អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋអឺរ៉ុប៩ គាំទ្រការចូលជាសមាជិកណាតូរបស់អ៊ុយក្រែន
03, Oct 2022 , 5:29 pm        
រូបភាព
ដោយ:
ពីរថ្ងៃបន្ទាប់អ៊ុយក្រែនដាក់ពាក្យចូលជាសមាជិកណាតូផ្លូវការ មេដឹកនាំរដ្ឋសមាជិកណាតូ៩ នៅថ្ងៃទី២ ខែតុលាចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយគាំទ្រសមាជិកភាពរបស់ប្រទេសហែកហួរដោយសង្រ្គាមមួយនេះ។ សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង៩មិនទទួលស្គាល់ការលេបទឹកដីអ៊ុយក្រែនរបស់រុស្ស៊ីទេ។

 
ប៉ុន្មានម៉ោងក្រោយរុស្ស៊ីប្រកាសបញ្ចូលតំបន់៤នៅអ៊ុយក្រែនជាទឹកដីខ្លួន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី​ នៅថ្ងៃទី៣០ ខែកញ្ញាចុះហត្ថលេខាលើពាក្យចូលជាសមាជិកសម្ព័ន្ធយោធាណាតូជាផ្លូវការដោយប្រើប្រាស់មធ្យោបាយរហ័ស។ បើតាមមាត្រា១០នៃធម្មនុញ្ញណាតូ ដើម្បីក្លាយជាសមាជិកណាតូ ទាមទារការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋណាតូទាំង៣០ ហើយជាធម្មតានីតិវិធីមានច្រើនដំណាក់កាល ហើយត្រូវការរយៈពេលយូរ។ 
 
ក្នុងដំណើរពន្លឿនសមាជិកភាពនេះ មេដឹកនាំសាធារណរដ្ឋឆែក អេស្តូនី ឡេតូនី លីទុយអានី ម៉ាសេដ្វានខាងជើង ម៉ុងតេណេហ្រ្គោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ដែលសុទ្ធសឹងជាសមាជិកណាតូផង បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រអ៊ុយក្រែន ក៏ដូចជាថ្កោលទោសរុស្ស៊ីជុំវិញការលេបទឹកដីអ៊ុយក្រែនប្រមាណ១៥ភាគរយផងដែរ។ 
 
«យើងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តនៅកិច្ចប្រជុំកំពូលណាតូកាលពីឆ្នាំ២០០៨នាទីក្រុងប៊ុយការ៉េសពាក់ព័ន្ធនឹងអនាគតសមាជិកភាពរបស់អ៊ុយក្រែន»។ មេដឹកនាំអឺរ៉ុបទាំង៩នាក់បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍រួមមួយ។​ 
 
តាមពិតទៅ អ៊ុយក្រែនចង់ចូលជាសមាជិកណាតូជាយូរមកហើយ ប៉ុ​ន្តែត្រូវបានច្រានចោលដោយណាតូកាលពីឆ្នាំ២០០៨។​ សេចក្តីសម្រេចនេះធ្វើឡើងក្រោមហេតុផលថា អ៊ុយក្រែនមិនទាន់បំពេញតាមលក្ខខណ្ឌនយោបាយ។ ប៉ុន្តែដោយមិនកំណត់កាលបរិច្ឆេទជាក់លាក់ សម្ព័ន្ធយោធាដែលនាំមុខដោយអាម៉េរិកនេះសន្យានឹងផ្តល់សមាជិកភាពដល់អ៊ុយក្រែននៅពេលណាមួយ។
 
ម៉្យាងវិញទៀត រដ្ឋាភិបាលក្រុងមូស្គូកន្លងមកអះអាងថា ការចូលណាតូរបស់អ៊ុយក្រែនដែលជាអតីតរដ្ឋរណបសូវៀត​ ជាការគំរាមដល់សន្តិសុខរុស្ស៊ី ហើយនេះក៏ជាហេតុផលដែលក្រុងមូស្គូធ្វើប្រតិបត្តិការយោធាពិសេសនៅទឹកដីអ៊ុយក្រែនផងដែរ។ បើសិនអ៊ុយក្រែនក្លាយជាសមាជិកណាតូផ្លូវការ រឿងនេះនឹងបណ្តាលឱ្យសម្ព័ន្ធយោធាលោកខាងលិចធ្លាក់ក្នុងសង្រ្គាមជាមួយរុស្ស៊ីដោយផ្ទាល់តែម្តង។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ NBC អគ្គរដ្ឋលេខាធិការណាតូ លោក Jens Stoltenberg ថ្លែងថា អ៊ុយក្រែនត្រូវបានស្វាគមន៍ឱ្យដាក់ពាក្យចូលណាតូដែលអាស្រ័យលើការយល់ព្រមពីរដ្ឋសមាជិកទាំង៣០។ ប៉ុន្តែ ណាតូមិនមែនជាភាគីជម្លោះទេ ដោយគ្រាន់តែជាអង្គការផ្តល់ការផ្គត់ផ្គង់ទៅអ៊ុយក្រែនដែលជារដ្ឋឯករាជ្យដើម្បីការពារខ្លួនប៉ុណ្ណោះ។ 
 
យ៉ាងណាមិញ លោក ហ្សេលេនស្គី សង្ឃឹមថា ពាក្យចូលជាសមាជិករបស់អ៊ុយក្រែននឹងអាចដំណើរការលឿនដូចហ្វាំងឡង់ និងស៊ុយអែត។ ប៉ុន្តែអ្នកជំនាញមួយចំនួនលើកឡើងថា វានឹងអាចចំណាយពេលជាច្រើនខែ ពីព្រោះអ៊ុយក្រែនមិនមែនជាប្រទេសគ្មានសង្រ្គាមដូចរដ្ឋអឺរ៉ុបទាំងពីរនេះឡើយ។ 
 
ក្រៅពីនេះ ក្នុងសេចក្តីថ្លែងការណ៍ដដែលប្រកាសថា បណ្តាប្រទេសណាតូខាងលើនេះនឹងគ្មានថ្ងៃទទួលស្គាល់ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការលេបទឹកដីអ៊ុយក្រែនណាមួយទេ ហើយក៏បានជំរុញរដ្ឋសមាជិកដទៃទៀតបង្កើនជំនួយយោធាទៅអ៊ុយក្រែនជាបន្ទាន់ផងដែរ៕
 
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com