ជាតិ
ពលរដ្ឋ ៣ម៉ឺននាក់ បានចូលរួមពិធីបុណ្យអុំទូកនៅខេត្តឧត្តរមានជ័យ
03, Oct 2022 , 10:59 pm        
រូបភាព
ទិដ្ឋភាពពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ខេត្តឧត្ដរមានជ័យ។ រូបភាព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ
ទិដ្ឋភាពពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ខេត្តឧត្ដរមានជ័យ។ រូបភាព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ
ដោយ:
ប្រជាពលរដ្ឋប្រមាណ ៣ម៉ឺននាក់់ បាននាំគ្នាទៅលេងកម្សន្តនៅក្នុងពិធីបុណ្យអុំទូកខេត្តឧត្ដរមានជ័យ។ នេះបើតាមលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ។


រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធពិធីបុណ្យអុំទូកឡើងវិញ កាលពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា នៅបឹងស្នោរបរិវេណសួនច្បារផ្លូវភ្លោះ មុខសាលាខេត្តឧត្ដរមានជ័យ ដើម្បីបង្កើតភាពរីករាយជូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា។


ទិដ្ឋភាពពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ខេត្តឧត្ដរមានជ័យ។ រូបភាព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ
 
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៣ម៉ឺននាក់ បានមើលកីឡាករប្រណាំងទូក ចំនួន ៩គូ។ លោក ឌី រ៉ាដូ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ៣តុលាបែបនេះ៖«ទូកកីឡាករដែលបានជ័យលាភីលេខ១ ទទួលបានពាន និងថវិកា ១២លានរៀល, លេខ២ បានថវិកា ៥លានរៀល និងលេខ៣ ទទួលបាន ២លានរៀល»។
 
អភិបាលរងខេត្តរូបនេះ បានបន្តថា ក្រៅពីការប្រណាំងទូក ក៏មានការប្រគំតន្ត្រីរបស់ផលិតកម្មហង្សមាស និងមានកន្លែងលេងកម្សាន្តជាច្រើនទៀត។លោកបន្តថា ទោះបីមានប្រជាពលរដ្ឋទៅលេងកម្សាន្តយ៉ាងច្រើនកុះករមែន ប៉ុន្តែលោកសង្កេតឃើញថាប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារបានខ្ពស់ជុំវិញការឆ្លងនៃជំងឺកូវីដ-១៩។
 
លោក រ៉ាដូ បានបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ដូស និងអ្នកខ្លះ បានពាក់ម៉ាស លាងដៃនឹងអាល់កុលបានជាប់ខ្ជួន ដូច្នេះមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដនោះទេ៕


 

Tag:
 ខេត្តឧត្តរមានជ័យ
  បុណ្យអ៊ុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com