំងម៉ិកស៊ិក Perez បានសម្រេចទីមុនគេដោយប្រើថេរវេលា ២ម៉ោង ២នាទី និង២០វិនាទី។ Charles Leclerc ដែលបើកបរឱ្យ Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Carlos Sainz មិត្តរួមក្រុម Ferrari បានលេខ៣។ ដោយឡែក Verstappen បញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៦។
 
Verstappen បានកើន៦ពិន្ទុបន្ថែម ដែលធ្វើឱ្យរូបគេកើនគម្លាតពិន្ទុនាំមុខដាច់ក្នុងតារាង F1 ចំនួន១០៤ពិន្ទុ។ ឆ្លងកាត់ការប្រណាំង១៧លើក អ្នកប្រណាំងសញ្ជាតិហូឡង់របស់បាន ៣៤១ពិន្ទុ ខណៈ Leclerc ស្ថិតនៅលេខ២ រកបាន​២៣៧ពិន្ទុ និង Perez នៅលេខ៣មាន២៣៥ពិន្ទុ។
 
ស្របពេលការប្រកួតនៅសល់៥លើកទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ ហើយ Verstappen នាំមុខដល់ទៅជាង១០០ពិន្ទុ ត្រូវបានគេមើលឃើញថា ម្ចាស់ការពារជើងឯករូបនេះ នឹងឈ្នះពាន F1 រដូវកាលនេះនិងជាលើកទី២ក្នុងអាជីពរបស់គេ។ ការប្រណាំងនៅទីលានបន្ទាប់ក្នុងប្រទេសជប៉ុន ទំនងជាដឹងថា Verstappen ជាជើងឯកឆ្នាំ២០២២នេះ។
 
ផ្នែកគ្រឿងម៉ាស៊ីនវិញ ទាំង Verstappen និង​ Perez បានជួយ Red Bull នាំមុខដាច់ក្នុងតារាង F1 ផងដែរ ដោយលើសពិន្ទុក្រុមលេខ២ Ferrari ដល់ទៅ១៣៧ពិន្ទុ។ Red Bull រកបានពិន្ទុសរុបបណ្តោះអាសន្ន ៥៧៦ពិន្ទុ ខណៈ Ferrari រកបាន៤៣៩ពិន្ទុ។ Mercedes ឈរលេខ៣មាន៣៧៣ពិន្ទុ។ តាមរយៈពិន្ទុនេះ Red Bull មានភាគរយច្រើនលើសលុប ដើម្បីគ្រងជើងឯកផ្នែកគ្រឿងម៉ាស៊ីនរដូកាល២០២២នេះដូចគ្នា៕
 

Tag:
 Formula One
  Max Verstappen
© រក្សាសិទ្ធិដោយ thmeythmey.com